ខេត្តកំពត ៖ យុវជនម្នាក់ឈ្មោះ សួង អ៊ឹម អាយុ៣០ឆ្នាំ នៅភូមិដំណាក់ក្រឡាញ់ខាងលិច ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ត្រូវបាននគរបាលស្រុកចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ តុលា ខណៈយុវជនរូបនេះផឹកស្រាស្រវឹងទាញកាំបិតដេញកាប់ឪពុកឈ្មោះ ប៉ែន ឯម អាយុ៧០ឆ្នាំ និងបងប្រុសរបស់ខ្លួន ព្រមទាំងដុតផ្ទះ តែមិនបានសម្រេច ។
លោកតារងគ្រោះអាយុ៧០ឆ្នាំ ត្រូវជាឪពុកជនដៃដល់ បានរៀបរាប់ថា កូនប្រុសគាត់តាំងពីវិលត្រឡប់មកប្រទេសថៃវិញ តែងតែរករឿងអ្នកផ្ទះជាប់ជានិច្ច ហើយមុនពេលកើតហេតុ កូនប្រុសបានសុំលុយគាត់ចំនួន៣០ម៉ឺនរៀលទៅថៃវិញ ប៉ុន្តែមិនដឹងទៅដល់ត្រឹមណាក៏បានវិលមកវិញហើយអុកឡុកក្នុងផ្ទះដោយវាយបំផ្លាញទ្រព្យសម្បត្តិ និងសុំលុយ១០០ដុល្លារទៀត តែគាត់ទាំងពីរនាក់ប្តីប្រពន្ធចាស់ៗហើយ ឯប្រពន្ធគាត់ដើរមិនរួចផង មិនដឹងជារកលុយឯណាឱ្យកូន ស្របពេលដែលផឹកស្រាស្រវឹងផង បានរករឿងដោយវាយបំផ្លាញទ្រព្យសម្បត្តិ និងដេញកាប់គាត់ និងបងប្រុស ព្រមទាំងដុតផ្ទះឆេះបានបន្តិច អ្នកជិតខាងនាំគ្នាជួយពន្លត់ទាន់ពេល ។
ក្រោយកើតហេតុ នគរបាលបានចុះឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ ដោយមានការសង្ស័យក៏យកទឹកនោមធ្វើការពិសោធ ទើបដឹងថា មានសារធាតុញៀនក្នុងខ្លួន ។
ជនសង្ស័យដៃដល់ខាងលើ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