ខេត្តកែប ៖ ទារកម្នាក់ទើបនឹងកើតប្រហែល៣-៤ម៉ោងត្រូវប្រជាពលរដ្ឋអ្នកបររទេះគោប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្រុកដំណាក់ចង្អើរចុះទៅពិនិត្យកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី ១៥ តុលា ២០១៥ នៅចំណុចលើទួលដាំដំឡូងស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើេរ។
ទាក់ទិនករណីប្រទះឃើញទារកនេះ ត្រូវបានលោកសែម បញ្ញាមន អធិការស្រុកដំណាក់ចង្អើរប្រាប់ឱ្យដឹងថា ពេលចុះទៅពិនិត្យទារកដែលត្រូវម្តាយបោះចោលនៅចំណុចខាងលើ ឃើញថា ទារកទើបកើតបានប្រហែល៣ទៅ៤ម៉ោងប៉ុណ្ណោះ ព្រោះនៅលើដងខ្លួនទារកនៅមានឈាមប្រលាក់ពេញ ហើយរុំក្រមាពណ៌ក្រហម។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ទារកនេះត្រូវគេយកមកបោះចោលនៅម៉ោងប្រហែលជា៤ទៀបភ្លឺ ថ្ងៃទី១៥ តុលា ដែលទំនងស្ត្រីជាម្តាយខូចចិត្តអ្វីម្យ៉ាងទើបដាច់ចិត្តយកកូនមកបោះចោលបែបនេះ។
បច្ចុប្បន្នទារកខាងលើត្រូវបានលោកសែម បញ្ញាមន អធិការស្រុកដំណាក់ចង្អើរទទួលយកទៅចិញ្ចឹមបីបាច់ថែរក្សាទុកដូចកូនបង្កើត៕


ចែករំលែកព័តមាននេះ