រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃព្រហស្បតិ៍ទី១៥ តុលា បានរៀបចំធ្វើសិក្ខាសាលាមួយស្ដីពី«ការអភិវឌ្ឍអត្តពលិកវ័យក្មេង»ក្រោមការអញ្ជើញចូលរួមពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា លោកJoreg Techmen គ្រូបង្គោលជនជាតិអាល្លឺម៉ង់ និងតំណាងមកពីសហព័ន្ធចំនួន២៥នាក់ ។ សិក្ខាសាលានេះមានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ តុលា ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ក្នុងឱកាសនោះថា នេះគឺជាលើកទី៤ហើយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំឱ្យមានសិកា្ខសាលាបែបនេះឡើងប៉ុន្តែលើកនេះមានសារៈសំខាន់ជាងគេ ។ ចំណែកលោកJoreg Techmen គឺជាគ្រូបង្គោលមួយរូបដែលធ្លាប់ចំណាយពេលវេលាដ៏មានតម្លៃមកបង្ហាត់បង្រៀនដល់អត្តពលិកកម្ពុជាបានចំនួន៣លើកមកហើយ ។ សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះជួយឱ្យយើងទាំងអស់គ្នាចេះធ្វើផែនការក្នុងការបង្ហាត់បង្រៀនដល់អត្តពលិកវ័យក្មេងក្លាយជាកីឡាករល្អ កីឡាករឆ្នើម សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ។ លោកបន្តទៀតថា សព្វថ្ងៃយើងកំពុងខ្វះគ្រូដែលមានទេពកោសល្យ និងបទពិសោធន៍ក្នុងការបង្ហាត់បង្រៀន ប៉ុន្តែក្រសួងអប់រំយុវជន និងកីឡាមានផែនការរួចហើយ គឺនៅឆ្នាំក្រោយនឹងដំឡើងប្រាក់ឧបត្ថម្ភដល់គ្រូបង្វឹក១គុណនឹង២ឬ៣។
លោកJoreg Techman បានថ្លែងឱ្យដឹងថា លោកចង់ឱ្យសិក្ខាកាមទាំងអស់មានចិត្តក្លាហានហ៊ានសួរ ហ៊ានឆ្លើយ ដើម្បីចាប់យកចំណេះដឹងល្អៗ នាំយកទៅបង្ហាត់បង្រៀនបន្ត ។ លោកសន្យាថា នឹងផ្ដល់នូវចំណេះដឹងល្អដល់សិក្ខាកាមធ្វើយ៉ាងណាឱ្យពួកគេក្លាយជាគ្រូបង្ហាត់មួយរូបដែលមានបទពិសោធន៍គ្រប់គ្រាន់ ប្រកបទៅដោយវិជ្ជាជីវៈនិងមានលក្ខណៈវិទ្យាសាស្ត្រ ។
សូមបញ្ជាក់ថា លោកJoreg Techman ធ្លាប់មកធ្វើជាគ្រូបង្គោលនៅក្នុងសិក្ខាសាលាដែលរៀបចំដោយ NOCC ចំនួន៣លើករួចមកហើយ ដោយលើកទី១នៅថ្ងៃទី៧ សីហា ឆ្នាំ២០១៣ លើកទី២នៅខែមីនា ឆ្នាំ២០១៤ និងលើកទី៣នៅថ្ងៃទី២៣ សីហា ឆ្នាំ២០១៤ ។ សង្ឃឹមថា សិក្ខាសាលាថ្ងៃនេះនឹងធ្វើឱ្យសិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែម និងបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍអត្តពលិកវ័យក្មេង សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ ៕


ចែករំលែកព័តមាននេះ