ទីក្រុងប៉េកំាង៖ នៅលើបណ្តាញទំនាក់ទំនងសង្គម ( Facebook) Page ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះ មានអត្ថន័យ ទំាងស្រុងដូចតទៅ៖ “ នៅព្រឹកមិញនេះ នៅសណ្ឋាគារ Raffles Hotel សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោកស្រី Helen Clark មន្រ្តីគ្រប់គ្រងកិច្ចការរដ្ឋបាល អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីទិសដៅសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាព ក្រីក្រ។
លោកស្រី Helen បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ ដែលកំពុងធ្វើអោយប្រទេសជាតិរីកលូត លាស់មកទល់សព្វថ្ងៃ ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់អំពីកម្ពុជាដែលកំពុងអភិវឌ្ឍលើគោលដៅនៃការអភិវឌ្ឍសហស្សវត្សរ៍របស់ UN ។ កម្ពុជាមិនត្រឹមតែ អនុវត្តគោលដៅទាំង៨ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា បានបន្ថែមការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាគោលដៅថ្មីដែលមិនបានចែងក្នុងគោលដៅអភិវឌ្ឍន៍ សហសវត្ស៍របស់UN ។ កាលពីពេលប្រជុំ UN ក្នុងខែកញ្ញាកន្លងទៅ គឺបណ្តាមេដឹកនាំពិភពលោកបានឯកភាពដាក់ចេញនូវការអភិវឌ្ឍប្រកបដោយចីរភាពក្រោយឆ្នាំ២០១៥ ដែលមាន១៧គោលដៅ ។ កម្ពុជានៅតែបន្តដាក់គោលដៅនៃការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជារៀបវារៈនៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយ និរន្តរភាព។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យ UNDP បន្តជួយដល់ការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ លោកស្រី Hellen បានជម្រាបជូនសម្តេច តេជោ អំពីទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាដែលត្រូវមានការចូលរួមតាំងពីកម្រិតថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ។ UNDP និងបន្តចូលរួមសហការ ដាំដើមឈើឡើងវិញនៅកម្ពុជា ពិសេសជំរុញសហប្រតិបត្តិការត្បូង-ត្បូង អោយមាននិរន្តរភាព។ លោកស្រី Helen ក៏បានជំរាបជូនសម្តេចតេជោ អោយជួយជំរុញ សមភាពយ៉េនឌ័រ លើការលើកកម្ពស់ និងគាំពារស្រ្តី។
ជានិច្ចជាកាលរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពលើបញ្ហាសមភាពយ៉េនឌ័រ (Gender) ។ កម្ពុជាបានរៀបចំឲ្យមានកូតាពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះដែរ កម្ពុជាបានបញ្ជូនកងថែរក្សាសន្តិភាពជាស្រ្តីទៅចូលរួមប្រតិបត្តិការសន្តិភាពរបស់ UN។ កម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងសមភាពស្រ្តីដើម្បីដើរតួនាទីជាមេដឹកនាំ។ កម្ពុជានឹងបន្តធ្វើការជាមួយនិង UNDP ទៅលើបញ្ហាសមភាព(Gender) ទាំងក្នុងកម្រិតតំបន់និងអន្តរជាតិ។ នៅពេលដ៏ខ្លីខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រធានាធិបតីបារាំងដើម្បីពិភាក្សាគ្នាទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។ កម្ពុជានឹងបន្តចូលរួមវិភាគទានទៅលើបញ្ហានេះ និងបញ្ហាបរិស្ថានផងដែរ ។ សម្តេចតេជោ ក៏បានស្នើដល់ UNDP ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ “។



ចែករំលែកព័តមាននេះ