ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក្តានុពលខេត្តរតនគិរីទឹកដីនៃជនជាតិដើមភាគតិចច្រើនសំបូរបែប

13 ឆ្នាំ មុន

៨-រមណីយ​ដ្ឋាន​​​ទឹក​ជួរ​តាតៃ ៖
តាតៃ គឺ​ជា​ទី​កន្លែង​ដែល​មាន​ល្បាក់​ទឹក​ជួរ​ហូរ​ជ្រែក​តាម​ចន្លោះ​ថ្ម​ដា ស្រស់​​ត្រកាល​​ស្ថិត​នៅ​តាម​បណ្តោយ​​ទន្លេ​​ស្រែ​ពក ក្នុង​ឃុំ​ជ័យ​​ឧត្តម​​ ស្រុក​លំផាត់ មាន​ចំងាយ​ប្រហែល​៣៤​គីឡូ​ម៉ែត្រ ខាង​ត្បូង​​ក្រុង​បាន​លុង ។
ទឹក​ជួរ​តាតៃ​ តែង​តែ​បង្ហាញ​ភាព​​ទាក់​ទាញ​របស់​​ខ្លួន​នៅ​រដូវ​ប្រាំង​ចាប់​ពី​ខែ​កុម្ភៈ ​ដល់​ខែ​មេសា។ នា​​អំឡុង​ពេល​នេះ​ ​គឺ​គេ​អាច​លេង​កំសាន្ត​ជា​មួយ​នឹង​ទឹក​ដ៏​​ថ្លាឈ្វេង​ហូរ​កាត់​តាម​​​ ចន្លោះ​ផ្ទាំង​ថ្ម​​តូច​ធំ និង​ឆ្នេរ​ខ្សាច់​ ហើយ​នៅ​​តាម​វាល​ដែល​មាន​ល្បាក់​ទឹក​​ជួរ​ហូរ​កាត់​​នោះ​ក៏​សំបូរ​ទៅ​ដោយ​ កូន​ព្រៃ​រុក្ខ​ជាតិ​លិចទឹក​​ដែរ ។ ដោយ​​មាន​បណ្តោយ​​២​ទៅ​៣​គីឡូ​ម៉ែត្រ ​ល្បាក់​ទឹក​ជួរតាតៃ​ក៏​ផ្តល់​ជា​កន្លែង​ដ៏​​ប្រសើរ​មួយ​សំរាប់​​ការ​ស្ទូច​ ត្រី​លេង​កំសាន្ត​នៅ​ត្រង់​ចំណុច​ស្ងាត់ៗ​ខ្លះ ។ ក្នុង​ពេល​មាន​ពិធី​បុណ្យ​​ចូល​​ឆ្នាំខ្មែរ​​ និង​ចូល​ឆ្នាំ​ចិន ល្បាក់​ទឹក​នេះ​ជា​កន្លែង​ដ៏​ល្អ​​ពិសេស​​មួយ​សំរាប់​​​​អ្នក​ទេសចរ​ក្នុង​ ស្រុក​ដែល​និយម​ធ្វើ​ដំណើរ​​កំសាន្ត​វិល​ល្ងាច​​ពី​ទី​រួម​ខេត្ត​ទៅ​​កាន់​ ទី​នោះ ដើម្បី​ទទួល​ទាន​អាហារ​វេច​ខ្ចប់​នៅ​តាម​រមណីយ​ដ្ឋាន​ ឬ​ហៅ​ថា​ភិច​និច​​ រួច​ចុះ​មុជ​ទឹក​​ និង​ហែល​ទឹក​លេង​កំសាន្ត​យ៉ាង​ត្រជាក់​ចិត្ត។
បើ​ឆ្លង​ទៅ​ត្រើយ​​ម្ខាង​នៃ​ទន្លេ​ស្រែ​​ពក និង​កន្លែង​​ទឹក​ជួរ ​ទី​នោះ​គឺ​ជា​សហ​គមន៍​ដ៏​ធំ​របស់​បង​ប្អូន​​ជន​ជាតិ​​ឡាវ និង​ខ្មែរ​រស់​នៅ​យ៉ាង​សុខដុម​រមនា ។ ភាគ​ច្រើន​​គេ​ប្រើ​ប្រាស់​ពីរ​ភាសា គឺ ភាសា​ខ្មែរ និង​​ភាសា​​​ឡាវ ពួក​គេ​ជា​កសិ​ករ និង​ជា​​អ្នក​នេសាទ​​ ហើយ​ក៏​ជាអ្នក​​ប្រមូល​អនុ​ផល​ព្រៃ​​ឈើ​​ ដើម្បី​​រក​កំរៃ​ចិញ្ចឹម​ជីវិត​ផងដែរ ។

៨-រមណីយ​ដ្ឋាន​​​ទឹក​ជួរ​តាតៃ ៖
