ខេត្តសៀមរាប ៖ គឺជាក្រុងបុរាណប្រវត្តិសាស្ត្រនាសម័យអង្គរ ហើយបាននិងកំពុងក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរលើពិភពលោក ដោយខេត្តប្រវត្តិសាស្ត្រមួយនេះ សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ព្រមទាំងតំបន់រមណីយដ្ឋានធម្មជាតិ មានប្រាង្គប្រាសាទបុរាណ រមណីយដ្ឋានភ្នំគូលែន និងបឹងទន្លេសាប ជាដើម ។
ក្រៅពីរមណីយដ្ឋាន វប្បធម៌ និងធម្មជាតិទាំងនេះ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាមកពីបណ្តារាជធានី/ខេត្ត គឺមិនអាចបំភ្លេចបាននូវព្រះបារមីដ៏ពូកែស័ក្តិសិទ្ធិនៅលើទឹកដីប្រវត្តិសាស្ត្រ ទាំងថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ ទាំងភ្ញៀវជាតិ-អន្តរជាតិ បានចូលទៅប្រតិបត្តិគោរពបូជាបារមីព្រះនាងចេក ព្រះនាងចម និងលោកយាយទេព នៅមុខព្រះរាជដំណាក់នៃខេត្តសៀមរាប ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៥នេះ អ្នកសារព័ត៌មានបានសង្កេតឃើញនៅក្នុងបរិវេណព្រះវិហារ ព្រះអង្គចេក ព្រះអង្គចម មានមនុស្សម្នាក្មេងចាស់ ទាំងក្នុងខេត្ត ក្រៅខេត្ត សំខាន់ភ្ញៀវទេសចរបរទេស ក៏បានអញ្ជើញចូលទៅបូជាថ្វាយនូវភួងផ្កា ទៀន ធូប ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ និងដើម្បីសុំសេចក្តីសុខសប្បាយ ជូនដល់ក្រុមគ្រួសារ បងប្អូន កូនចៅរបស់ខ្លួន និងការងាររកស៊ីជួញដូរផ្សេងៗទទួលផលកម្រៃក្នុងការផ្គិតផ្គង់សេដ្ឋកិច្ចក្រុមគ្រូសារ នៅពេលពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ។
សូមបញ្ជាក់ផងដែរថា នាសម័យរាជកាលស្តេចត្រាញ់ ដាប ឈួន ក្នុងការប្រយុទ្ធប្រឆាំងជាមួយអាណានិគមបារាំងសេស លោកបានគោរពប្រតិបត្តិបំផុត ចំពោះព្រះនាងចេក ព្រះនាងចម ក្នុងការធ្វើសឹងសង្គ្រាម ហើយតែងទទួលបានជោគជ័យ ដោយលោកបានលើកព្រះអង្គទាំងពីរយកទៅជាមួយទៀតផង ។ តែដោយទឹកចិត្តមហិច្ឆតានៃអំណាចរបស់សេ្តចត្រាញ់ ដាប ឈួន ដែលមានផែនការក្បត់ព្រះករុណា សម្តេចព្រះបរមរតនកោដ្ឋនោះ ទើបព្រះអង្គទាំងពីរមិនបានជួយឡើយ ។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រុមពួកទាហានអាវខ្មៅ បានដាក់គ្រាប់មីនកម្ទេចទីអាសនៈរបស់ព្រះអង្គគ្មានសល់ ព្រមទាំងបានព្យាយាមយករថយន្តដឹកព្រះអង្គទាំងពីរទៅដាក់កន្លែងផ្សេង តែរថយន្តទាំងនោះត្រូវខូចបើកទៅមុខមិនរួច ក៏ត្រូវពួកវាយកទៅទម្លាក់ក្នុងទឹកស្ទឹង ។
នៅក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ ត្រូវបានប្រជាពុទ្ធបរិស័ទ និងរដ្ឋអំណាច ក្រោយពីបានពន្យល់សប្តិដល់គេ ទើបនាំគ្នាទៅស្រង់ពីក្នុងទឹកស្ទឹង ដង្ហែយកទៅតម្កល់នៅទីវត្តដំណាក់ ។ ក្នុងទសវត្សឆ្នាំ៩០ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ បានកសាងព្រះវិហារថ្មីនៅលើទីតាំងចាស់រួចហើយបានដង្ហែព្រះអង្គទាំងពីរមកកាន់ទីកន្លែងដើមវិញ ដើម្បីឲ្យប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិរហូតដល់បច្ចុប្បន្ននេះ ហើយបងប្អូនដែលមានទុក្ខលំបាកអី្វមួយ ឬក៏នាំគ្នាមកឧបកិច្ចរកស៊ីអ្វីមួយ តែងតែទៅបន់ស្រន់សុំសេចក្តីសុខ និងទទួលបានជោគជ័យ ប៉ុន្តែបើទៅប្រកបការងារអ្វីមិនស្របច្បាប់នោះ ព្រះអង្គក៏មិនជួយដល់អ្នកទាំងនោះដែរ ៕
ចែករំលែកព័តមាននេះ