រាជធានីភ្នំពេញ ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីខ្មែរភាគច្រើន បានចូលរួមជាសហគ្រិនក្នុងអាជីវកម្មខ្នាតតូច និងធម្យម មានការកើនឡើងជាងគេ បើធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ។ ទោះបីជាយ៉ាងណា នៅក្នុងវិស័យអាជីវកម្ម ស្ត្រីខ្មែរនៅតែប្រឈមនឹងបញ្ហាច្រើនជាងបុរសក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្ម ដោយសារតែបទដ្ឋានវប្បធម៌ និងកង្វះការទទួលបាននូវការអប់រំ ព្រមទាំងព័ត៌មានទីផ្សារជាដើម ។
បើយោងតាមរបាយការណ៍មូលនិធិអាស៊ីឱ្យដឹងថា ស្ត្រីខ្មែរមានប្រមាណជា៥១ភាគរយនៃចំនួនពលរដ្ឋសរុប ប៉ុន្តែលទ្ធភាពនៃការចូលរួមក្នុងសង្គម នយោបាយ និងសេដ្ឋកិច្ច ត្រូវបានបិទបាំង និងមានកម្រិតនៅឡើយ ។
លោកស្រី សេង តក្តនារី អតីតប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសិនតូសាស៊ាល មានប្រសាសន៍ថា ៖ «បច្ចុប្បន្នស្ត្រីចូលរួមក្នុងវិស័យឯកជនមានជាង៦០ភាគរយនៃអ្នកធ្វើជំនួញលើអាជីវកម្មខ្នាតតូច និងកណ្តាល ដោយមិននិយាយខ្នាតខ្ពស់ទេ ។ បុ៉ន្តែបើថ្នាក់តំបន់វិញ យើងខ្ពស់ជាងគេក្នុងចំណោម១០ប្រទេស ។ ស្ត្រីជាសហគ្រិនមានកំណើនខ្ពស់ក្នុងឆ្នាំនេះ» ។
យោងតាមជំនឿសហគ្រាសក្នុងឆ្នាំ២០១១ សហគ្រិនស្ត្រីមានប្រមាណ៦៥ភាគរយក្នុង៥ម៉ឺនសហគ្រាសនៅប្រទេសកម្ពុជា ដែលភាគច្រើនពួកគេស្ថិតនៅក្នុងអាជីវកម្មលក់ដុំ និងរាយ សេវាស្នាក់នៅ និងអាហារ ។
លោក អ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគត មានប្រសាសន៍ថា ស្ត្រីមានចំនួនតិចតួចក្នុងជួរថ្នាក់ដឹកនាំ ដោយសារតែប្រទេសកម្ពុជា ពីដើមមកជួបនូវកត្តាពីរយ៉ាងគឺ ៖
១-ជាប្រទេសច្របូកច្របល់មានបញ្ហាក្នុងសង្គមច្រើន អីុចឹងហើយប្រុសៗគេមានការលើកសាច់ដុំ ក្លាហាននឹងការប្រយុទ្ធ ទើបប្រុសៗតែងដឹកនាំសង្គមរហូត តាំងពីពេលនោះមកមានបន្សល់ទុកការដឹកនាំក្នុងជួររាជរដ្ឋាភិបាល ។
២-ដោយសារវិស័យសេដ្ឋកិច្ច ព្រោះវិស័យសេដ្ឋកិច្ចពីដើមមកជាវិស័យសេដ្ឋកិច្ចកម្លាំងបាយ កសិកម្ម ហើយសេដ្ឋកិច្ចផ្សេងៗប្រើទៅលើកម្លាំងច្រើន ដូចជារត់ពន្ធជាដើម ។
លោក អ៊ូ វីរៈ លើកឡើងដែរថា ៖ «ដោយសារតែវិស័យសេដ្ឋកិច្ចបច្ចុប្បន្នដូរមកប្រើខួរក្បាលច្រើន ដូច្នេះស្ត្រីមានឱកាសច្រើនជាងមុន។ ក្រៅពីនោះ ស្ថាប័នភាគច្រើនបានផ្តល់ឱកាសឲ្យបុរសតាំងពីដើមមកស្ទើរក្លាយជាទម្លាប់ទៅហើយ ទើបបុរសក្រាញននេលមិនចង់ឲ្យស្ត្រីចូលក្នុងជួរថ្នាក់ដឹកនាំ ។ ទន្ទឹមនឹងនេះ ខ្ញុំសង្កេតឃើញវិស័យឯកជនខ្លះ ស្ត្រីខំប្រឹងប្រែងដោយខ្លួនឯង ទោះជាមានការរារាំងច្រើន ក៏ទទួលជោគជ័យច្រើនដែរ» ។