តាតៃ គឺ​ជា​ទី​កន្លែង​ដែល​មាន​ល្បាក់​ទឹក​ជួរ​ហូរ​ជ្រែក​តាម​ចន្លោះ​ថ្ម​ដា ស្រស់​​ត្រកាល​​ស្ថិត​នៅ​តាម​បណ្តោយ​​ទន្លេ​​ស្រែ​ពក ក្នុង​ឃុំ​ជ័យ​​ឧត្តម​​ ស្រុក​លំផាត់ មាន​ចំងាយ​ប្រហែល​៣៤​គីឡូ​ម៉ែត្រ ខាង​ត្បូង​​ក្រុង​បាន​លុង ។
ទឹក​ជួរ​តាតៃ​ តែង​តែ​បង្ហាញ​ភាព​​ទាក់​ទាញ​របស់​​ខ្លួន​នៅ​រដូវ​ប្រាំង​ចាប់​ពី​ខែ​កុម្ភៈ​ដល់​ខែ​មេសា។ នា​​អំឡុង​ពេល​នេះ​ ​គឺ​គេ​អាច​លេង​កំសាន្ត​ជា​មួយ​នឹង​ទឹក​ដ៏​​ថ្លាឈ្វេង​ហូរ​កាត់​តាម​​​ចន្លោះ​ផ្ទាំង​ថ្ម​​តូច​ធំ និង​ឆ្នេរ​ខ្សាច់​ ហើយ​នៅ​​តាម​វាល​ដែល​មាន​ល្បាក់​ទឹក​​ជួរ​ហូរ​កាត់​​នោះ​ក៏​សំបូរ​ទៅ​ដោយ​កូន​ព្រៃ​រុក្ខ​ជាតិ​លិចទឹក​​ដែរ ។ ដោយ​​មាន​បណ្តោយ​​២​ទៅ​៣​គីឡូ​ម៉ែត្រ ​ល្បាក់​ទឹក​ជួរតាតៃ​ក៏​ផ្តល់​ជា​កន្លែង​ដ៏​​ប្រសើរ​មួយ​សំរាប់​​ការ​ស្ទូច​ត្រី​លេង​កំសាន្ត​នៅ​ត្រង់​ចំណុច​ស្ងាត់ៗ​ខ្លះ ។ ក្នុង​ពេល​មាន​ពិធី​បុណ្យ​​ចូល​​ឆ្នាំខ្មែរ​​ និង​ចូល​ឆ្នាំ​ចិន ល្បាក់​ទឹក​នេះ​ជា​កន្លែង​ដ៏​ល្អ​​ពិសេស​​មួយ​សំរាប់​​​​អ្នក​ទេសចរ​ក្នុង​ស្រុក​ដែល​និយម​ធ្វើ​ដំណើរ​​កំសាន្ត​វិល​ល្ងាច​​ពី​ទី​រួម​ខេត្ត​ទៅ​​កាន់​ទី​នោះ ដើម្បី​ទទួល​ទាន​អាហារ​វេច​ខ្ចប់​នៅ​តាម​រមណីយ​ដ្ឋាន​ ឬ​ហៅ​ថា​ភិច​និច​​ រួច​ចុះ​មុជ​ទឹក​​ និង​ហែល​ទឹក​លេង​កំសាន្ត​យ៉ាង​ត្រជាក់​ចិត្ត។
បើ​ឆ្លង​ទៅ​ត្រើយ​​ម្ខាង​នៃ​ទន្លេ​ស្រែ​​ពក និង​កន្លែង​​ទឹក​ជួរ ​ទី​នោះ​គឺ​ជា​សហ​គមន៍​ដ៏​ធំ​របស់​បង​ប្អូន​​ជន​ជាតិ​​ឡាវ និង​ខ្មែរ​រស់​នៅ​យ៉ាង​សុខដុម​រមនា ។ ភាគ​ច្រើន​​គេ​ប្រើ​ប្រាស់​ពីរ​ភាសា គឺ ភាសា​ខ្មែរ និង​​ភាសា​​​ឡាវ ពួក​គេ​ជា​កសិ​ករ និង​ជា​​អ្នក​នេសាទ​​ ហើយ​ក៏​ជាអ្នក​​ប្រមូល​អនុ​ផល​ព្រៃ​​ឈើ​​ ដើម្បី​​រក​កំរៃ​ចិញ្ចឹម​ជីវិត​ផងដែរ ។

៩-រមណីយ​ដ្ឋាន​វាល​ថ្ម​រំផ្លង់ ៖
