កងទ័ពស៊ីរីកាលពីថ្ងៃទី១៤ តុលា បានបើកធ្វើប្រតិបត្តិការធំមួយ ដើម្បីវាយបណ្តេញពួកឧទ្ទាមចេញពីតំបន់ជុំវិញក្រុងដាម៉ាស់ ចំណែករុស្ស៊ី និងអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ ដើម្បីចៀសវាងការបុកប៉ះគ្នារវាងកងយន្តហោះរបស់មហាអំណាចទាំង២ក្នុងដែនអាកាសស៊ីរី ។
អ្នកទទួលខុសត្រូវខាងការពារប្រទេសអាមេរិកមួយរូប បន្ទាប់ពីការពិភាក្សាគ្នាតាមវីដេអូខេនហ្វេរេន៣លើក រវាងភាគីទាំង២ថ្លែងថា ពិធីសារនៃកិច្ចព្រមព្រៀងមួយរវាងអាេមរិក និងរុស្ស៊ីស្តីពីការកាន់កាប់ដែនអាកាសស៊ីរី អាចចុះហត្ថលេខា ហើយអនុវត្តនាប៉ុន្មានថ្ងៃខាងមុខនេះ ។
ចំណែកក្រសួងការពារប្រទេសរុស្ស៊ីវិញគូសបញ្ជាក់ថា យើងកត់សម្គាល់ឃើញការខិតចូលជិតគ្នានៃជំហរបស់យើងលើបណ្តាចំណុចគន្លឹះនៃអនាគតកិច្ចព្រមព្រៀងមួយ ។
ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ ប្រទេសរុស្ស៊ីចាប់ផ្តើមពីថ្ងៃទី៣០ កញ្ញា មក វាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាប្រឆាំងបណ្តាក្រុមភេវកម្មនៅស៊ីរី ដោយចង់និយាយសំដៅលើក្រុមទាំងអស់ ដែលប្រឆាំងរបបស៊ីរីពោលទាំងពួកជីហាដក្រុមរដ្ឋអ៊ិស្លាមទាំងពួកឧទ្ទាម ។
ក្រុងមូស្គូអះអាងនាថ្ងៃទី១៤ តុលា ថា បានវាយប្រហារលើគោលដៅរបស់ពួកភេរវករដល់ទៅ៤០ រយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងខេត្តអាឡែប អុីដលីប LATTAQUIE ហាម៉ា និង DEIR EZZOR ។
ការបង្កើនការវាយប្រហារតាមអាកាសរបស់រុស្ស៊ីអាចញ៉ាំងឱ្យមានឧប្បត្តិហេតុនានារវាងបណ្តាយន្តហោះប្រដេញរុស្ស៊ី និងបណ្តាយន្តហោះចម្បាំងរបស់ក្រុមចម្រុះនាំមុខ ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនដូចជា អង់គ្លេស និងបារាំងជាដើម ប្រឆាំងពួករដ្ឋអ៊ិស្លាម ។
ក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោនអះអាងថា កាលពីថ្ងៃទី១០ តុលា កន្លងមកនេះ យ៉ាងហោចណាស់មានយន្តហោះរុស្ស៊ី១គ្រឿង និងយន្តហោះរបស់ក្រុមចម្រុះមួយគ្រឿង ស្ថិតនៅឃ្លាតពីគ្នាត្រឹមចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក FRANK WALTER STEINMEIER កាលពីថ្ងៃទី១៤ តុលា អំពាវនាវដល់ក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូឱ្យចៀសវាងកុំឱ្យការចូលរួមប្រយុទ្ធរបស់ពួកគេនៅស៊ីរីក្លាយទៅជាជម្លោះរវាងរុស្ស៊ី និងអាមេរិក ។
ក្នុងជម្លោះដែលកាន់តែស្មុគស្មាញនៅស៊ីរី ព្រោះមានការហក់ចូលរបស់តួអង្គជាច្រើន ប្រទេសតួកគីបានព្រមានមហាអំណាចទាំង២ រុស្ស៊ី និងអាមេរិក ប្រឆាំងរាល់ជំនួយដល់ពួកឃើតជាសត្រូវរបស់ក្រុងអង់ការ៉ា ដែលរងការរិះគន់ថា ជួយពួករដ្ឋអ៊ិស្លាមនៅភាគខាងជើងស៊ីរី ។ ឯកអគ្គរដ្ឋទូតអាមេរិក និងរុស្ស៊ីប្រចាំក្រុងអង់ការ៉ាត្រូវបានកោះអញ្ជើញកាលពីថ្ងៃទី១៣ តុលា ដោយអាជ្ញាធរតួកគីព្រមានប្រឆាំងនឹងរាល់ជំនួយឱ្យដល់ពួកយុទ្ធជនឃើតស៊ីរី ក្នុងក្របខណ្ឌនៃប្រតិបត្តិការពួកគេប្រឆាំងរដ្ឋអ៊ិស្លាម ព្រោះតួកគីចាត់ទុកគណបក្សឃើតស៊ីរីថាជាគណបក្សបងប្អូនរបស់គណបក្សពលករឃើតឌីស្ថាន PKK ដែលចាប់តាំងពីឆ្នាំ១៩៨៤ មកធ្វើសង្គ្រាមប្រឆាំងកងកម្លាំងសន្តិសុខលើទឹកដីខ្លួន ៕


ចែករំលែកព័តមាននេះ