ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្អង់​ល្បឿន​សេដ្ឋកិច្ច​ចិន នឹង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នកជំនាញ​បាន​លើក​ឡើង​ថា ទំហំ​ពាណិជ្ជកម្ម​នៅ​មី​យ៉ា​ន់​ម៉ា​អាច​នឹង​រង​ផល​ប៉ះពាល់​ក្នុងឆ្នាំនេះ តាម​រយៈ​ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច​របស់​ចិន ដែល​ធ្វើ​ឲ្យ​តម្លៃ​ទំនិញប្រើប្រាស់​លើ​សាកលលោក​ធ្លាក់​ថ្លៃ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នកជំនាញ​បាន​លើក​ឡើង​ថា ទំហំ​ពាណិជ្ជកម្ម​នៅ​មី​យ៉ា​ន់​ម៉ា​អាច​នឹង​រង​ផល​ប៉ះពាល់​ក្នុងឆ្នាំនេះ តាម​រយៈ​ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច​របស់​ចិន ដែល​ធ្វើ​ឲ្យ​តម្លៃ​ទំនិញប្រើប្រាស់​លើ​សាកលលោក​ធ្លាក់​ថ្លៃ គួប​ផ្សំ​នឹង​គ្រោះ​មហន្តរាយ​នៃ​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​នេះ​ផង ។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​មី​យ៉ា​ន់​ម៉ា ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ស្មើនឹង​ជាង​៥០% នៃ​ពាណិជ្ជកម្ម​សរុប​ទាំងអស់ ។

លោក Changyong Rhee អគ្គ​នាយ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ថ្លែង​ថា ៖ «​កំណើន​នៅ​ទូ​ទាំង​អាស៊ាន​ទាំងមូល​នឹង​មាន​កម្រិត​នៅ​កណ្តាល គឺ​ប្រមាណ​ជា​៤,៦% ក្នុង​ឆ្នាំ​២០១៥ ដែល​កើនឡើង​បន្តិច​រហូត​ដល់​៥,០% នៅ​ឆ្នាំ​២០១៦​។ តម្លៃ​ទំនិញប្រើប្រាស់​ដែល​ចុះថ្លៃ​បាន​វាយប្រហារ​ដល់​បណ្តា​ប្រទេស​នាំ​ចេញ ​ក្នុង​តំបន់​ដូច​ជា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា​តែ​ម្តង​» ។

ដោយឡែក​ធនាគារពិភពលោក (WB) កាលពី​ស​ប្តា​ហ៍​មុន​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​ឆ្នាំ​២០១៦ សម្រាប់​មី​យ៉ា​ន់​ម៉ា ពី​៨,២% មក​ត្រឹម​៦,៥% ។

ទោះជា​យ៉ាងណា បណ្តា​ប្រទេស​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ការ​នាំ​ចេញ​ក្នុង​តំបន់​ទាំងនោះ​ នឹង​រង​ផល​ប៉ះពាល់​តាម​ការ​រំពឹង​ទុក​នៃ​ភាព​តានតឹង​លើ​លក្ខខណ្ឌ​ទីផ្សារ​ ហិរញ្ញវត្ថុ​សាកល ។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​លោក Rhee ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ស​ប្តា​ហ៍​មុន ។

លោក Hoe Ee Khor អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក IMF ថ្លែង​ថា ៖ «​ផល​ប៉ះពាល់​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​ចិន​លើ​មី​យ៉ា​ន់​ម៉ា ស្រ​ដៀង​គ្នា​នឹង​ផល​ប៉ះពាល់​លើ​បណ្តា​ប្រទេស​ផលិត​ទំនិញប្រើប្រាស់​ដទៃ​ទៀត ​ដែរ ។ មី​យ៉ា​ន់​ម៉ា​បាន​នាំ​ចេញ​ប្រេង ឧស្ម័ន​ធម្មជាតិ អង្ករ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​ទៅ​កាន់​ទីផ្សារ​ចិន​»។

លោក​បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា ៖ «​ដោយសារ​តែ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទំនិញប្រើប្រាស់​នោះ​ចំណូល​ដែល​ ទទួល​បាន​ពី​ការ​នាំ​ចេញ​កំពុង​តែ​មានការ​ថយ​ចុះ​ដែរ ។ ម្យ៉ាងទៀត កត្តា​ផ្សេង​ទៀត គឺ​បណ្តា​អ្នក​នាំ​ចេញ​អង្ករ​ត្រូវការ​ចាំបាច់​បំផុត​នៅ​ក្នុង​ស្ថានភាព​ សេដ្ឋកិច្ច​ក្នុងស្រុក​របស់​មី​យ៉ា​ន់​ម៉ា​» ។

គ្រោះ​ទឹកជំនន់​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ខែកក្កដា និង​ខែសីហា​កន្លង​មក​ថ្មី​ៗ​នេះ បាន​ជន់​លិច​ផ្ទៃដី​បង្កបង្កើន​ផល​ស្រែ​ចម្ការ​ប្រមាណ​ជា​១,៥​លាន​អា ហើយ​បំផ្លិចបំផ្លាញ​អស់​ជាង​៥០​ម៉ឺន​អា ។ ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​អង្ករ​មី​យ៉ា​ន់​ម៉ា ក៏​បាន​ចាត់វិធានការ​ហាមប្រាម​ដល់​អ្នក​នាំ​ចេញ​រយៈពេល​៤៥​ថ្ងៃ​ដើម្បី​ បំពេញតម្រូវការ និង​រក្សា​តម្លៃ​អង្ករ​ក្នុងស្រុក​ឲ្យ​ធូរ​ថ្លៃ ។

