រាជធានីភ្នំពេញ ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកទៅលើការវិនិយោគវិស័យអប់រំកុមារតូច ។ នៅឆ្នាំ២០០៨ យើងឃើញថា ការផ្តល់សេវាអប់រំកុមារអាយុ៥ឆ្នាំមានប្រហែល៤០%នៃកុមារទូទាំងប្រទេស ប៉ុន្តែសម្រាប់ឆ្នាំសិក្សា២០១៤-២០១៥នេះមានរហូតដល់៦១,២% ។ អ្វីដែលជាចក្ខុវិស័យបានកំណត់ក្នុងការអប់រំនៅឆ្នាំ២០១៨ យើងចង់ឲ្យកុមារតូចនៅទូទាំងប្រទេស ទទួលបានការអប់រំ យ៉ាងហោចណាស់មាន៨០% ។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា មានប្រសាសន៍ថា គិតមកដល់ឆ្នាំសិក្សា២០១៤-២០១៥នេះ កម្ពុជាមានសាលា មត្តេយ្យចំនួន៦.២២៤កន្លែង បឋមសិក្សាមាន៧.០៥១កន្លែង មធ្យមសិក្សាមាន១.៧៤០កន្លែង ក្នុងនោះអនុវិទ្យាល័យមានចំនួន១.២៤៩ និងវិទ្យាល័យចំនួន៤៥៥កន្លែង ។ ដោយឡែកថ្នាក់ឧត្តមសិក្សាទាំងវិស័យឯកជន និងរដ្ឋមានចំនួន១១០គ្រឹះស្ថានសិក្សា ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ជាទូទៅវិស័យឯកជន មុននឹងសម្រេចវិនិយោគ គាត់បានសិក្សាទៅលើទីផ្សារ និងលើនិន្នាការរបស់រាជរដ្ឋាភិបាលក៏ដូចជាបរិបទនៅក្នុងតំបន់ និងសកលលោក។ រាជរដ្ឋាភិបាល និងក្រសួងអប់រំ បានយកចិត្តទុកដាក់និងផ្តល់ការវិនិយោគទៅលើកុមារតូចនេះ ហើយយើងមានគណៈកម្មការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលមិនមែនតែក្រសួងអប់រំមួយនោះទេដែលធ្វើការនេះ យើងមាន១១ក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាគាំពារ និងអភិវឌ្ឍន៍កុមារតូច ។ ដោយមើលឃើញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលជាពិសេសទីផ្សារនៃសេវាអប់រំកុមារតូចនៅ ក្នុងវិស័យឯកជនថ្មីៗ គឺមានការវិនិយោគច្រើនទៅលើថ្នាក់មត្តេយ្យសិក្សា មានទាំងមត្តេយ្យសិក្សាជាតិ និងមត្តេយ្យសិក្សាអន្តរជាតិ ហើយរាជរដ្ឋាភិបាលរីករាយនឹងចូលរួមពីវិស័យឯកជន ព្រោះធនធានរបស់រាជរដ្ឋាភិបាលមានកំណត់ ហើយបើមានការចូលរួមពីវិស័យឯកជននោះ គឺជាការល្អ រួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសទៅលើកុមារដែលជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យពួកគេអភិវឌ្ឍន៍ខ្លួនឯងត្រៀមទទួលយកការអប់រំថ្នាក់ទី១រហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា ។
បច្ចុប្បន្ននេះ កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រហើយ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដូចនេះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងប្រឹងប្រែងអភិវឌ្ឍន៍ ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងទៅជាប្រទេសមានការអភិវឌ្ឍនៅឆ្នាំ២០៥០។ ដូច្នេះ ដើម្បីសម្រេចចក្ខុវិស័យនេះ ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់នៅក្នុងវិស័យអប់រំ គឺមានសារសំខាន់ណាស់ ។
