ប្រទេសថៃ ៖ បរិមាណអ្នកធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ បានកើនឡើងជិត១៣%ក្នុងឆ្នាំ២០១៥ បើគិតត្រឹមខែកញ្ញា ពោលគឺមានចំនួន៥២,៤លាននាក់ ។
តួលេខផ្លូវការដែលចេញផ្សាយនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកំណើនដ៏ខ្លាំងក្លាក្នុងឧស្សាហកម្មទេសចរណ៍ថៃ គឺមានលក្ខណៈពិសេស ចំណែកឧស្សាហកម្មទេសចរណ៍ពិភពលោកមានដំណើរការធម្មតា ។
ជនបរទេសដែលធ្វើដំណើរឆ្លងកាត់តាមព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ បានបង្ហាញពីការកើនឡើងយ៉ាងគំហុកប្រមាណជា១៥,៥% ឬស្មើនឹងបរិមាណ៤៣,៩លាននាក់ ។
ចំណែកអ្នកដំណើរក្នុងស្រុកវិញកើនឡើងត្រឹមតែ០,៣៤% ឬស្មើនឹង៨,៤៣លាននាក់ប៉ុណ្ណោះ ។ ហេតុផលមានកំណើនតិចតួចបែបនេះ មួយផ្នែកដោយសារតែពួកគេផ្លាស់ប្តូរគោលដៅធ្វើដំណើរតាមព្រលានយន្តហោះដនមឿងវិញ ដែលជាទីតាំងបម្រើឲ្យប្រព័ន្ធដឹកជញ្ជូននៅក្រុងបាងកកផងដែរ ។ ម្យ៉ាងទៀត ព្រលានយន្តហោះនេះបានដើរតួនាទីនៅក្នុងការផ្គាប់ចិត្តអ្នកដំណើរទាំងឡាយដែលត្រូវការតម្លៃធូរថ្លៃ។
បរិមាណអ្នកធ្វើដំណើរជាក់ស្តែងដែលប្រើប្រាស់ព្រលានយន្តហោះសុវណ្ណភូមិ ក្នុងអំឡុងពេលជាង១០ខែនេះ គឺលើសចំណុះដែលគេបានរចនាឡើងតម្រូវការអ្នកដំណើរ៤៥លាននាក់ក្នុងមួយឆ្នាំទៅទៀត នេះបញ្ជាក់ឲ្យឃើញថា ព្រលានយន្តហោះនេះបានប្រែក្លាយជាទីតាំងផ្ទុកអ្នកដំណើរយ៉ាងច្រើនលើសលប់ ។
ការកើនឡើងជាបន្តបន្ទាប់នៃបរិមាណអ្នកដំណើរតាមអាកាសសរុបទាំងអស់នៅព្រលានយន្តហោះសុវណ្ណភូមិ បានកំណត់យ៉ាងច្បាស់ពីការហោះឡើង និងចុះចតបានកើនឡើង៦,១២% ។
ចំណែកការធ្វើដំណើររបស់ជើងហោះហើរអន្តរជាតិឆ្លងកាត់ព្រលានយន្ដហោះនេះកើនឡើង៧,០៩% ស្មើនឹង២៤២.៩៥៣ជើង ខណៈបរិមាណក្នុងស្រុកកើន២,៨១% ឬស្មើនឹង ៦៧.៩១៤ជើង ។
ចំណែកជើងហោះហើរផ្នែកដឹកជញ្ជូនទំនិញពាណិជ្ជកម្មឆ្លងកាត់ព្រលានយន្តហោះសុវណ្ណភូមិ ស្ទើរនៅទ្រឹងផងដែរ គឺកើនឡើងត្រឹមតែ០,៧៥% ឬស្មើនឹងបរិមាណទំនិញ១,២៨លានតោនប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចស្ពឹកតែម្តង ។
ចំពោះការដឹកជញ្ជូនជាលក្ខណៈអន្តរជាតិវិញសម្រេចបានចំនួន១,២៤លានតោនកើន០,៧១% ខណៈក្នុងស្រុកកើន២,០៨% ឬស្មើនឹង៤០.៥៨៦តោន ។
លោក Sirote Duangratan អ្នកគ្រប់គ្រងព្រលានយន្តហោះសុវណ្ណភូមិ លើកឡើងថា ៖ «ទោះជាយ៉ាងណា ចក្ខុវិស័យសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមពីខែតុលា គឺមានកំណើនយឺតជាងមុន៩,៧% ក្នុងបរិមាណអ្នកដំណើរឆ្លងកាត់» ។
គិតត្រឹមខែមុន ចាប់តាំងពីការបើកប្រតិបត្តិការរបស់ខ្លួន៩ឆ្នាំមកនេះ ព្រលានយន្តហោះសុវណ្ណភូមិ មានអ្នកធ្វើដំណើរឆ្លងកាត់ជាង៤០០លាននាក់ ។
អ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិបានកែប្រែថ្មីនូវយុទ្ធសាស្ត្រនៅក្នុងការធ្វើឲ្យ ព្រលានយន្តហោះសុវណ្ណភូមិឱ្យក្លាយជាច្រកផ្លូវអន្តរជាតិមួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ៕
ចែករំលែកព័តមាននេះ