រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវរងការខូចខាតអស់១២ផ្ទាំង ដោយសាររថយន្ដកាមរីបាឡែន បើកដោយបុរសម្នាក់ក្នុងល្បឿនលឿន ហើយគេចម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿង នៅពីមុខរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ រួចបន្តទៅបុករថយន្ដម៉ាកកូរ៉េ មួយគ្រឿង ដែលចតនៅលើចិញ្ចើមផ្លូវ គាបជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី១៦ តុលា តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្ដបាឡែន មួយគ្រឿង ពណ៌ខៀវបិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E-1318 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏វ៉ាក់នឹងម៉ូតូហុងដាឌ្រីមដែលជិះដោយបុរសម្នាក់ នៅពីមុខក៏រេចង្កួតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់១២ផ្ទាំង ហើយបន្តទៅបុករថយន្ដកូរ៉េ មួយគ្រឿង ចតនៅលើចញ្ចើមផ្លូវគាបជាប់នៅនឹងកន្លែង ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្ដទុករថយន្តនៅកន្លែងកើតហេតុ ហើយបានឡើងជិះរថយន្ដមួយគ្រឿងទៀតចេញទៅបាត់ ត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕


ចែករំលែកព័តមាននេះ