លោកជំទាវលើកឡើងថា បើយើងគិតទៅផ្នែកសេដ្ឋកិច្ចវិញ បើគេវិនិយោគប្រាក់១ដុលា្លរ លើការអប់រំកុមារតូច នៅថ្ងៃអនាគតពេលកុមារធំធាត់រៀនសូត្រចេះដឹងអាចរកប្រាក់ចំណូលសម្រាប់ខ្លួនឯង និងប្រទេសជាតិបានពី៧ដុល្លារទៅ១៣ដុល្លារទៅតាមស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ ។
ទាក់ទងនឹងការបញ្ជូនកូនតូចទៅសិក្សានៅសាលាឯកជនវិញ លោក ធិត ថាវត្ត មន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានឲ្យដឹងថា ការបញ្ជូនកូនទៅរៀននៅសាលារឯកជនយើងមានពេលវេលាច្រើន ដោយសារគេមានគ្រូមើលថែ និងយកចិត្តទុកដាក់ខ្ពស់ ។ ដោយឡែកនៅសាលារដ្ឋវិញ ការផ្តល់ចំណេះដល់កូនវាល្អដែរ តែពាក់ព័ន្ធនឹងការមើលថែ មិនទាន់មានគ្រូគ្រប់គ្រាន់តាមមើលថែក្មេងៗនៅឡើយ ។
លោក ធិត ថាវត្ត បញ្ជាក់ថា «តាមគំនិតរបស់ខ្ញុំ ការសិក្សារនៅសាលារដ្ឋគឺល្អពាក់ព័ន្ធលើកម្មវិធីអប់រំ ប៉ុន្តែសាលាឯកជនក៏មិនអន់ដែរ ព្រោះកម្មវិធីសិក្សាគេយកតាមសាលារដ្ឋ ។ ជាងនេះទៅទៀត សាលាឯកជនគេមានកម្មវិធីច្រើនលើសពីរដ្ឋ គេមានបង្រៀនភាសាបរទេស បង្រៀនពីរបៀបរស់នៅ និងការអប់រំផ្សេងជាច្រើនទៀត»។
កញ្ញា ហ៊ុន លក្ខិណា បុគ្គលិកផ្នែករដ្ឋបាលនៃសាលាអន្តរជាតិCIA First បានឲ្យដឹងថាសាលាCIA First ចាប់បើកបង្រៀនកុមារមកដល់ពេលនេះមានរយៈពេល១១ឆ្នាំហើយ។ នៅក្នុងឆ្នាំសិក្សា២០១៣-២០១៤កន្លងមក សាលាទទួលសិស្សចូលរៀនកម្រិតថ្នាក់មត្តេយ្យដល់ថ្នាក់ទី៥មានជាង៩៩០នាក់ ក្នុងនោះថ្នាក់សិស្សថ្នាក់មត្តេយ្យមានប្រហែល៤០០នាក់។ ដោយឡែកនៅឆ្នាំសិក្សាថ្មីនេះ តាមការសង្កេតឃើញថា កំណើននៃការទទួលបានសិស្សចូលរៀនមានការកើនឡើងគ្រប់កម្រិតលើសពីការរំពឹងទុក។
កញ្ញាបន្ថែមទៀតថា ក្នុងកម្មវិធីសិក្សានៅសាលាCIA First មានបង្រៀនជាភាសាខ្មែរ អង់គ្លេស និងមានបង្រៀនបន្ថែមពីរភាសាផ្សេងទៀតដល់កូនសិស្សគឺភាសាបារាំង និងចិន។ ដោយឡែកចំពោះការចំណាយសម្រាប់កុមាររៀនពេញម៉ោងពីថ្នាក់ទី១ដល់ទី៥ ជាមធ្យមក្នុងមួយឆ្នាំត្រូវការចំណាយជាង៣ពាន់ដុល្លារ ។
នាយកសាលាវេស្ទើនអន្តរជាតិ លោក តៃ ឡូរិន មានប្រសាសន៍ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់កុមារកាលពីពេលថ្មីៗនេះថា សាលាវេស្ទើនធ្វើការបណ្តុះបណ្តាលពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២ ។ ដោយមានការគាំទ្រពីមួយឆ្នាំទៅមួយឆ្នាំលើគុណភាពអប់រំ គិតមកដល់ឆ្នាំសិក្សា២០១៤-២០១៥នេះ សាលាទទួលបានសិស្សសរុបចំនួន៤.៧០០នាក់ និងមានចំនួន១២ទីតាំង ក្នុងនោះសិស្សមត្តេយ្យមានចំនួន១៥៣៧នាក់ ត្រូវជា៣៣% នៃសិស្សសរុប។ ដោយឡែកនៅឆ្នាំសិស្សា២០១៥-២០១៦ខាងមុខ សាលានឹងបន្ថែមសាខាថ្មីមួយចំនួនទៀតនៅសង្កាត់ទឹកថ្លា និងមួយឬពីរបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងកំណើនរបស់សិស្ស ៕
ចែករំលែកព័តមាននេះ