ទោះបីជាសង្គមខ្មែរមានការផ្លាស់ប្តូរដោយមានការលើកតម្លៃស្ត្រីជាងមុនក៏ដោយ ក៏ស្ត្រីមួយចំនួននៅមានការរារែកក្នុងការចូលរួម ឬចាប់យកឱកាស ។ ពួកគេមួយចំនួនមានការលំបាកក្នុងការសម្រេចចិត្តលើការងារ ដោយសារតែផ្នត់គំនិតខ្លួនឯង និងសង្គម ។
អ្នកនាង ចាន់ សុភ័ណ្ឌ មន្ត្រីគម្រោង អង្គការបន្ទាយស្រី បង្ហាញថា ៖ «បើនិយាយពីការសម្រេចចិត្តក្នុងគ្រួសារ និងសង្គមវិញនោះ បុរសមានប្រៀបជាងស្ត្រីយូរណាស់ហើយ តាំងពីគាត់នៅក្នុងពោះម្តាយមកម្ល៉េះ នេះដោយសារតែផ្នត់គំនិតសង្គមធ្វើឲ្យបុរសមានប្រៀបជាងស្ត្រីរហូតមក សូម្បីតែក្នុងច្បាប់ស្រីច្បាប់ប្រុស ក៏បុរសមានប្រៀបជាងស្ត្រីដែរ ហើយការអនុវត្តវិញ ក៏បុរសមានប្រៀបជាងទៀត ។ ការសម្រេចចិត្តគ្រប់គ្រងឬដឹកនាំ គឺមានការរៀបចំបែបបទ និងរចនាសម្ព័ន្ធដូចជា គេបម្រុងលើកទៅខាងបុរស ដូច្នេះស្ត្រីត្រូវបានផាត់ចេញច្រើន» ។
អ្នកនាងបន្តថា «ប្រសិនបើស្ត្រីកាន់តួនាទីជាអ្នកគ្រប់គ្រងនោះ ពួកគាត់នឹងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងមជ្ឍដ្ឋានជំរុញសព្វបែបយ៉ាង ។ ផ្ទុយទៅវិញ បុរសមិនអាចបែងចែកគ្រប់យ៉ាងបានឡើយ ដោយសារពួកគាត់សម្លឹងឃើញការទទួលបានប្រយោជន៍សម្រាប់ក្រុមបុរសច្រើនជាង» ។
ការទទួលចំណេះដឹង និងព័ត៌មានគ្រប់គ្រាន់ធ្វើឲ្យស្ត្រីមួយចំនួនមានភាពក្លាហានក្នុងការសម្រេចចិត្តលើជោគវាសនាអនាគត និងអាជីវកម្មដោយមានទំនុកចិត្តបំផុត ហើយពួកគេច្រើនទទួលបានជោគជ័យ ។
លោកស្រី សេង តក្តនារី លើកឡើងថា ៖ «បើគ្រាន់តែការងារគាត់ (ស្ត្រី) ក្នុងការសម្រេចចិត្ត គាត់គ្មានការលំបាកទេ ប៉ុន្តែគាត់លំបាកក្នុងការសម្រេចពង្រីកអាជីវកម្ម ព្រោះត្រូវការសួរអ្នកដែលពូកែជាង ។ អីុចឹងហើយគាត់ត្រូវការអ្នកប្រឹក្សាយោបល់ និងមើលឃើញវែងឆ្ងាយនៅពេលដែលគាត់ចង់ពង្រីក ឬដាក់ដើមទុនបន្ថែមលើមុខរបរ»។
លោក អ៊ូ វីរៈ បានចង្អុលបង្ហាញទស្សនៈក្នុងការសម្លឹងឃើញការចូលរួមរបស់ស្ត្រីក្នុងតំណែងគ្រប់គ្រងថា ៖ «ខ្ញុំរំពឹងថា នឹងមានការកើនឡើង ដោយសារយើងមើលពីអ្នករៀនសូត្រចាប់ផ្តើមទទួលជោគជ័យច្រើនក្នុងសាកលវិទ្យាល័យ ដែលអាចឈានដល់ការដឹកនាំច្រើនជាងមុន ។ ប៉ុន្តែបើថ្នាក់ដឹកនាំកំពូលសាធារណៈតែម្តងមិនសូវមានទេ ហើយសង្គមនៅតែផ្តល់កាតព្វកិច្ចផ្ទះសម្បែងដល់ស្ត្រីច្រើនជាង ទើបគាត់ជួបបញ្ហា ។ ទោះបីជា១០ឆ្នាំទៀត ក៏មិនទាន់មានភាពស្មើគ្នាដែរ ។ ប៉ុន្តែជាទូទៅ ខ្ញុំឃើញថា មានការរីកចម្រើនបន្តិចម្តងៗ ដោយសារការទាមទារពីស្ត្រី» ៕
ចែករំលែកព័តមាននេះ