វាល​ថ្ម​រំផ្លង់ ជា​រមណីយ​ដ្ឋាន​អេកូ​​ទេស​ចរណ៍​គួរ​ឱ្យ​​ទាក់​ទាញ​មួយ ​ជា​​ដែន​ដី​ប្រពៃណី​នៃ​សហ​គមន៍​កុល​សម្ព័ន្ធ​ភ្នំ​រស់​នៅ​ទី​នោះ។ នៅលើ​វាល​នោះ​មាន​ស្មៅ និង​មាន​រុក្ខ​ជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​នា​​​រដូវ​វស្សា​​​ចាប់​ពី​​ខែ​ឧសភា ដល់​ខែ​​មករា ។ ​នៅ​ក្បែរ​​នោះ​មាន​អូរ​តូច​មួយ​មាន​ទឹក​​ថ្លា​​​ឈ្វេង​ជានិច្ច​ និង​ជួន​កាល​ហូរ​ផង ហើយ​បាន​ជា​ដាក់​​ឈ្មោះ​ថា «វាល​ថ្ម​រំផ្លង់» ​ដោយ​យក​តាម​ឈ្មោះ​កូន​មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​​ភ្នំ ដែល​រស់​នៅ​ជុំ​វិញ​តំបន់​នោះ។ យោង​ទៅ​​តាម​រឿង​ព្រេង​ គឺ​​ជា​យូរ​លង់​មក​ហើយ វាល​ថ្ម​រំផ្លង់​ជា​វាលថ្ម​ដា​​​ធម្ម​ជាតិ ដែល​ពួក​កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​និយម​ទៅ​លេង​​រួម​ទាំង​កូន​មេ​កុលស​ម្ព័ន្ធ​ក្នុង​តំបន់​​ និង​និយម​ទៅ​បង្ហោះ​​ខ្លែង​លេង​ផង​ដែរ ។
ថ្ងៃ​មួយ​​កុមារ​ឈ្មោះ​​ «រំផ្លង់» ដែ​លជា​កូន​ប្រធាន​កុល​សម្ព័ន្ធ​​ភ្នំ​នៅ​មូល​ដ្ឋាន​នោះ​ក៏​មក​លេង​បង្ហោះ​ខ្លែង​តាម​ធម្ម​តា ​​នៅ​ពេល​នោះ ស្រាប់តែ​មាន​​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ ហើយ​​​ធ្វើ​ឱ្យ​ដាច់​ខ្សែ​​ខ្លែងរបស់​កុមារ​រំផ្លង់​នោះ រសាត់​ទៅ​​ធ្លាក់​ទើរ​​លើ​ចុង​ស្រឡៅ​ដ៏​ធំ​សែន​​ខ្ពស់ ។ កុមារ​រំផ្លង់​មិន​​សប្បាយ​ចិត្ត​​​​ចំពោះ​វាសនា​នៃខ្លែង​​ដ៏​ស្រស់​ស្អាត​​របស់​ខ្លួន​ឡើយ បន្ទាប់​​វា​បាន​​សំរេច​ចិត្ត​ឡើង​​​ដើម​ស្រឡៅ​នោះ ដើម្បី​ទៅ​​យក​ខ្លែង​របស់​ខ្លួន​​​ត្រឡប់​មក​វិញ តែ​ជា​អកុសល​នៅ​ពេល​​​រំផ្លង់​​កំពុង​សួរ​​សំដៅ​ទៅ​ចុង​​មែក​​ស្រឡៅ ជា​​ទី​​ដែល​​ខ្លែង​ទាក់​​ជាប់​នៅ​​ទី​នោះ​ ស្រាប់​តែ​មែក​​នោះ​​បាក់​ ហើយ​រំផ្លង់​ក៏​ធ្លាក់​មក​ក្រោម​​ស្លាប់​មួយ​រំពេច ។
សាក​សព​កុមារ​​រំផ្លង់​​ត្រូវ​គេ​បញ្ចុះ​នៅ​ទី​នោះ​ក្នុង​ផ្នូរ​តូច​មួយ​​ រីឯ​​ខ្លែង​​របស់​រំផ្លង់ ក៏​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​​ក្បែរ​ផ្នូរ​នោះ​ដែរ លុះ​​​ចំ​ណេរ​​ចីរ​កាល​​​ក្រោយ​មក​ ខ្លែង​ដ៏​វែង​ស្រស់​ស្អាត​របស់​រំផ្លង់​​​ក៏​បាន​ក្លាយ​​ទៅ​ជា​អូរ​ដែល​មាន​រហូត​មក​ដល់​​​សព្វ​ថ្ងៃ​នេះ​ឯង ។
