ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លើកលែង​ពន្ធ​អាករ​លើ​តម្លៃបន្ថែម អាច​ឱ្យ​កម្ពុជា​ប្រកួតប្រជែង​ស្មើភាព​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ព្រួយបារម្ភ​ពី​ការ​យកពន្ធ​អាករ​លើ​តម្លៃបន្ថែម (VAT ១០%)​លើ​រោង​ម៉ាស៊ីនកិនស្រូវ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ក្នុងស្រុក ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​អាច​រក្សា​ជំហរ​បាន​ក្នុង​ការ​ផលិត និង​ការ​ប្រកួតប្រជែង​ជាមួយនឹង​ការ​ហូរ​ចូល​អង្ករ​មក​ពី​ប្រទេស​ជិត ខាង និង​ដើម្បី​ត្រៀមខ្លួន​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មើលឃើញ​ថា ការ​លើកលែង​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​( VAT ១០% ) អាច​ឲ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ប្រកួតប្រជែង​ទីផ្សារ​ដោយ​ស្មើភាព ។

ប្រធាន​គណៈកម្មាធិការ​កែទម្រង់​ថ្លៃដើម និង​ជា​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក គឹ​ម សា​វុ​ធ បាន​ប្រាប់​កោះសន្តិភាព​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្នើ​ទៅ​អគ្គនាយក​ពន្ធដារ ឲ្យ​ពិចារណា​ទៅ​លើ​ពន្ធ​VAT១០% ទៅ​លើ​រោង​ម៉ាស៊ីនកិនស្រូវ ។ លោក​លើក​ឡើង​ថា រដ្ឋាភិបាល​ថៃ គេ​មិន​ដែល​យកពន្ធ​VAT​ទៅ​លើ​រោង​ម៉ាស៊ីនកិនស្រូវ​របស់​គេ​ទេ តែ​ចំណែក​កម្ពុជា​យក​។ លោក​មាន​ប្រសាសន៍​ថា ៖ « ឥឡូវនេះ​ឈាន​ដល់​ដំណាក់កាល​មួយទៀត ដែល​យើង​នឹង​ចូលរួម​នៅ​ក្នុង​សេដ្ឋកិច្ច​អាស៊ាន អុ​ី​ចឹ​ង​កាលណា​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​យើង​បង់ពន្ធ​ច្រើន​ជាង​ថៃ វា​អាច​មាន​ផលវិបាក​នៅ​ពេល​យើង​ចូល​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន អុ​ី​ចឹ​ង​សុំ​ឲ្យ​គាត់​ពិចារណា​អំពី​ពន្ធ VAT ទៅ​លើ​រោង​ម៉ាស៊ីនកិនស្រូវ ហើយ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ឲ្យ​រោង​ម៉ាស៊ីន​ស្រូវ​ក្នុងស្រុក អាច​មិន​ឲ្យ​ក្ស័យធន​បាន » ។

