ជាលើកទី២ រយៈពេលតែ១សប្តាហ៍ដែលបណ្តាសមាជិកសភានៃគណបក្សប្រឆាំងកូសូវ៉ូ ដែលប្រឆាំងនឹងរាល់ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងជាមួយស៊ែរប៊ីនោះ បានគប់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកក្នុងសភានាទីក្រុងព្រីស្ទីណា ។ ឧប្បត្តិហេតុបែបនេះកើតមានកាលពីថ្ងៃទី១៥ តុលា ។
ពេលចាប់ផ្តើមប្រជុំបណ្តាសមាជិកសភាគណបក្សប្រឆាំងបានប្រមូលផ្តុំគ្នានៅត្រង់កន្លែងមួយ ហើយបានគប់ប្រអប់តូច២ ដែលបញ្ចេញឧស្ម័នបង្ហូរទឹកភ្នែក ។ ពួកប្រឆាំងខាងនយោបាយរបស់កូសូវ៉ូចង់រារាំងកិច្ចប្រជុំរបស់សភារហូតដល់សភាព្រមបោះបង់ចោលកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាកាលពីឆ្នាំ២០១៣ សំដៅធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងស៊ែរប៊ី និងកូសូវ៉ូ អតីតដែនដីស៊ែរប៊ី មានប្រជាជនភាគច្រើនជាពួកអាល់បានី ដែលទាមទារជាឯកតោភាគីនូវឯករាជ្យរបស់ខ្លួនកាលពីឆ្នាំ២០០៨ ។
បណ្តាអ្នកគាំទ្រគណបក្ស VETEVENDOSJE ជាគណបក្សប្រឆាំងសំខាន់បានប្រមូលផ្តុំគ្នានៅមុខសភា ដោយទះដៃអបអរសាទរដល់បណ្តាសមាជិកសភាពួកគេដែលនាំគ្នាចាកចេញពីសភា ។ គណបក្ស VETEVENDOSJE អះអាងថា ការចរចាជាមួយក្រុងបែលហ្គ្រាដ គ្រាន់តែធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាព ដែលប្រកាសកាលពីឆ្នាំ២០០៨ប៉ុណ្ណោះ ។ ប្រទេសស៊ែរប៊ីដែលពុំទទួលស្គាល់ឯករាជ្យភាពរបស់កូសូវ៉ូ តែងចាត់ទុកកូសូវូ៉ជាខេត្តមួយរបស់ខ្លួនដដែល ៕
ចែករំលែកព័តមាននេះ