ទី​កន្លែង​​ និង​កាល​បរិ​ច្ឆេទ​នៃ​មរណ​​ភាព​របស់​រំផ្លង់​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​​​ជា​រៀង​រាល់​ឆ្នាំ ដោយ​​កុល​សម្ព័ន្ធ​ភ្នំ​ទាំង​ឡាយ​​​នៅ​​ជំនាន់​ក្រោយៗ​មក​ទៀត ។ ពួក​កុល​សម្ព័ន្ធ​​ភ្នំ​នៃ​តំបន់​នោះ​តែង​មក​​ពី​ទី​ជុំ​វិញ​ជិត​ឆ្ងាយ​ទាំង​អស់​ ដើម្បី​មក​ប្រារព្ធ​បូជា​ដល់​ដួង​ព្រលឹង​របស់​រំផ្លង់ ។ ពួក​​គេ​គ្រប់ៗ​គ្នា​តែង​តែ​នាំ​មក​ជា​មួយ​​​នូវ​​ម្ហូប​អាហារ​ ផ្លែ​ឈើ​គ្រប់​មុខ និង​ជា​ពិសេស គឺ​ស្រា​ពាង​មក​កាន់​កម្ម​វិធី​នេះ​រាល់​ៗ​ឆ្នាំ ​។ ចំណែក​អង្កាម​​ដែល​ជា​វត្ថុ​ធាតុ​ដើម​មួយ​ប្រភេទ​សំរាប់​យក​មក​ធ្វើ​​ស្រា​ពាង​តាម​បែប​ប្រពៃ​ណី​ជន​​ជាតិ​ដើម​កុល​សម្ព័ន្ធ​​ភ្នំ​​ ក៏​ត្រូវ​បាន​គេ​បាច​សាច​ចោល​នៅ​បរិ​វេណ​ប្រារព្ធ​​ពិធី​នោះ ដែល​នៅ​ក្បែរ​​ផ្នូរ​របស់​រំផ្លង់ ។ លុះ​ចំណេរ​ចីរកាល​ក្រោយ​មក​​ជា​ច្រើន​ឆ្នាំ​​ គំនរ​អង្កាម​ក៏​កាន់​តែ​រីក​ធំ​ឡើងៗ​រហូត​​ក្លាយ​ជា​កូន​ភ្នំ​តូច​មួយ​នៅ​ទី​នោះ​​ដែល​​បច្ចុ​ប្បន្ន​ប្រសិន​បើ​យើង​ដើរ​ឡើង​ទន្ទ្រាំ​លើ​កូន​ភ្នំ​នោះ​វា​នឹង​ឮ​សូរ​សំលេង​ខ្ទ័រ ។

ដោ​យការ​គោរព​ប្រតិ​បត្តិ​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​​ប្រពៃ​ណី​របស់​ខ្លួន​ ប្រជា​ជន​កុល​សម្ព័ន្ធ​​ភ្នំ​ទាំង​ឡាយ​បាន​ដឹង​​និង​ស្គាល់​ទាំង​អស់​អំពី​ពិធី​បុណ្យ​​រំផ្លង់​​ ហើយ​និង​ទី​កន្លែង​រៀប​ចំ​ពិធី ។​ មូល​ហេតុ​នោះ​​ហើយ​ដែល​​ប្រជា​ជន​​កុល​សម្ព័ន្ធ​ភ្នំ​មូល​ដ្ឋាន និង​ប្រជា​ជន​ខ្មែរ​នៅ​ទី​នោះ​​ហៅ​ថា វាល​រំផ្លង់​រហូត​​មក​ដល់​​បច្ចុ​ប្បន្ន​ និង​ជា​ទី​កំសាន្ត​​ទេស​ចរណ៍​​​នារដូវ​បុណ្យ​ទាន​​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ ។

១០-ឧទ្យាន​ជាតិ​វីរ​ជ័យ ៖