លោក​បន្ត​ថា ៖ « ការ​ស្នើ​សុំ​នេះ យើង​មិន​សំដៅ​តែ​ក្រុមហ៊ុននាំចេញ​នោះ​ទេ គឺ​យើង​សំដៅលើ​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​របស់​កម្ពុជា ហើយ​អ្វី​ដែល​យើង​ស្នើ​ឲ្យ​គាត់​ពិចារណា​ហ្នឹង គឺ​ដើម្បី​ក្រោយ​ពេល​យើង​ចូល​សមាគម​សេដ្ឋកិច្ច​អាស៊ាន គ្រប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​យើង​មាន​លទ្ធភាព​ប្រកួតប្រជែង​ដោយ​ស្មើភាព កុំ​ឲ្យ​ចាញ់​ប្រៀប​គេ ព្រោះ​បច្ចុប្បន្ន​យើង​ចាញ់​ប្រៀប​គេ ដោយ​រោង​ម៉ាស៊ីន​បរទេស​កិន អង្ករ​យក​មក​លក់​ឲ្យ​ខ្មែរ​ថោក ព្រោះតែ​គេ​បង់ពន្ធ​ថោក » ។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ជា​ការងារ​សំខាន់​ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ថ្ងៃ​ខាង​មុខ​ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវការ​ជួប​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ពិភាក្សា​អំពី​របាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ ។ «​របាំង​មិនមែន​ពន្ធគយ​នេះ​ជាក់ស្តែង​នៅ​រាល់ថ្ងៃ យើង​មិន​អាច​នាំ​ចេញ​អង្ករ​ទៅ​លក់​ដោយ​សេរី​នៅ​ហ្វ៊ី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ព្រុយ​ណេ និង​ម៉ា​ឡេ​ស៊ី បាន​ទេ គឺ​យើង​ត្រូវ​ឆ្លងកាត់​នូវ​អន្តរការី​របស់​រដ្ឋាភិបាល​មួយ មាន​ន័យ​ថា រដ្ឋាភិបាល​ហ្នឹង​ចុះហត្ថលេខា​អនុញ្ញាត ទើប​យើង​អាច​យក​ទៅ​លក់​បាន បើ​យើង​គ្រាន់តែ​ជួប​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ទាំងនោះ ដោយ​គាត់​បាន​ឯកភាព​ទិញ​ហើយ យើង​ដឹក​ទៅ​លក់​អត់​បាន​ទេ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​អត់​មាន​សិទ្ធិ​នាំ​ចូល​អង្ករ​នោះ​ទេ ។ តែ​ដោយឡែក​ប្រទេស​ផ្សេង​ទៀត​អាច​នាំ​អង្ករ​មក​លក់​នៅ​កម្ពុជា​បាន​ដោយ​សេរី ដោយសារ​តែ​យើង​ខ្វះ​នីតិវិធី​ច្បាប់​ដើម្បី​ធ្វើ​ជា​រនាំង​ដែល​ហៅ​ថា​រនាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ​» ។ នេះ​បើ​តាម​លោក គឹ​ម សា​វុ​ធ ប្រធាន​គណៈកម្មាធិការ​កែទម្រង់​ថ្លៃដើម និង​ជា​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង ។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ស្វែង​យល់​និង​ទទួលស្គាល់​អំពី​ផល​លំបាក​ទាំងឡាយ​ដែល​រោង​ម៉ាស៊ីន បាន​និង​កំពុង​ប្រឈម ។ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចងក្រង​សរសេរ​នូវ​បទដ្ឋាន​គតិ​យុ​ត្ត​ជូន​ដល់​ក្រសួង​និង​រាជរ​ដា្ឋ​ភិ​បាល ដោយ​បាន​សុំ​ឲ្យ​រួច​ពន្ធ​អាករ​លើ​តម្លៃបន្ថែម VAT ១០% ទាំងស្រុង​ចំពោះ​រាល់​ការ​ផ្គត់ផ្គង់​ផល និង​អនុ​ផល​កសិកម្ម ដែល​ក្នុង​នោះ​រាប់​ទាំង​អង្ករ​ផង​ដែរ ហើយ​សង្ឃឹមថា ច្បាប់​នេះ​នឹង​អាច​ត្រូវ​បាន​អនុម័ត និង​អនុវត្ត​បាន​នៅ​ដើមឆ្នាំ ២០១៦​ខាង​មុខ ។ នេះ​បើ​យោង​តាម​លោក វ៉ា​ន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឆ្លើយ​តប​ទៅ​ខាង​សហ​ព​ន្ធ័​ស្រូវ​អង្ករ​កម្ពុជា​នៅ​ជំនួប​ពិភាក្សា​កាលពី​ពេល​កន្លង​ទៅ ។

ទាក់ទង​នឹង​ការ​ស្នើ​សុំ​ឲ្យ​មានការ​លើកលែង VAT១០%​នេះ លោក សុង សា​រ៉​ន អគ្គនាយក​និង​ជា​ប្រធាន​ក្រុមហ៊ុន AMRU Rice (Cambodia)​មាន​ប្រសាសន៍​ថា វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ទៅ​ដល់ទី​ផ្សារ​នៅ​ក្នុងស្រុក មិន​ឲ្យ​គាត់​មិន​មានការ​ភ័យ​ខ្លាច​ទៅ​លើក​កាតព្វកិច្ច​បង់ពន្ធ ។ « ប្រ​សិន​យើង​លើកលែង​មិន​យកពន្ធ VAT​នេះ ខ្ញុំ​ជឿ​ថា ម្ចាស់​រោង​ម៉ាស៊ីន​ទាំងអស់ គាត់​នឹង​សប្បាយ​រីករាយ​នូវ​ការ​មិន​យកពន្ធ​នេះ គឺ​គាត់​អាច​លក់​ក្នុង​តម្លៃ​មួយ​ច្បាស់លាស់ » ។