លោក Win Myint អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា ៖ «​ទំហំ​ពាណិជ្ជកម្ម​សរុប​ទូ​ទាំង​ប្រទេស​របស់​មី​យ៉ា​ន់​ម៉ា សម្រាប់​ឆ្នាំ​សារពើពន្ធ​ឆ្នាំ​នេះ​សម្រេច​បាន​ក្នុង​រង្វង់​១៣,៤​ប៊ី​លាន​ ដុល្លារ ។ ក្នុង​នោះ​ការ​នាំ​ចេញ​មាន​ចំនួន​៥,៥​ប៊ី​លាន​ដុល្លារ និង​នាំ​ចូល​ចំនួន​៧,៩​ប៊ី​លាន​ដុល្លារ គិត​មក​ត្រឹម​ពាក់កណ្តាល​ខែតុលា ។
លោក ​បន្ត​ថា ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ថយ​ចុះ​៨៥០​លាន​ដុល្លារ បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។ ម្យ៉ាងទៀត ពេល​នេះ​លោក​កំពុង​វាយតម្លៃ​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​ ប្រព័ន្ធ​ភស្តុ​ភារ ធនាគារ អត្រា​ប្តូរ​ប្រាក់ ឬ​ក៏​ទិន្នផល​ផលិតកម្ម​ជាដើម​» ។

តាម​អត្រា​ការ​ប្រាក់​បញ្ជាក់​ពី​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា​បង្ហាញ​ថា ប្រាក់​ខ្យា​ដ​បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​២៥% ធៀប​នឹង​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​ឆ្នាំ​នេះ ឬ​ស្មើនឹង​១២៨៥​ខ្យាដ ។

លោក Win Myint ថ្លែង​ថា ៖ «​ទិស​ដៅ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០១៥ មាន​ចំនួន​២៩,៩​ប៊ី​លាន​ដុល្លារ​នោះ​អាច​សម្រេច​បាន ។ ការ​ផ្គត់ផ្គង់​ផលិតផល​សំខាន់​ៗ ក៏​ដូច​ជា​សណ្តែក​របស់​មី​យ៉ា​ន់​ម៉ា ស្ទើរ​ត្រូវ​បាន​ប្រើប្រាស់​ទាំងស្រុង​ដោយ​មាន​តម្រូវការ​ខ្ពស់​ពី​ឥណ្ឌា ជាមួយនឹង​ចំណូល​ក្នុង​រង្វង់​៣៥០​លាន​ដុល្លារ រហូត​មក​ទល់​នឹង​ពេល​នេះ ។

លោក​បង្ហើប​ថា ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​មិន​ទំនងជា​ធ្លាក់​ចុះ​ឡើយ ព្រោះតែ​មានការ​គាំទ្រ​តាម​រយៈ​តម្រូវការ​ពី​សំណាក់​ទីផ្សារ​ចិន និង​ថៃ ដែល​មុខទំនិញ​នេះ​អាច​ទាញ​យក​ចំណូល​បាន​២,៥​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៥ គិត​មក​ត្រឹម​ពាក់កណ្តាល​ខែតុលា ។

ខណៈ​ការ​នាំ​ចេញ​អង្ករ​មាន​ចំនួន​ថយ​ចុះ​ដោយសារ​គ្រោះ​ទឹកជំនន់ ជា​ជាង​ផល​ប៉ះពាល់​នៃ​ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច​របស់​ចិន ។ នាំ​ចេញ​អង្ករ​មាន​តម្លៃ​ទឹកប្រាក់​ជិត​១៨០​លាន​ដុល្លារ ។

លោក​បន្ថែម​ថា យើង​រំពឹង​ថា បម្រែបម្រួល​នៅ​ខាងក្រៅ​នឹង​មិន​ប៉ះពាល់​ដោយ​អវិជ្ជមាន​លើ​ប្រទេស​មី​យ៉ា​ន់ ​ម៉ា​ច្រើន​លើសលប់​ឡើយ ។ កសិករ និង​អ្នក​នាំ​ចេញ​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ចុះ​ខ្សោយ​ជាង​មុន​នៃ​ រូបិយប័ណ្ណ ។

ម្យ៉ាងវិញទៀត យើង​ក៏​រំពឹង​ថា ស្ថានភាព​នឹង​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នៅ​ពេល​អ្នក​នាំ​ចេញ​អាច​ ប្រតិបត្តិការ​លើ​ទីផ្សារ​អឺរ៉ុប​បាន​» ។  កាលពីមុន គេ​មាន​ក្តី​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ​ក្នុង​ចន្លោះ​ពី​១,៥​លាន​តោន​ទៅ​២​លាន​តោន​ក្នុង​ ឆ្នាំ​២០១៥ ៕