ក្នុង​ភាព​ដ៏​ស្រស់​បំព្រង​ដោយ​ព្រៃ​ធម្ម​ជាតិ​ ជួរ​ភ្នំ​​​ ខ្ពង់​រាប ជ្រលង​ភ្នំ និង​ដង​អូរ​ ដែល​អម​ដោយ​សហ​គមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​ និង​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ កំពុង​តែ​រង់​ចាំ​ស្វាគមន៍​​អ្នក​ទេស​​ចរ​នៅ​ឯ​ឧទ្យាន​ជាតិ​វីរ​ជ័យ ។
ឧទ្យាន​ជាតិ​វីរ​ជ័យ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៣.៣២៥​គីឡូ​ម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ស្រុក​តាវែង​ និង​ស្រុក​​វុឺន​សៃ របស់​ខេត្ត​រតន​គិរី ហើយ​បន្ត​ភ្ជាប់​​នៅ​ដល់​ស្រុក​​សៀម​បា៉ង ខេត្ត​ស្ទឹង​​ត្រែង ​និង​ស្ថិត​​​នៅចំងាយ​​ប្រហែល​​៦០​គីឡូ​ម៉ែត្រ ​ខាង​ជើង​ក្រុង​បាន​លុង ទី​រួម​ខេត្ត​រនត​គិរី ។ ឧទ្យាន​នេះ​ គឺ​ឧទ្យាន​ដ៏​ធំ​ជាង​គេ​​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ហើយ​​ក៏​ធំ​ជាង​​នៅ​ទូទាំង​តំបន់​រួម​ទាំង​​ប្រទេស​ឡាវ និង​វៀត​ណាម ។​លើស​ពី​នេះ​ទៀត ​ឧទ្យាន​នេះ​ត្រូវបាន​គេ​រាប់​បញ្ចូល​ថា ជា​តំបន់​អភិ​រក្ស​ធំ​ជាង​គេ​នៅ​​ទ្វីប​អាសីុ​ផង​ដែរ ។ ទី​នេះ គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​បន្សល់​ទុក​នូវ​ភាព​ដើម​នៃ​ប្រព័ន្ធ​ជីវ​​ចំរុះ​ដោយ​គ្មាន​មនុស្ស​ណា​ម្នាក់​ទៅ​ប៉ះ​ពាល់​បំផ្លិច​បំផ្លាញ​ឡើង​ទាំង​​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​អាសីុ​អាគ្នេយ៍ វា​មាន​ដើម​ឈើ​ខ្លះ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ វាល​ស្មៅ​​ បក្សា​បក្សី​រាប់​រយ​ប្រភេទ រាប់​ទាំង​សត្វ​អង្កត់ក.ស និង​ក.ខ្មៅ ​ត្រដក់​ ត្រសេះ និង​ពពួក​ថនិក​សត្វ​ជា​ច្រើន​​ប្រភេទ​​​ទៀត ។

ព្រៃ​ឈើ​​​ដ៏​ធំ​​ល្វឹង​ល្វើយ​ វាល​ស្មៅ​​យា៉ង​ច្រើន​​ ជួរ​ភ្នំ និង​ជ្រលង​ភ្នំ​​ សុទ្ធ​​សឹង​តែ​ជា​ប្រធាន​បទ​ដ៏​ធំ​មួយ​ដែល​បន្សល់​ទុក​នូវ​ការ​ស្រាវ​ជ្រាវ​សំរាប់​​មនុស្ស​ផង​ទាំង​ពួង។ ក្រៅ​ពី​នេះ ​នៅ​មាន​ប្រភេទ​​​សត្វ​ជា​ច្រើន​ទៀត​ដែល​គេ​ពុំ​ធ្លាប់​​បាន​ស្រាវ​​ជ្រាវ។ ​ក្រុម​អ្នក​​អភិ​រក្ស​ឧទ្យាន​នេះ ក៏​បាន​ប្រទះ​ឃើញ​នូវ​​ហ្វូង​សត្វ​ដំរី​ ខ្លា​ធំ និង​អំបូរ​មំ​សា​សត្វ​ជាច្រើន​ប្រភេទ​ទៀត​ រួម​ទាំង​​សត្វ​​​ប្រភេទ​​ខ្លះ​កំពុង​​ប្រកាស​អាសន្ន​ថា វា​នឹង​ឈាន​ទៅ​ដល់​ការ​បាត់​បង់​នៅ​ក្នុង​លោក​​​យើង​នេះ​ក៏​មាន ។
