រាជធានីភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា គ្រោងនឹងចុះហត្ថលេខាលើ MOU រួមគ្នាមួយ ទាក់ទងវិស័យអាកាសចរណ៍ស៊ីវិល ខណៈដែលការចុះហត្ថលេខានោះនឹងត្រូវធ្វើឡើងរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងអាកាសចរណ៍ឥណ្ឌា ។
នេះបើយោងតាមការអះអាងរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់ពីជួបពិភាក្សាការងារជាមួយ លោក Maveen Srivatara ឯកអគ្គរដ្ឋទូតឥណ្ឌា ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងមក នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។
លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងឲ្យដឹងថា ខ្លឹមសារនៃកិច្ចព្រមព្រៀង (MOU) រវាងរដ្ឋាភិបាលទាំងពីរយើងបានរៀបចំរួចរាល់អស់ហើយ ហើយត្រូវដាក់ឆ្លងពិភាក្សាចុងក្រោយមុនចុះហត្ថលេខា ព្រោះអនុស្សរណៈខាងលើនេះ មានលក្ខណៈបច្ចេកទេស ។ លោកបានបញ្ជាក់ថា ភាគីឥណ្ឌាគេអត់ចាប់អារម្មណ៍ធ្វើការងារជាមួយក្រុមហ៊ុនជាតិនោះទេ ព្រោះទាមទារពេលវេលាស្រាវជ្រាវយូរពេក ។ ដូច្នេះគេចង់ធ្វើការងារជាមួយក្រុមហ៊ុនឯកជនដោយផ្ទាល់ ខណៈដែលក្រុមហ៊ុនឯកជនទាំងនោះកំពុងធ្វើសកម្មភាពជាក់ស្តែងនៅកម្ពុជាទាក់ទិនទៅនឹងអាកាសចរណ៍ស៊ីវិល ។
លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋកម្ពុជាទៅប្រទេសឥណ្ឌាកាន់តែមានចំនួនច្រើនឡើង ប៉ុន្តែភាគច្រើនពួកគាត់ទៅចូលរួមក្នុងពិធីបុណ្យបែបសាសនាព្រះពុទ្ធ ដូចជាពិធីបុណ្យធម្មយាត្រាជាដើម ។ ដូច្នេះសំខាន់ណាស់ ដែលកម្ពុជានិងឥណ្ឌា ត្រូវមានកិច្ចសហការ ឬការព្រមព្រៀងគ្នាមួយលើវិស័យអាកាសចរណ៍ស៊ីវិល ពិសេសការបង្កើតឲ្យមានជើងហោះហើរត្រង់ទាំងកម្ពុជានិងឥណ្ឌា ។
ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការបានអះអាងថា ការងារទាក់ទងវិស័យអាកាសចរណ៍ស៊ីវិល រវាងកម្ពុជានិងឥណ្ឌានេះ គឺភាគីទាំងពីរនឹងខិតខំជំរុញឲ្យបានឆាប់បំផុត តាមតែអាចធ្វើទៅបាន ព្រោះមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ភាគីទាំងពីរទាំងកម្ពុជានិងឥណ្ឌា ៕


ចែករំលែកព័តមាននេះ