លោក​បន្ត​ថា តើ​រាល់​ថ្ងៃនេះ​មាន​រោង​ម៉ាស៊ីន​ប៉ុន្មាន​បង់ពន្ធ ? នៅ​ពេល​ម្ចាស់​រោង​ម៉ាស៊ីន​បង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​១០%​នេះ ខ្ញុំ​យល់​ថា​គាត់​មិន​មាន​ប្រាក់​ចំណេញ​ទេ​នៅ​ក្នុង​ការងារ​រកស៊ី​របស់​ពួក​គាត់ ។ ចំពោះ​ការ​ស្នើ​សុំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​អ​.​ស​.​ក​) នេះ ពិតជា​ត្រឹមត្រូវ ហើយ​ខ្ញុំ​គាំ​ទ​១០០​ភាគរយ ទៅ​លើ​ការ​ស្នើ​សុំ​នេះ ដើម្បី​ឲ្យ​រោង​ម៉ាស៊ីន​កិន​លក់​នៅ​ក្នុងស្រុក​គាត់​អាចរ​ស់បាន​ផង បើ​មិន​អុ​ី​ចឹ​ង​ទេ គាត់​មិន​អាច​ប្រកួតប្រជែង​ឈ្នះ​គេ​ទេ » ។

កន្លង​មក ការ​បង់ពន្ធ VAT 10% សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ភាគច្រើន គាត់​មិនសូវ​ជា​យល់​ទេ ប្រសិនជា​សួរ​ទៅ​តាម​រោង​ម៉ាស៊ីន​ឲ្យ​គាត់​ជួយ​បំពេញបែបបទ​ពន្ធ​នេះ​សួរ​ថា គាត់​ចេះ​ទេ ? គឺ​គាត់​មិន​ទាន់​ចេះ​ទេ មក​ដល់​ឥឡូវ រោង​ម៉ាស៊ីន​ភាគច្រើន គាត់​មិន​ទាន់​យល់​ពី​កាតព្វកិច្ច​បង់ពន្ធ​នេះ តែបើ​គាត់​បង់ពន្ធ​មែន​នោះ ការ​ប្រកួតប្រជែង​របស់​ពួក​គាត់ ពិតជា​មិន​ឈ្នះ​គេ​ទេ ។

ចំពោះ​ការ​ឆ្លើយ​តប​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា ច្បាប់​នេះ​នឹង​អាច​ត្រូវ​បាន​អនុម័ត​និង​អនុវត្ត​បាន​នៅ​ដើមឆ្នាំ ២០១៦ សម្រាប់ លោក សុង សា​រ៉​ន ថ្លែង​ថា «​ខ្ញុំ​ឃើញ​ថា វា​ប៉ះពាល់  ព្រោះ​អង្ករ​ជា​ទំនិញ​មួយ​ដែល​ងាយរ​ប៉ះពាល់​ជាង​មុខទំនិញ​ផ្សេង​ៗ ។ ម្យ៉ាងទៀត​រាល់​ការ​វិនិយោគ​របស់​ពួក​គាត់ ដើមទុន​ភាគច្រើន គាត់​ខ្ចី​ពី​ធនាគារ អុ​ី​ចឹ​ង​គាត់​មាន​កាតព្វកិច្ច​បង់ការ​ប្រាក់​ជូន​ធនាគារ ហើយ​រាល់​បំណុល​របស់​ពួក​គាត់ អ្នក​ណា​ទទួលខុសត្រូវ ? បើ​យើ​មិន​ជួយ​នៅ​ពេល​ឥឡូវ បើ​ចាំ​ដល់​ឆ្នាំ​២០១៦​ឬ​ឆ្នាំ​២០១៧ ទើប​ជួយ ពេល​នោះ​វា​ចង់​ហួស ឬ​អាច​នឹង​ក្ស័យធន ស្រប​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក យើង​នឹង​ចាញ់​គេ ។ ខ្ញុំ​គិត​ថា គួ​តែ​ពិចារណា​ធ្វើ​យ៉ាងម៉េច​ឲ្យ​បាន​មុន​ឆ្នាំ​២០១៦​ទៅ ដើម្បី​ឲ្យ​គាត់​មាន​លទ្ធភាព ហើយ​ខ្ញុំ​ជឿ​ថា រោង​ម៉ាស៊ីន​នៅ​ក្នុង​SMEs​របស់​យើង​នឹង​រស់​រវើក​ឡើង​វិញ » ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៥​នេះ មាន​កំណើន​ប្រមាណ​២៥,៥៣% ធៀប​នឹង​ឆ្នាំ​២០១៤ ។ ក្នុង​នោះ​ចំនួន​ពន្ធ​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន មានការ​កើនឡើង ដោយ​ពន្ធលើប្រាក់បៀវត្ស កើនឡើង​២១,៣% ពន្ធលើប្រាក់ចំណេញ​២៧,៦% អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ​១៥,៩% និង​អាករ​ពិសេស​កើន​ប្រមាណ​២៧,១% ៕