ភូមិ​​ភាគ​ឦ​សាន​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​​ភូមិ​កំណើត​នៃ​បង​ប្អូន​ជន​ជាតិ​​ដើម​ភាគ​តិច​ជាច្រើន​អំបូរ ដែល​បាន​រស់​នៅ​ទី​នោះ​រាប់​សត​វត្ស​កន្លង​មក​ហើយ ហើយ​ពួក​គាត់​បន្ត​ការ​រស់​នៅ​ជា​មួយ​នឹង​​ការ​ដាំ​ដុះ​ កសិ​ផល​ជីវ​​ចំរុះ។ ​​នៅ​ក្នុង​តំបន់​នេះ ជន​ជាតិ​​ទើប​ភាគ​តិច​ព្រៅ​ និង​កាវ៉ែត​៤​ទៅ​៥​សហ​គមន៍​បាន​បន្ត​ប្រពៃណី​រស់​នៅរបស់​ពួក​គាត់​ដោយ​ពឹង​ផ្អែក​​លើ​អនុ​ផល​​ព្រៃ​ឈើ​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ។ បច្ចុ​ប្បន្ន​​ សហ​គមន៍​​ជន​ជាតិ​​ដើម​​ទាំង​នោះ ​បាន​ចូល​រួម​យ៉ាង​សស្រាក់​​សស្រាក់​នៅ​ក្នុង​កម្ម​វិធី​អភិរក្ស​​ឧទ្យាន​ជាតិ​ដ៏​ធំ​មួយ​នេះ​។ ប៉ុន្តែ​ទោះ​បី​ជា​ឧទ្យា​វីរ​ជ័យ​សំបូរ​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​យា៉ង​​ណា​ក៏​ដោយ​ចុះ ក៏​កេរ​មរតក​សោក​នាដ​កម្ម​នៃ​សម័យ​​​សង្គ្រាម​អាមេ​រិក និង​វៀត​ណាម បាន​បន្សល់​​​ទុក​ស្លាក​ស្នាម​យ៉ាង​ជូរ​ចត់​ដល់​តំបន់​ព្រៃ​ធម្ម​ជាតិ​ដ៏​ធំ​មួយ​នេះ​ដែរ។ បើ​យើង​សង្កេត​ឱ្យ​ដិត​​ដល់​​នៅ​ក្នុង​ឧទ្យា​ន​ជាតិ​វីរ​ជ័យ ក៏​បាន​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ផ្លូវ​លំហ្វ​ជី​មិញ​នៅ​ទី​នោះ​​ដែរ ។

នៅ​ក្នុង​ឧទ្យា​ជា​តិ​វីរ​ជ័យ ​លោក​អ្នក​​អាច​នឹង​បាន​ឃើញ​នូវ​សត្វ​ជា​ច្រើន​ប្រភេទ​រួម​ទាំង​ដំរី​ ខ្លា និង​ខ្លា​ឃ្មុំ​ផង ។ បន្ថែម​លើស​ពី​​នោះ​​​ទៀត នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ​នេះ​ក៏​ជា​​ផ្ទះ​​សម្បែង​របស់​បង​ប្អូន​​ជន​ជាតិ​​ដើម​ភាគ​តិច ប្រមាណ​១.៥០០​គ្រួសារ កំពុង​រស់​នៅ​ទី​នេះ​ផង​ដែរ ។ អ្នក​ទេស​ចរ​​ទាំងឡាយ អាច​នឹងបាន​ឃើញ​អំពី​​ប្រពៃណី​ទំនៀមទំលាប់​ ជំនឿ​​ផ្សេងៗ​​ និង​សកម្មភាព​​​ប្រចាំ​​ថ្ងៃ​​របស់ពួកគេ​​មិន​​ខាន ហើយ​អ្វីដែល​អាច​​មើល​ឃើញ​​យ៉ាង​ច្បាស់​​ក្រឡែត​នោះ គឺ​​ស្លាក​ស្នាម​​នៃសង្គ្រាម​​រវាង​វៀត​ណាម​​ និង​អាមេរិក​​នៅ​ទីនោះ​ ។
