រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យវេលាម៉ោង៨យប់ស្អែក កីឡាករជើងខ្លាំង និងល្បីឈ្មោះរបស់កម្ពុជា២រូបគឺ អ៊ុង វិរៈ និង ផន ផល្លា នឹងត្រូវឡើងប្រកួតជាមួយកីឡាករថៃនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ នេះជាការប៉ះគ្នានៅក្នុងព្រឹត្តិការណ៍អន្តរជាតិដែលមានឈ្មោះថា «កំពូលអ្នកប្រដាល់របស់ស្រាបៀរBlack Cat» ដែលមានការរំពឹងយ៉ាងខ្លាំងថានឹងមានអ្នកគាំទ្រកកកុញដោយសារតែវត្តមានរបស់កីឡាករកម្ពុជា និងថៃសុទ្ធតែល្អ។
យ៉ាងហោចជាងពាក់កណ្ដាលអ្នកស្នេហាការប្រដាល់បានបង្ហាញចំណាប់អារម្មណ៍ចំពោះការប្រដាល់នេះ បន្ទាប់ពីមានការប្រកាសថាកីឡាករទម្ងន់ធ្ងន់អ៊ុង វិរៈ និងផន ផល្លា ត្រូវឡើងប្រកួតជាមួយកីឡាករថៃ ។ ការប្រកួតអន្តរជាតិនៅលើសង្វៀនស្រាបៀរប្លេកខេតនោះត្រូវគេកត់សម្គាល់ថា រមែងបង្ហាញខ្លួនដោយវត្តមានកីឡាករខ្លាំងៗទាំងភាគីកម្ពុជា ទាំងភាគីថៃ ។ អញ្ចឹងហើយទើបការប្រកួតអន្តរជាតិដែលបានធ្វើឡើងរមែងទទួលបានអ្នកទស្សនាកកកុញនៅរៀងរាល់២សប្ដាហ៍ម្ដង ។ អ្នករៀបចំការប្រកួតលោកញាណ សុធី បានអះអាងថា វត្តមានកីឡាករថៃដែលមកប្រកួតជាមួយកីឡាករកម្ពុជាទាំង២ គឺជាជើងខ្លាំងដែលមានប្រវត្តិ និងស្នាដៃលេចធ្លោនៅលើសង្វៀន។ លោកហាក់រំពឹងថា កីឡាករកម្ពុជានឹងតស៊ូដោយពិបាក និងមិនងាយស្រួលនោះទេ សម្រាប់ការប្រកួតនៅវេលាយប់ស្អែក ។ ក្នុងនោះលោកក៏អះអាងថា កីឡាករថៃដែលជាគូប្រកួតរបស់កីឡាករកម្ពុជាសុទ្ធតែមានតម្លៃខ្លួនខ្ពស់បង្ហាញយ៉ាងច្បាស់ថា ថ្វីដៃរបស់ពួកគេគឺពិតជាមិនធម្មតា ។
កីឡាករអ៊ុង វិរៈ មកពីក្លិបកងទ័ពឆត្រយោង៩១១ ត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះយ៉ង យ៉ុនឡេក ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម និងកីឡាករផន ផល្លា មកពីក្លិបតាព្រហ្មមានជ័យ ត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះផា រ៉ាវី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករថៃទាំង២ មិនមានការបញ្ជាក់ឲ្យដឹងពីប្រវត្តិនៅលើសង្វៀនឲ្យបានដឹងច្បាស់នោះទេ ដោយគ្រាន់តែមានការប្រកាសថាអ្នកទាំងពីរគឺជាកីឡាករល្អដែលអាចធ្វើព្យុះធ្វើភ្លៀងជាមួយកីឡាករអ៊ុង វិរៈ និងកីឡាករផន ផល្លា បាន ។
លោកថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួតបានបញ្ជាក់ថា កីឡាករយ៉ង យ៉ុនឡេក គូប្រកួតកីឡាករអ៊ុង វិរៈ គឺជាជើងខ្លាំងម្នាក់ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេសថៃ ដោយវត្តមានរបស់គេគឺទម្រាំតែអាចយកមកប្រកួតនៅយប់ស្អែកបាន ត្រូវដាក់សំណើពីចម្ងាយ និងច្រើនអន្លើខុសពីវត្តមានកីឡាករផ្សេង ។ លោកនិយាយថា៖ «អាយ៉ុនឡេកហ្នឹងនៅថៃខ្លាំង ខ្ញុំអត់ដឹងថា វាធ្លាប់ប្រកួតប៉ុន្មានដងនោះទេ ប៉ុន្តែវាល្បីណាស់នៅថៃ គឺល្បីយូរមកហើយ។ ខ្ញុំថាការប្រកួតនៅយប់ស្អែកហ្នឹង អ៊ុង វិរៈគឺពិតជាពិបាកទប់!»