ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ ៖ នាំដល់ការលក់បន្លែ ត្រី សាច់ រីកដុះដាលតាមផ្លូវដើម្បីជួយគ្នា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការបិទខ្ទប់បានធ្វើឲ្យពលរដ្ឋជាទូទៅបានជួបការលំបាកនៅក្នុងការទិញម្ហូបអាហារប្រចំាថ្ងៃ នៅកន្លែងខ្លះ ពលរដ្ឋបានចាប់របរលក់បន្លែ ត្រីសាច់ នៅមុខផ្ទះរបស់ខ្លួនដោយចៃដន្យគ្មានគំនិតពីមុខមកថា នឹងបើកតូបលក់បន្លែ លក់ត្រី សាច់នោះឡើយ…

រាជធានីភ្នំពេញ ៖ ការបិទខ្ទប់បានធ្វើឲ្យពលរដ្ឋជាទូទៅបានជួបការលំបាកនៅក្នុងការទិញម្ហូបអាហារប្រចំាថ្ងៃ នៅកន្លែងខ្លះ ពលរដ្ឋបានចាប់របរលក់បន្លែ ត្រីសាច់ នៅមុខផ្ទះរបស់ខ្លួនដោយចៃដន្យគ្មានគំនិតពីមុខមកថា នឹងបើកតូបលក់បន្លែ លក់ត្រី សាច់នោះឡើយ ។ អ្នកផ្តើមលក់បន្លែ ត្រីសាច់ខ្លះនិយាយថា ខ្លួនគ្មានបំណងរកទទួលទានលើមុខរបរនេះទេ ប៉ុន្តែបានដាក់លក់បន្លែ ត្រី សាច់ ក្នុងពេលនេះ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋក្នុងសហគមន៍ខ្លួនប៉ុណ្ណោះ ។

អ្នកស្រី គន្ធា ដែលមានរបរលក់កាហ្វេនៅមុខផ្ទុះ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅឲ្យដឹងថា អ្នកស្រីបានដាក់បន្លែនៅមុខផ្ទះរបស់ខ្លួន បន្ថែមលើការលក់កាហ្វេ បានជាងមួយសប្តាហ៍ហើយ ។ អ្នកស្រីថា គ្មានបំណងចាប់យករបរលក់បន្លែនេះទេ ប៉ុន្តែដោយសារឃើញពលរដ្ឋនៅក្នុងសហគមន៍ មានការលំបាក និងជ្រួលច្របល់ពីបញ្ហាស្បៀងអាហារនេះខ្លំាងពេក អ្នកស្រីបានផ្តើមលក់បន្លែដោយពីដំបូងមានបន្លែពីរបីមុខប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានពង្រីកច្រើនមុខឡើង ។ «លក់ដាច់ណាស់ បងប្អូនមកទិញអស់ៗ ។ ខ្ញុំលក់មិនយកចំណេញអីទេ គ្រាន់បានរួចថ្លៃដឹកជញ្ជួនប៉ុណ្ណោះ មែនទែនទៅចង់ជួយគ្នានៅពេលលំបាកនេះប៉ុណ្ណោះ ។ ដោយសារខ្ញុំមានលទ្ធភាពអាចចេញទៅផ្សារបានស្រួលជាងពលរដ្ឋដទៃទៀត ដូច្នេះក៍លក់របស់បន្តិចបន្តួចគ្រាន់បានបងប្អូនអ្នកជិតខាងគាតទិញយកទៅហូប» អ្នកស្រី គន្ ធានិយាយដោយមុខញ្ញញឹម ។

ត្រកូន ត្រសក់ ត្រឡាច ស្បៅ និងបន្លែជាច្រើនទៀត បានតម្រៀបនៅលើគ្រែតូចមួយ យូរៗម្តងអ្នកស្រីគន្ធា បានយកទឹកទៅប្រោះលើបន្លែទំាងនោះដើម្បីកុំឲ្យវាក្រៀម។ នៅក្បែរនោះមានសាច់មាន់ពីបូនក្បាល និងសាច់ជ្រូកបីបួនកីឡូក្រាមផង។ “ខ្ញុំលក់មួយមុខបន្តិច មួយមុបន្តិច។ ដោយសារខ្ញុំលក់កាហ្វេ ខ្ញុំបានសូមលិខិតធ្វើដំណើរពីអាជ្ញាធរដូច្នេះវាមានភាពងាយស្រួល សម្រាប់ខ្ញុំក្នុងការចេញទៅយកបន្លែទំាងអស់នេះមកលក់។ ខ្ញុំទៅទទួលពីគេយកពីស្រុកគគីខេត្តកណ្តាល មកលក់បន្ត គេដឹកមកបោះដុំនៅក្បែវត្តច្បារអំពៅ ហើយខ្ញុំយកមកលក់បន្ត”។

