ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់ដែលមានជម្ងឺរបេងធ្ងន់ធ្ងរបានស្លាប់ភ្លាមៗក្រោយពីរថយន្តតាក់ស៊ីដឹកមកពីមន្ទីរពេទ្យឃុំស្រឯម ដោយឃើញអាការៈមិនស្រួលខ្លាំងក៏ដាក់ចុះពីលើរថយន្ត រួចក៏បើកគេចបាត់ស្រមោល បង្កការភ្ញាក់ផ្អើលពលរដ្ឋពេញក្រុងព្រះវិហារកាលពីរសៀលថ្ងៃទី១៥ តុលា ២០១៥នេះ ។
បុរសជាប្តីស្ត្រីរងគ្រោះឈ្មោះ អ៊ឹម សែន អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាក្នុងវរៈសេនាតូចលេខ៣៧៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ និងមានកូន៣នាក់ (ស្រីម្នាក់ ប្រុស២នាក់) ក្នុងបន្ទុក បានប្រាប់កាសែត«កោះសន្តិភាព»នៅរសៀលថ្ងៃទី១៥ តុលា ២០១៥នេះថា ប្រពន្ធរបស់គាត់ឈ្មោះ ធី រ៉ន អាយុ៤៤ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានជម្ងឺរបេងរយៈពេល២ឆ្នាំមកហើយ នៅព្រឹកថ្ងៃទី១៥ តុលានេះ ដោយអាការៈជម្ងឺរបេងមានសភាពធ្ងន់ធ្ងរពេក រូបគាត់ក៏បានបញ្ជូនប្រពន្ធរបស់ខ្លួនទៅកាន់មន្ទីរពេទ្យឃុំស្រឯមតាមរយៈរថយន្តសាម៉ុយរបស់វរៈសេនាតូចលេខ៣៧៥ តែដោយសារជម្ងឺប្រពន្ធរបស់គាត់ចេះតែធ្ងន់ទៅៗ ក្រុមគ្រូពេទ្យឃុំមិនអាចសង្គ្រោះបាន ក៏តម្រូវឱ្យបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ១៦មករា ក្រុងព្រះវិហារ ។
បុរសជាប្តីបន្តថា ខណៈនោះដែររូបគាត់ក៏បានជិះរថយន្តតាក់ស៊ីម៉ាកកាមរីឆ្លាម១គ្រឿងមិនចាំស្លាកលេខជាមួយប្រពន្ធពីភូមិស្រឯមមកកាន់មន្ទីរពេទ្យក្រុងព្រះវិហារ ក្នុងតម្លៃ២ម៉ឺនរៀល លុះមកដល់ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មិនទាន់ដល់ពេទ្យផង ស្រាប់តែប្រពន្ធរបស់គាត់ដកចង្កាមាន់ ពេលនោះអ្នកបើកបររថយន្តតាក់ស៊ីឃើញសភាពប្រពន្ធរបស់គាត់មិនស្រួលខ្លាំង ក៏ឈប់ដាក់គាត់ និងប្រពន្ធគាត់ចោលនៅចិញ្ចើមផ្លូវ រួចបើកគេចខ្លួនបាត់តែម្តង ។ ពេលនោះស្រាប់តែប្រពន្ធរបស់គាត់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត ។
ក្រោយពេលស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិត មេបញ្ជាការវរៈសេនាតូចលេខ៣៧៥បានបញ្ជូនរថយន្តមកដឹកយកសពទៅកាន់លំនៅឋានវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