រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ តុលា ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ ៧២ E2 តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាព្រៃ២ ខណ្ឌចំការមន ដោយសារតែម្ចាស់ផ្ទះមានកាសង្ស័យថា ចោរចូលសំងំក្នុងផ្ទះរបស់គាត់ ធ្វើឱ្យប៉ូលិសចុះមកធ្វើការឡោមព័ទ្ធផ្ទះដើម្បីចាប់ចោរទាំងកណ្តាលយប់ ។
ម្ចាស់ផ្ទះខាងលើបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់កំពុងលង់លក់នៅក្នុងបន្ទប់ ស្រាប់តែពេលនោះគាត់បានឮសំលេង ដូចជាសំលេងមនុស្សដើរចូលមកក្នុងផ្ទះរបស់គាត់ចឹង ហើយគាត់ក៏ក្រោកឡើងទៅមើលឱ្យដឹងច្បាស់ គឺឃើញស្រមោលមនុស្សចូលមកពិតមែន គាត់ក៏រត់ចេញមកសំយាបមុខផ្ទះ ហើយស្រែកឱ្យគេជិតខាងជួយ និងបានចាក់សោបិទទ្វារដើម្បីការពារសុវត្ថិភាព ព្រោះថាគាត់នៅតែម្នាក់ឯងដោយគ្មានអ្នកនៅជាមួយឡើយ ។ ភ្លាមនោះប្រជាពលរដ្ឋរាយការណ៍ប្រាប់ប៉ូលិសដើម្បីចុះមកឡោមព័ទ្ធជុំវិញផ្ទះតែម្តង ។
នៅជុំវិញបរិវេណផ្ទះ មានមនុស្សមកចោមរោមមើលជាច្រើន និងនៅពីខាងក្នុងរបងផ្ទះមានបងប្អូនម្ចាស់ផ្ទះ និងសមត្ថកិច្ចជាច្រើននាក់ កាន់ដំបងច្រូងច្រាងរង់ចាំ ខ្លាចចោរស្ទុះចេញមករត់រួច ។ ប៉ុន្តែក្រោយពីប៉ូលិសសម្រុកចូលធ្វើការឆែកឆេររួចមកពុំមានឃើញស្រមោលចោរណាម្នាក់ឡើយ ។
សមត្ថកិច្ចបាននិយាយដែរថា ចោរអាចនឹងដឹងខ្លួនរត់ទៅតាមទ្វារមុខបាត់ ពេលដែលម្ចាស់ផ្ទះស្រែកឆោឡោនោះ ឬមួយក៏ម្ចាស់ផ្ទះគាត់មើលច្រលំថាមានមនុស្សចូលមកក្នុងផ្ទះរបស់គាត់ ។
ក្រោយពីសមត្ថកិច្ចចូលធ្វើការឆែកឆេរមិនមានអ្វីនោះ សមត្ថកិច្ចបានបែកជើងគ្នាចេញទៅល្បាតតាមមូលដ្ឋានវិញ ចំណែកម្ចាស់ផ្ទះក៏បានចូលទៅក្នុងផ្ទះរបស់ខ្លួនវិញ ដោយទុកចិត្តថា មិនមានចោរចូលសំងំក្នុងផ្ទះគាត់នោះទេ ៕




ចែករំលែកព័តមាននេះ