ខេត្តកណ្តាល ៖ ជនដៃដល់២នាក់ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពហិង្សាទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង០៤ និង២០នាទីរសៀលថ្ងៃទី១៥ តុលា ២០១៥ ស្ថិតនៅចំណុចបរិវេណវត្តកៀនស្វាយក្រៅ ក្នុងភូមិភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះហួន វាសនា អាយុ២១ឆ្នាំ និង២-ឈ្មោះយស រតនៈ អាយុ២១ឆ្នាំ រីឯជនរងគ្រោះឈ្មោះវិន ឆវ៉ាន់ អាយុ២២ឆ្នាំ ជាអ្នកបើករថយន្តនៅខេត្តសៀមរាប ទាំង៣នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅលេងនៅក្នុងវត្តកៀនស្វាយក្រៅ ហើយបានឡើងទៅលើឆាកប្រគំតន្ត្រីមួយ ដើម្បីជួបមិត្តភក្តិជាអ្នកលេងភ្លេង ។ មួយសន្ទុះក្រោយមក ជនរងគ្រោះក៏ចុះមកវិញ ភ្ញាក់ផ្អើលថា បាត់ស្បែកជើង ពេលនោះក៏នាំគ្នាដើររក ។ ស្រាប់តែមានជនដៃដល់ទាំង២នាក់ខាងលើ បានស្ទុះហក់មកវាយទៅលើជនរងគ្រោះបណ្តាលឱ្យរបួសតែម្តង ដោយគេមិនដឹងថា មានរឿងអ្វីនោះទេ ។
មិនតែប៉ុណ្ណោះ ជនដៃដល់ទាំង២នាក់ បានរត់ទៅយកច្រវាក់មកវាយថែមទៀត ធ្វើឱ្យជនរងគ្រោះរត់ទៅផ្ទះវិញ ដើម្បីឱ្យម្តាយជួយ តែត្រូវជនដៃដល់រត់ទៅតាម ព្រមទាំងកាន់ដាវសាមូរ៉ៃម្នាក់មួយដេញកាប់បន្ថែមទៀត ទើបធ្វើឱ្យភ្ញាក់ផ្អើលពេញភូមិ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់ រួមទាំងវត្ថុតាងផងដែរ ។


ចែករំលែកព័តមាននេះ