ឧទ្យាន​​ជាតិ​វីរជ័យ ក៏ត្រូវ​បានគេ​ទទួល​ស្គាល់​ ហើយ​រាប​់បញ្ចូល​ជា​ឧទ្យាន​​ជាតិ​នៃ​​សម្បត្តិ​​​បេតិ​កភណ្ឌ​​របស់​ប្រជាជាតិ​អាស៊ាន តាំង​ពី​ឆ្នាំ​​២០០៣ មក​ម៉្លេះ ​ថាជា​ឧទ្យាន​ជាតិគំរូ​ក្នុង​​ការ​ចែក​រំលែក​​បទពិសោធន៍​​នៃការ​​អភិរក្ស​​​​​ជីវ​ចំរុះ​​របស់​ខ្លួន​នៅក្នុង​​តំបន់​ក៏​ដូចជា​លើឆាក​អន្តរ​ជាតិ។ តំលៃ​​លិខិត​ចូលទស្សនា​ឧទ្យាន​​ជាតិ​វីរជ័យ​គឺ​១០​ដុល្លារ ​សំរាប់​ទេសចរ​​ម្នាក់ក្នុង​​មួយថ្ងៃ ​ដោយ​រាប់​​ទាំង​ថ្លៃ​​មគ្គុ​ទេ្ទស​ក៏​​រួច​ជា​ស្រេច ។ រី​ឯថ្លៃ​​ស្នាក់នៅ​​តាមផ្ទះ​សំណាក់​សហគមន៍​​នោះ គឺ​ប្រហែល​​៥​ដុល្លារ​​ក្នុង​មួយថ្ងៃ ភាគច្រើន​​ជា​ភ្ញៀវ​​​អន្តរជាតិ​​ទៅទស្សនា​​កំសាន្ត​​នៅទីនោះ​​យ៉ាង​ច្រើន ។

១១-​ជំរកសត្វព្រៃ​​លំផាត់ ៖
លំផាត់​​ ជា​ផ្នែក​មួយនៃ​ទីឋាន​​ពិសិដ្ឋសំរាប់​​អភិរក្ស​​ពពួកសត្វ​​ព្រៃច្រើន​​ប្រភេទ​នៃ​​ដែនជំរក​​សត្វ​ព្រៃ​​របស់ខេត្ត​​រតនគិរី ដែលជា​ទីកន្លែង​​គួរ​ឱ្យ​​ចាប់អារម្មណ៍​​បំផុត​នៃ​សំរស់​​ធម្មជាតិ​របស់​កម្ពុជា។ ​ដែនជំរកសត្វព្រៃ​នេះ​​ស្ថិត​នៅ​ក្នុង​ខេត្ត​​ភាគឦសាន​​​នៃ​ប្រទេស គឺលាតសន្ធឹង​​ពីតាំង​ពី​ខេត្ត​រតន​គីរី​​ រហូត​​ខេត្តមណ្ឌល​​គិរី ​មាន​ទំហំ​​២.២២៥​គីឡូម៉ែត្រ​ការ៉េ​ ហើយ​តំបន់​នេះ​​ក៏ជា​​រមណីយដ្ឋាន​​ទាក់ទាញ​​​អ្នក​ទេសចរ​​ដែរ ​ដោយ​សារ​សំរស់​​ដ៏ត្រកាល​​ពីធម្មជាតិ​​​ ហ៊ុមព័ទ្ធ​​​ដោយ​រុក្ខ​ជាតិធំៗ​ និង​​​ជួរភ្នំ ដង​អូរ​​ ទន្លេ ដែលមាន​ទេស​​ភាព​ស្ងប់ស្ងាត់ ​ពីការ​រំខានទាំង​ឡាយ​របស់​មនុស្ស វាប្រៀប​​បាន​ជា​ឋានសួគ៌​មួយ​សំរាប់​ពពួក​​​សត្វព្រៃ​ជាច្រើន​ប្រភេទ​​ រួមទាំង​ប្រភេទ​សត្វ​​​ដ៏កម្រ​​ជិត​​ផុត​ពូជ​មួយ​ចំនួន​នៅលើ​ពិភព​លោក​នេះផង ។​