។ ទោះជាបានទទួលស្គាល់ថា កីឡាករកម្ពុជាមានភាពអំណោយផលត្រង់កែង ម៉ាត់ និងទាត់ ដោយសារតែគេមានកម្ពស់ខ្ពស់ និងដៃជើងវែងៗ ក៏អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះ នៅតែប្រាកដថាកីឡាកររបស់ខ្លួននឹងអាចធ្វើឲ្យព្រឹត្តិការណ៍ «កំពូលអ្នកប្រដាល់របស់ស្រាបៀរBlack Cat » យប់ស្អែក កក្រើកនិងមានការគាំទ្រខ្លាំង ។ លោកថា កីឡាករ យ៉ង យ៉ុនឡេក មានសមត្ថភាពល្អត្រង់ចំណុចដែលអ៊ុង វិរៈពូកែដូចគ្នា អញ្ចឹងហើយទើបលោកមានជំនឿដោយមុតមាំថា កីឡាករកម្ពុជានឹងមិនងាយស្រួលសម្រាប់ការប៉ះគ្នានៅយប់ស្អែកនោះឡើយ ។ យ៉ាងណាក៏ដោយលោកមិនហ៊ានជឿថាកីឡាករខ្លួននឹងស៊ីអ៊ុង វិរៈ១០០%នោះទេ ដោយគ្រាន់តែព្យាករថា ជំនួបរបស់ពួកគេនឹងតានតឹងរៀងខ្លួននៅលើសង្វៀនដែលរៀបចំដោយស្រាបៀរប្លេកខេតនោះតែប៉ុណ្ណោះ ។
ដោយឡែកចំពោះកីឡាករផន ផល្លា និងកីឡាករ ផា រ៉ាវី វិញ លោកថៃ អ៊ូ ហាក់មានទំនុកចិត្តខ្លាំងជាងថា កីឡាកររបស់ខ្លួនទទួលជ័យជម្នះ ។ លោកថា កីឡាករថៃគូនេះមានប្រៀបល្អជាងកីឡាករកម្ពុជាត្រង់វ័យ និងកម្លាំងស៊ុហ្វ ។ គាប់ជួនជាថ្វីដៃរបស់ពួកគេមិនស៊ីសងគ្នាបូករួមទាំងបច្ចេកទេសក៏មិនលើសខ្វះគ្នាផងនោះ លោកថា កីឡាករថៃពិតជាអាចស៊ីផន ផល្លាសម្រាប់ការប្រកួត ។ ទោះជាកីឡាករកម្ពុជាល្បីឈ្មោះមុន និងមានប្រវត្តិឡើងរេញច្រើនជាង ប៉ុន្តែលោកថាកីឡាកររបស់លោកហាក់មានកម្រិតប្រកួតល្អជាង បើធៀបនឹងពេលចុងក្រោយ ។ យ៉ាងណាក៏ដោយលោកថាការប៉ាន់ស្មានគឺបានត្រឹមតែប៉ាន់ស្មាន ប៉ុន្តែភាពឈ្នះចាញ់ គឺមានតែការប្រកួតជាក់ស្ដែងប៉ុណ្ណោះ ដែលកាត់ក្ដីបាន ។
ដោយឡែកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះដែរ នៅវេលាព្រឹកថ្ងៃអាទិត្យស្អែកក៏មានព្រឹត្តិការណ៍ប្រដាល់អន្តរជាតិរបស់កីឡាករ៣គូផងដែរ ចាប់ពីវេលាម៉ោង៨ព្រឹកតទៅ ។ កីឡាករ មឿន សុខហ៊ុច ហៅពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡា នឹងត្រូវគេឲ្យឡើងប្រកួតសងសឹកជាមួយកីឡាករថៃឈ្មោះPhach Arounក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ ការប៉ះគ្នាកាលពីលើកទី១ កីឡាករកម្ពុជាវាយចាញ់ PhachAroun ដោយពិន្ទុ ទើបគេឲ្យកីឡាករពុទ្ធ ហ៊ុចឡើងប៉ះប្រកួតជាថ្មីម្ដងទៀត ដើម្បីចង់ដឹងពីលទ្ធផលលើកទី២ ។ នេះជាលើកទី១៦ដែលកីឡាករកម្ពុជារូបនេះ ឡើងប៉ះជាមួយថៃដោយការប្រកួតកន្លងមកគឺឈ្នះ១១លើកចាញ់៤លើក និងស្មើ១លើក ក្នុងនោះគឺគេចាញ់កីឡាករថៃឈ្មោះPhachAroun នេះឯងកាលលើកចុងក្រោយ ។ កីឡាករពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡា ត្រូវគេឲ្យប្រកួតជាមួយកីឡាករថៃឈ្មោះPhunSavathក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាករម៉ន រដ្ឋា មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប៉ះជាមួយកីឡាករថៃឈ្មោះKham ។
សម្រាប់ការប្រកួតម៉ោង២រសៀលនៅថ្ងៃអាទិត្យស្អែកដែរ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏មានគូប្រដាល់ក្នុងស្រុកដែលមានឈ្មោះបោះសំឡេងក្នុងពិភពប្រដាល់ប៉ះគ្នាផងដែរ ដើម្បីកំដរបរិយាកាសនៅចុងសប្ដាហ៍ ។ មិនខុសគ្នាដែរនៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ជ្រោយចង្វាឯណោះវិញ កីឡាករ៤រូបក៏នឹងបើកឆាកបន្តវាយទម្លាក់គ្នាដើម្បីឈានទៅដណ្ដើមជើងឯករបស់ក្រុមហ៊ុនTiffy ផងដែរ ចាប់ពីវេលាម៉ោង៥ល្ងាចតទៅ ។ នេះក៏ជាព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ បើធៀបនឹងការប្រកួតអន្តរជាតិដែលបានធ្វើឡើងនៅរាល់ថ្ងៃអាទិត្យដូចគ្នា ៕


ចែករំលែកព័តមាននេះ