ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​មានការ​រាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ ADB ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ​នឹង​កើន​៤​ភាគរយ​ជា​វិជ្ជមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​ពេល​នេះ​កំពុង​តែ​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​និង​អាជីវកម្ម​តាម​វិស័យ​ជា​ច្រើន​រង​ផល​ប៉ះពាល់​ក្ដី តែ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB បាន​ព្យាករ​ពី​កំណើន​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដោយ​នឹង​កើនឡើង​៤​ភាគរយ​នៅ​ឆ្នាំ​២០២១​នេះ និង​៥,៥​ភាគរយ​នៅ​ឆ្នាំ​ក្រោយ ។​នេះ​បើ​តាម​ការ​ព្យាករ​របស់​ធនាគារ​មួ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​ពេល​នេះ​កំពុង​តែ​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​និង​អាជីវកម្ម​តាម​វិស័យ​ជា​ច្រើន​រង​ផល​ប៉ះពាល់​ក្ដី តែ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB បាន​ព្យាករ​ពី​កំណើន​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដោយ​នឹង​កើនឡើង​៤​ភាគរយ​នៅ​ឆ្នាំ​២០២១​នេះ និង​៥,៥​ភាគរយ​នៅ​ឆ្នាំ​ក្រោយ ។​នេះ​បើ​តាម​ការ​ព្យាករ​របស់​ធនាគារ​មួ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ២០២១ ។

យោង​តាម​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ឱ្យ​ដឹង​ថា ឆ្នាំ​២០២១ ផលិតកម្ម​ឧស្សាហកម្ម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​៧,១​ភាគរយ និង​៧​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ដោយសារ​តែ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ក៏​ដូច​ជា​កំណើន​នៃ​ឧស្សាហកម្ម​ធន​ស្រាល​ផ្សេង​ទៀត ដូច​ជា​ផលិតផល​អេ​ឡិច​ត្រូ​និក​និង​កង់ ។ វិស័យ​កសិកម្ម ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​១,៣​ភាគរយ ក្នុង​ឆ្នាំ​២០២១ និង​១,២​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ដោយ​មានការ​កើនឡើង​នៃ​ផលិតកម្ម​កសិផល បន្ទាប់​ពី​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ​មុន ការ​បន្ត​មាន​កំណើន​នៃ​វារីវប្បកម្ម និង​ការ​ហក់​ឡើង​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​សាធារណ​ប្រជាមានិត​ចិន ។

វិស័យ​សេវាកម្ម​នឹង​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត​ៗ ពោល​គឺ​ប្រមាណ​៣,៣​ភាគរយ​ក្នុង​ឆ្នាំ​២០២១​ទៅ​៦,២​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ។ កិច្ច​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងស្រុក​ដែល​បាន​ចាប់ផ្ដើម​ក្នុង​ខែកុម្ភៈ ២០២១ កំពុង​ធ្វើ​ឱ្យ​សកម្មភាព​វិស័យ​សេវាកម្ម​ធ្លាក់​ចុះ ។ ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​២០២១ ដែល​មាន​ន័យ​ថា​វិស័យ​មិន​ត្រូវ​បាន​រំពឹង​ថា​អាច​ជួយ​ជំរុញ​កំណើន​ផ្នែក​សេវាកម្ម​នៅ​ឆ្នាំ​នេះ​ទេ ។ វិស័យ​អចលនទរ្ព្យ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ ពី​ការ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន ដោយ​មាន​និន្នាការ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ឧស្សាហកម្ម​សំណង់ ។

លោកស្រី​Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ ៣,១​ភាគរយ​កាលពី​ឆ្នាំ​២០២០ ដោយសារ​តែ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ រាជរដ្ឋាភិបាល​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស ចំពោះ​ករណី​ថ្មី​ៗ​ដែល​បាន​កើតឡើង ហើយ​យើង​រំពឹង​ថា​សេដ្ឋកិច្ច​នឹង​វិល​ត្រលប់​មក​រក​កំណើន​វិញ​ក្នុង​ឆ្នាំ​២០២១​នេះ ។ កំណើន​នេះ​នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ ប៉ុន្តែ​មិនមែន​គ្រប់​វិស័យ​និង​តំបន់​ទាំងអស់ នឹង​ទទួល​បាន​ប្រយោជន៍​នេះ​ស្មើគ្នា​នោះ​ទេ ដូច្នេះ​វា​ចាំបាច់​ណាស់ ក្នុង​ការ​តាមដាន​មើល​ជីវភាព​គ្រួសារ​ទាំងឡាយ​ក៏​ដូច​ជា​តម្រូវការ​គាំទ្រ​បន្ថែម ឱ្យ​បាន​ដិត​ដល់ ។

លោកស្រី​បន្ត​ថា ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​នានា នឹង​បន្ត​ជា​សម្ពាធ​លើ​គ្រួសារ និង​ក្រុមហ៊ុន មួយ​ចំនួន នៅ​ឆ្នាំ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជា​រួម មានការ​យឺតយ៉ាវ​។ ហានិភ័យ ចម្បង​ៗ សម្រាប់​ចក្ខុវិស័យ​សេដ្ឋកិច្ច​នេះ រួម​មាន ការ​រីក​រាលដាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ នៅ​តាម សហគមន៍ កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការ​រំពឹង​ទុក នៃ​ដៃគូ​ធុរកិច្ច​សំខាន់​ៗ​របស់​កម្ពុជា ដូច​ជា​អា​មេ​រិ​ក និង​អឺរ៉ុប ការ​បន្ត​នៃ​ភាព​ទន់ខ្សោយ​នៃ​តម្រូវការ​ក្នុងស្រុក និង​បញ្ហា​ប្រឈម​របស់​សេវាកម្ម​ហិរញ្ញវត្ថុ និង ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