ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ប្រកាសកាលពីថ្ងៃទី១៥ តុលា ពីផែនការមួយដែលគ្រោងរក្សាទុកទាហានអាេមរិក៥.៥០០នាក់នៅអាហ្វហ្គានីស្ថានរហូតដល់ឆ្នាំ២០១៧ និងពីការរក្សាទុកទាហាន៩.៨០០នាក់ ដែលមានវត្តមាននាពេលបច្ចុប្បន្នក្នុងឆ្នាំ២០១៦ ។
អមដោយអនុប្រធានាធិបតី លោក JOE BIDEN រដ្ឋមន្ត្រីការពារប្រទេសលោក ASH CARTER និងនាយសេនាធិការកងទ័ពចម្រុះឧត្តមសេនីយ៍ JOSEPH DANFORD លោកអូបាម៉ា ថ្លែងនៅសេតវិមានថា ទីមួយខ្ញុំសម្រេចរក្សាទុកចំនួនទាហានបច្ចុប្បន្ន៩.៨០០នាក់ នៅអាហ្វហ្គានីស្ថានសម្រាប់ផ្នែកយ៉ាងធំនៃឆ្នាំ២០១៦ ។
លោកអូបាម៉ា គូសបញ្ជាក់ថា កងទ័ពអាហ្វហ្គានីស្ថានទទួលបានជោគជ័យនានា ក៏ប៉ុន្តែកងទ័ពនេះនៅពុំទាន់រឹងមាំនៅឡើយ ។ ប្រធានាធិបតីអាមេរិកក៏ព្រមានផងដែរពីប្រការដែលក្នុងតំបន់នានារបស់អាហ្វហ្គានីស្ថានសភាពការណ៍សន្តិសុខនៅតែផុយស្រួយខ្លាំងនៅឡើយ ។
លោកអូបាម៉ា បន្តថា ទីពីរខ្ញុំសម្រេចថា ក្រៅពីធ្វើឱ្យស្ថានទូតអាមេរិកមានដំណើរការធម្មតានៅក្រុងកាប៊ុល ក្រោយដំណាច់ឆ្នាំ២០១៦ យើងនឹងរក្សាទុកទាហាន៥.៥០០នាក់ នៅអាហ្វហ្គានីស្ថាន ។ លោកពន្យល់ថា កងទាហានអាេមរិកនៅអាហ្វហ្គានីស្ថាននៅតែផ្តោតលើការបណ្តុះបណ្តាលកងទាហានអាហ្វហ្គានីស្ថាន ហើយចូលរួមធ្វើប្រតិបត្តិការប្រឆាំងពួកភេរវករ ពិសេសវាយប្រហារពួកអាល់កៃដា ។
ទីបីយើងនឹងធ្វើការជាមួយបណ្តាសម្ព័ន្ធមិត្ត ព្រមទាំងបណ្តាដៃគូដែលរក្សាទុកវត្តមានរបស់ពួកគេផ្ទាល់នៅអាហ្វហ្គានីស្ថានដែរ ក្រោយឆ្នាំ២០១៦ ។ ម្យ៉ាងទៀត សហរដ្ឋអាេមរិកនឹងបន្តផងដែរ ជួយទ្រទ្រង់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការបន្តការកែទម្រង់ ។
ការសម្រេចចិត្តកាលពីថ្ងៃទី១៥ តុលា របស់លោកអូបាម៉ា គឺផ្ទុយនឹងការសន្យារបស់លោកពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលថា លោកនឹងដកកងទាហានអាេមរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថានមុនពេលលោកចាកចេញពីតំណែងនាខែមករា ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