រាជធានីភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាល់ជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ នាថ្ងៃទី១៤ តុលា លោក ពៅ ប៉ូលីណែល អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានផ្តល់នូវអនុសាសន៍ចំនួន៤ចំណុចដល់សមាគមមួយនេះ ដោយផ្តោតជាសំខាន់លើការប្រកាន់ខ្ជាប់នូវអរិយធម៌ វប្បធម៌ របស់ប្រទេសកម្ពុជា រួមទាំងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ទាំងនោះដល់បណ្តាប្រទេសដែលសមាគមបានទៅដល់ ។
លោក ពៅ ប៉ូលីណែល ថ្លែងបញ្ជាក់ប្រាប់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ថា តាមសាវតារវិស័យអាកាសចរស៊ីវិល សំខាន់បទដ្ឋានផ្លូវការរបស់អាកាសចរស៊ីវិលនៅក្នុងប្រទេសកម្ពុជា មានចាប់តាំងពីពេលដែលកម្ពុជា បានក្លាយជាប្រទេសហត្ថលេខីមួយនៃអនុសញ្ញាអន្តរជាតិ ស្តីពីអាកាសចរស៊ីវិលនាឆ្នាំ១៩៥៣ និងត្រូវបានអនុវត្តទៅតាមលិខិតបទដ្ឋានបារាំងជាមូលដ្ឋានបណ្តោះអាសន្នចាប់ពីឆ្នាំ១៩៥៤ រហូតដល់លិខិតបទដ្ឋានជាតិអាចត្រូវបានបង្កើតឡើងនិងអនុវត្ត ។
លោក ពៅ ប៉ូលីណែល បានបញ្ជាក់ថា នៅក្នុងរយៈពេល៦២ឆ្នាំ ដែលបានកន្លងផុតទៅ គិតចាប់ពីពេលនោះមក ការទទួលខុសត្រូវទៅលើការគ្រប់គ្រងអាកាសចរស៊ីវិលត្រូវបានពឹងផ្អែកទៅក្រសួងរបស់រដ្ឋាភិបាលកម្ពុជា ដែលចុងក្រោយបានក្លាយទៅជាទីភ្នាក់ងារគ្រប់គ្រងនាបច្ចុប្បន្ននេះ គឺរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោមការគ្រប់គ្រងផ្ទាល់របស់នាយករដ្ឋមន្ត្រី និងចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ។
ទោះបីជាយ៉ាងណាក៏ដោយ លោកអនុរដ្ឋលេខាធិការក៏បានលើកឡើងផងដែរអំពីតួនាទីសំខាន់ៗ របស់រដ្ឋលេខាធិការអាកាសចរស៊ីវិលសំខាន់តួនាទីវិនិយតករ និងការត្រួតពិនិត្យលើសុវត្ថិភាពជើងហោះហើរ រួមទាំងបញ្ញត្តិកម្មអាកាសយានដ្ឋាន និងការត្រួតពិនិត្យលើប្រតិបត្តិការ ។ បញ្ញត្តិកម្មប្រតិបត្តិការលំហអាកាស និងប្រតិបត្តិការរួមទាំងការត្រួតពិនិត្យផ្នែកសេដ្ឋកិច្ចអាកាសចរណ៍ជាដើម ៕


ចែករំលែកព័តមាននេះ