ជាអ្នកលក់អាហារពេលព្រឹក មានបាយ បបរ បច្ចុប្បន្នគាត់លក់បន្លែ និងសាច់ថែមមួយមុខទៀត ។ អ្នកស្រី មុំ កំពុងមមាញឹកនៅក្នុងការលក់អាហារខ្ចប់ តែគាត់បានបន្ថែមកូនតុមួយដើម្បីលក់បន្លែ ផ្លែឈើខ្លះៗបន្ថែមទៀត ។ អ្នកស្រី ថា ការលក់បន្លែនេះគ្មានការគ្រោងទុកនោះឡើយដោយសារម៉ូយទិញអាហារពេលព្រឹករបស់អ្នកស្រី ទទួចឲ្យគាត់លក់បន្លែ និងសាច់ ដោយសារពួកគាត់ពិបាកធ្វើដំណើរចេញទៅទិញ ។ «ខ្ញុំអាចធ្វើដំណើរទៅផ្សារទិញសាច់ បន្លែមកធ្វើបាយលក់ ដូច្នេះគេទិញលើសតម្រូវការបន្តិច មកលក់ចែកគ្នា ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកមកទិញច្រើនឡើងហើយចេះតែយកមកថែមទៀត» អ្នកស្រី មុំ និយាយទំាងរីករាយ ។

មិនថាអ្នកស្រី មុំ និងអ្នកលក់ពីខាងលើនោះទេ ទោះបីជាពួកគាត់អះអាងថាលក់បន្លែនៅពេលដាច់យ៉ាងណាក្តី តែពួកគាត់ថា មិនចាប់របរលក់បន្លែ ត្រី សាច់នេះបន្តទេ នៅពេលអាជ្ញាធរឈប់បិទខ្ទប់ទីក្រុងនោះ ។ អ្នកស្រី គន្ធា និយាយថា នៅតំបន់គាត់រស់នៅមានផ្សារទំនើប និងផ្សារលក់លក់បន្លែធម្មជាតិជាច្រើន នៅពេលបញ្ចប់ការបិទខ្ទប់ពលរដ្ឋនៅក្នុងសហគមន៍គាត់ នឹងមិនទិញការលក់ដូរតាមចិញ្ចើមផ្លួវទៀតនោះទេ ពលរដ្ឋទិញរបស់គាត់នៅពេលនេះដោយសារពិបាកធ្វើដំណើរ និងដោយសារការផ្គត់ផ្គង់ពីផ្សារទំនើបៗមិនគ្រប់តែប៉ុណ្ណោះ ។

អាហារបានក្លាយជាបញ្ហាធំមួយនៅពេលអាជ្ញាធរបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ ១៩ ។ ក្រៅពីពលរដ្ឋជាច្រើនបានបានបង្កើតការលក់បន្លែ ត្រីសាច់ ដោយមិនបានគ្រោងទុកដើម្បីជួយសម្រួលការលំបាកនៅក្នុងការស្វែងរកអាហារ និងស្បៀងនោះ ក្រសួងរបស់រដ្ឋមានក្រសួងពាណិជ្ជកម្ម និងស្ថាប័នខ្លះទៀត បានបង្កើតស្តង់លក់អង្ករ លក់គ្រឿងឧបភោគបរិភោគ តាមសហគមន៍នានាដែលពលរដ្ឋពិបាកធ្វើដំណើរចេញចូល ពិសេសនៅក្នុងតំបន់ក្រហមជាដើមនោះ ។ ក្រសួងពាណិជ្ជបានរៀបចំស្តង់លក់ចំនួន ១១ ស្តង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអន ឡាញ (shop.moc.gov.kh) សម្រាប់លក់ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញតែម្ដង ។

ជាមធ្យម ក្រសួងបានលក់បានអង្ករ ២១៨ បាវ មីជាតិជាង ៦០០កេស, ទឹកត្រី ១៤៨យួរ, ទឹកស៊ីអុីវ ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ ១១៥គីឡូក្រាម និងសាច់ក្រក ១៣គីឡូក្រាម ។ ចំណែកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៍បានចាប់យុទ្ធនាការលក់សាច់ជ្រូក ពង់មាន់ សាច់មាន់ ក្នុងតម្លៃទាបជូនដល់ប្រជាពលរដ្ឋដែលកុំពុងខ្វះខាតនៅក្នុងតំបន់រាំងខ្ទប់ផងដែរ ៕