ទីក្រុងប៉េកំាង ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនៅយប់ថ្ងៃទី១៥ តុលា ២០១៥ មានខ្លឹមសារទំាងស្រុងថា ”នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានជួបប្រជុំពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) នៅវិមានប្រជាជនចិន ។
លោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់សម្តេចតេជោថា ប្រទេសចិនគាំទ្រផ្តល់កូតានាំអង្ករពីកម្ពុជាចូលប្រទេសចិនចំនួន១០ម៉ឺនតោនទៅតាមការស្នើសុំរបស់សម្តេចតេជោ។ ទន្ទឹមនឹងនេះដែរ ភាគីចិនបានឯកភាពផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន១ពាន់លានយ័ន និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំផងដែរ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាប្រកបដោយផ្លែផ្កាខាងលើនេះ នៅល្ងាចថ្ងៃដដែល សម្តេចតេជោ និង លោកប្រធានាធិបតីចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី ចុះ ហត្ថលេខាលើឯកសារចំនួន៥៖
១-ពិធីសារជាកិច្ចព្រមព្រៀងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ។
២-កិច្ចព្រមព្រៀងផ្តល់ថវិកា។
៣-កិច្ចព្រមព្រៀងវិនិយោគលើវិស័យឧស្សាហកម្ម និងកៅស៊ូ។
៤-កិច្ចព្រមព្រៀងបណ្តុះបណ្តាល វិនិយោគ និង កសិ-ឧស្សាហកម្ម។
៥-កិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជាក្នុងមួយឆ្នាំៗ១០ម៉ឺនតោន ចាប់អនុវត្តពីឆ្នាំ ២០១៦តទៅ។
លោកប្រធានាធិបតី ស៊ី ជិនពីង បានអបអរសាទរ សម្តេចតេជោ ដែលទទួលបានការគាំទ្រធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ។ លោក ស៊ី ជិនពីង បានសម្តែងនូវការរីករាយចំពោះការយាងចូលរួមរបស់ព្រះមហាក្សត្រកម្ពុជា ក្នុងពិធីប្រារព្ធខួបលើកទី៧០នៅប្រទេសចិនឆ្នាំនេះ ។
លោក ស៊ី ជិនពីង ក៏បានបញ្ជាក់អំពីការគាំទ្ររបស់បក្សកុម្មុយនីស្តចិនដល់កម្ពុជា ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំពិសេសរបស់គណបក្សនយោបាយអាស៊ី ។ សម្តេចតេជោ បានអរគុណលោកប្រធានាធិបតីចិនដែលបានអបអរសាទរសម្តេចជាប់ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះដែរសម្តេចតេជោ ក៏បានអបអរសាទរដល់ប្រទេសចិនដែលបានប្រារព្ធខួបលើកទី៧០ ជាមួយនិងការបង្ហាញនូវសមិទ្ឋផលរីកចំរើនគ្រប់វិស័យរបស់ប្រទេសចិន។
សម្តេចតេជោ គាំទ្រយ៉ាងខ្លាំងក្លាចំពោះគោលនយោបាយសេដ្ឋកិច្ចផ្លូវសូត្រដែលជាគំនិតផ្តួចផ្តើមរបស់ចិន រួមទាំងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលមានសារៈសំខាន់បំផុតសំរាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ ។ សម្តេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែយកចិត្តទុកដាក់ព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចព្រះវរៈរាជមាតាជាតិខ្មែរ ។ សម្តេចតេជោ បានស្នើដល់ភាគីចិនអោយជួយបណ្តុះបណ្តាលដល់យុវជន និងស្រ្តីកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធានាធិបតីចិនទៅទស្សនកិច្ចនៅកម្ពុជាផងដែរ” ៕






ចែករំលែកព័តមាននេះ