រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរហូតឈានដល់ការចាប់ខ្លួនបាន បន្ទាប់ពីជននេះ និងបក្សពួកធ្វើសកម្មភាពលួចយករថយន្តកាមរីឆ្លាម ពណ៌.សមួយគ្រឿងដែលម្ចាស់ចតទុកនៅខាងក្រៅផ្ទះ កាលពីយប់កន្លងមក ក្នុងសង្កាត់ទំនប់ទឹក ។
ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១៥ តុលា ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ១៨២ ផ្លូវបេតុង ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពពីមន្ត្រីនគរបាលម្នាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះសាន់ បូរុណ ហៅទី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៨២ ផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវកម្លាំងមានសម្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យ រួមទាំងបក្សពួកម្នាក់ទៀត ធ្វើសកម្មភាពលួចយករថយន្តម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ២០០១ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ ២X-៨៤១២មួយគ្រឿងទៅបាត់ កាលពីពេលកន្លងមក។
ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះមាស វិថុរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងច្នៃត្បូង មានទីលំនៅផ្ទះលេខ៨៤ ផ្លូវលេខ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានបាត់រថយន្តកាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ តុលា ២០១៥ កន្លងទៅនេះ ។
តាមប្រភពដែលបន្តថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៧ តុលា បុរសរងគ្រោះបានបើករថយន្តរបស់ខ្លួនទៅចតនៅចំហៀងផ្ទះលេខ៨២D ផ្លូវលេខ៤១៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយបានចាក់សោ និងចាក់សោចង្កូតទុកយ៉ាងត្រឹមត្រូវ រួចហើយក៏ដើរទៅផ្ទះរបស់ខ្លួនដែលនៅក្បែរផ្សារទំនើបសុវណ្ណាបាត់ទៅ ។ លុះក្រោយពេលដែលកើតហេតុនោះ បងថ្លៃប្រុសរបស់បុរសជាម្ចាស់រថយន្ត ក៏បានដើរមកយករថយន្តក្នុងបំណងបើកចូលទៅចតទុកក្នុងផ្ទះវិញ មិនឃើញក៏បានសួររករថយន្តនោះចតនៅទីណា ទើបមានការភ្ញាក់ផ្អើលកើយឡើងតែម្តង ។
ក្រោយពេលភ្ញាក់ផ្អើលនោះ ពួកគេក៏បានឆែកមើលតាមរយៈកាមេរ៉ាសុវត្ថិភាពទើបដឹងថា រថយន្តត្រូវបានជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចយកទៅបាត់ ។ ភ្លាមនោះពួកគេ ក៏បាននាគ្នារត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក រួមទាំងយករូបដែលកាមេរ៉ាថតជាប់ពីសកម្មភាពលួចចោរលួចរថយន្តទៅជាមួយផងដែរ ។







ចែករំលែកព័តមាននេះ