ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ដែលប្តីទើបតែស្លាប់បាន៣ខែ ត្រូវជនសង្ស័យម្នាក់គាស់ជញ្ជាំងផ្ទះលួចចូល ហើយបានវាយប៉ុនប៉ងធ្វើឃាត តែមិនបានសម្រេច កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ តុលា ២០១៥ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះលី សុផា អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានទីលំនៅភូមិកើតហេតុខាងលើ ជាមួយចៅប្រុសអាយុ៣ឆ្នាំម្នាក់ ដែលម្តាយឪពុកបានទៅរកស៊ីនៅប្រទេសថៃបាត់ ។ ស្ត្រីរងគ្រោះត្រូវជនសង្ស័យវាយនឹងដំបងរបួសក្បាល និងផ្ទៃមុខ ព្រមទាំងជាំភ្នែកខាងឆ្វេង ។
ស្ត្រីរងគ្រោះបានឱ្យដឹងថា ក្នុងហេតុការណ៍ខាងលើ គាត់ត្រូវជនសង្ស័យច្របាច់ក.ស្ទើរស្លាប់ ។ ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាតនេះស្ត្រីរងគ្រោះបានអះអាងថា គាត់ស្គាល់អត្តសញ្ញាណច្បាស់តែម្តង ព្រោះមុនកើតហេតុ ខណៈគាត់កំពុងដេកជាមួយចៅប្រុសបានឮសំឡេងជនសង្ស័យគាស់ជញ្ជាំង លុះបែរមើលទៅក៏ឃើញជនសង្ស័យដែលស្គាល់នោះហើយ ពេលគាត់និយាយចំឈ្មោះ និងសួរថា ឯងមកធ្វើអី? ស្រាប់តែជនសង្ស័យស្ទុះមកច្របាច់.កមិនឱ្យស្រែក និងវាយគាត់ តែម្តង ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៥ តុលា ថា កន្លងមក
ខណៈប្តីគាត់មានជំងឺមិនអាចធ្វើអ្វីបាន គាត់ដើរលក់នំ ក៏មានទំនាក់ទំនងស្នេហាជាមួយបុរសចំណាស់ម្នាក់អាយុប្រហែល៥៨ឆ្នាំ ម្នាក់ នៅក្នុងភូមិជាមួយគ្នា ដោយតែងតែលួចជួបគ្នាម្តងម្កាល ។
ស្ត្រីខាងលើបន្តថា ប្រហែលជាង៥ខែមុន ទំនាក់ទំនងស្នេហាគាត់និងបុរសចំណាស់នោះ បានបែកធ្លាយដល់ប្តីរបស់គាត់ ក៏ឈានដល់ការប្តឹងគ្នា ទីបំផុតបុរសដែលមានទំនាក់ទំនងជាមួយគាត់នោះ បានបង់ប្រាក់ដល់ប្តីគាត់ចំនួន២ម៉ឺនបាត (ប្រាក់ថៃ) បញ្ចប់រឿងកុំឱ្យខ្ចរខ្ចាយ ។ ស្ត្រីរងគ្រោះបន្តថា ប្តីរបស់គាត់បានស្លាប់៣ខែហើយ ហើយគាត់ថា ក្រោយប្តីស្លាប់មួយរយៈនេះ ពេលគាត់ទៅ
វត្ត ឬទៅណាជួបប្រពន្ធរបស់បុរសដែលមានទំនាក់ទំនងស្នេហាជាមួយគាត់ពីមុននោះ គេតែងតែសង្គ្រឺតធ្មេញដាក់គាត់ ហាក់មានគំនុំ ។
អ្វីដែលសំខាន់ គឺជនសង្ស័យដែលគាស់ជញ្ជាំងលួចចូលផ្ទះកណ្តាលយប់ ប៉ុនប៉ងធ្វើឃាតនោះ ត្រូវស្ត្រីរងគ្រោះប្រាប់ថា ជាកូនប្រុសរបស់បុរសដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគាត់នេះឯង ។ មិនតែប៉ុណ្ណោះ ស្ត្រីរងគ្រោះក៏ដូចជាសាច់ញាតិប្រាប់ថាកាលពីព្រឹកថ្ងៃទី១៥ តុលា នោះ បុរសជាឪពុកជនសង្ស័យបានមកកាន់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត មកបញ្ចុកបបរ(ស្ត្រីរងគ្រោះ) ហើយធ្វើការអង្វរសុំកុំឱ្យឆ្លើយថា ស្គាល់ជនសង្ស័យជាកូនប្រុសរបស់ខ្លួន ។ ស្ត្រីរងគ្រោះបន្តទៀតថា បុរសនោះនិយាយទៅកាន់គាត់ថា បើឯងព្រមខ្ញុំនឹងបង់ឱ្យ៥ម៉ឺនបាត ហើយជួយចិញ្ចឹមមួយជីវិតទៀត ។
ក្រៅពីនេះ ក៏មានទូរស័ព្ទជាបន្តបន្ទាប់ឱ្យបុរសនោះ ធ្វើការសម្រុះសម្រួលជាមួយគាត់ ដើម្បីបញ្ចប់បញ្ហាផងដែរ ។ ទោះជាយ៉ាងណា គ្រួសារពាក់ព័ន្ធខាងលើ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់បុរសចំណាស់នោះ ចុចចូលតែមិនទទួល ។ នគរបាលរដ្ឋបាលប៉ុស្តិ៍អូរបីជាន់ប្រាប់តាមទូរស័ព្ទថា បញ្ហានេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសឱ្យខាងតែបាន ៕


ចែករំលែកព័តមាននេះ