តំបន់សត្វ​ព្រៃ​​លំផាត់​មាន​ភ្នំ​ជា​ច្រើន លាយ​ឡំ​​ដោយព្រៃ​ និង​ដី​ទំនាប ​វាលស្មៅ ស្រះ​ ត្រពាំង និងអូរ​​ ដែល​ជា​ប្រភព​ទឹក​ភ្ជាប់ជាមួយ​​ទន្លេ​​ស្រែ​ពក វា​បាន​​ផ្តល់​​ជា​ជំរក​ដ៏​ល្អ​​វិសេស​វិសាល​​​ដល់​ថនិក​សត្វ​ជា​ច្រើនទៀត ​និង​ក៏មាន​​​សត្វ​​បក្សាបក្សី​​តូច​ធំ​ ​ជា​ច្រើន​​​រាប់រយ​​ប្រភេទ​រស់​នៅ និង​​សត្វ​​​ព្រៃ​ធំៗ​ដូចជា​ដំរី ក្របីព្រៃ ​ខ្លា ព្រម​ទាំង​​​ខ្លាឃ្មុំ ​និងពពួក​​ឧរង្គ​​សត្វជា​ច្រើន​​ទៀត​រស់​នៅ​​យ៉ាង​សុខសាន្ត ។

យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​​ដោយ​អង្គការ​ WWF ក្នុង​​​ឆ្នាំ​២០០១​ ​បាន​ឱ្យ​ដឹង​ថា ព្រៃ​នេះ​មាន​ប្រភេទ​​ថនិកសត្វ​​តូចធំ​ជាច្រើន​​ មាន​សត្វ​​បក្សា​បក្សី​​ប្រហែលជា​​១០០ប្រភេទ ​នៅ​ទី​នោះ​​​រួម​មាន​ទាំង​​រុក្ខជាតិ​​តូចធំ​រាប់​រយ​​ប្រភេទ និង​​តំបន់​​ទឹកធ្លាក់​​ជាច្រើន​​កន្លែង​ផងដែរ ។ ក្រៅ​ពី​ផ្តល់​ជំរក​​សត្វព្រៃ​​ជាច្រើនប្រភេទ​ហើយ ​ទីឋាន​ដ៏​ពិសិដ្ឋ​​នេះ​ក៏​ជា​លំនៅ​ឋាន​​របស់​គ្រួសារ​​ជនជាតិ​ដើម​​ភាគតិចជាង​១០០គ្រួសារ​នៅទីនោះ​ផងដែរ ​ដែលភាគច្រើន​​​ជា​ជនជាតិ​​ដើមភាគតិច​ព្នង។ ពួក​​គាត់​​រស់នៅ​ដោយពឹង​​ផ្អែក​លើ​ធនធាន​​ធម្មជាតិ​ក្នុង​ឧទ្យាន​​នេះទាំង​ស្រុង ដែលប្រមូល​​អនុផល​ពីព្រៃ​​ឈើ​មួយ​ចំនួន​ដូចជា​ជ័រ វល្លិ ផ្តៅ​​ តិណ ​ជាតិ និង​ផលានុផល​ព្រៃឈើ​​ដទៃទៀត សំរាប់​ផ្គត់​​ផ្គង់​​ជីវភាព​រស់នៅ​របស់​ពួកគាត់ ។​
ប្រសិន​បើ​​អ្នក​ទេសចរ​​​ចង់ឃើញ​សត្វ​កាន់តែ​ច្រើន​ គេអាច​បោះជំរំ​នៅ​​ទីនោះ​​រហូត​ដល់​​​មួយ​សប្តាហ៍​​​ក៏​បាន​ ដែល​​ដំណើរ​កំសាន្ត​​​របៀប​ការ​ផ្សង​​ព្រេង​នេះ​វា​ពិត​ជា​បានផ្តល់​​ពេលវេលា​​យ៉ាង​ពិសេស សំរាប់ការ​កំសាន្ត​​សប្បាយ​នឹង​សំរស់​ធម្មជាតិ​​​ពិតៗ។ ​នៅទីនោះ​​អ្នក​​ទេសចរ​​អាចជិះ​រទេះ​គោ​ ក្របី ​ដំរី ដែល​​ផ្តល់សេវា​ដោយ​ជនជាតិ​​ភាគ​តិច​ព្នង ហើយ​ការ​ជួលរទេះ ឬ​ដំរី និង​អ្នក​បរ​ដំរី (ហ្ម​ដំរី) មាន​​តំលៃ​ប្រហែល​​​ពី​១៥​ដុល្លារ ទៅ​​២៥​ដុល្លារ ក្នុងមួយថ្ងៃ ៕​ (ចប់ដោយបរិបូរណ៍)