ប្រទេសភូមាកាលពីថ្ងៃទី១៥ តុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយក្រុមឧទ្ទាមប្រដាប់អាវុធជាច្រើនក្រុមតំណាងឱ្យជនជាតិភាគតិចជាច្រើនសិបរបស់ប្រទេស ដែលជនជាតិភាគតិចទាំងនេះមានជិត១ភាគ៣នៃប្រជាជនរបស់ប្រទេស ។
ទោះបីពេលនេះ មានពួកឧទ្ទាមប្រដាប់អាវុធតែ៨ក្រុមក្នុងចំណោម១៥ក្រុមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះក្តី តែប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអះអាងថា សន្តិភាពចាប់ផ្តើមហើយនាពេលនេះ ។
ប្រធានាធិបតីភូមា លោកថេនសេន ដែលជាអ្នកជំរុញឱ្យសម្រេចបានកិច្ចព្រមព្រៀងនេះក្រោយការចរចាដ៏លំបាករយៈពេល២ឆ្នាំ មានវត្តមានក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ។ ចំណែកមេដឹកនាំប្រឆាំងលោកស្រី អ៊ួង សាន់ស៊ូជី ដែលគណបក្សលោកស្រីសង្ឃឹមឈ្នះឆ្នោតក្នុងការបោះឆ្នោតសភានាថ្ងៃទី៨ វិច្ឆិកា ខាងមុខ ពុំមានវត្តមានឡើយ ។
បណ្តាក្រុមឧទ្ទាមប្រដាប់អាវុធសកម្មនៅរដ្ឋកាជីន និងរដ្ឋសានពុំស្ថិតក្នុងចំណោមក្រុមឧទ្ទាមដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឡើយ ។ ក្រុមឧទ្ទាមទាំងនេះបន្តប្រឈមមុខជាមួយកងទ័ពរដ្ឋាភិបាលក្នុងជម្លោះរយៈពេលជិត៧០ឆ្នាំមកហើយ បន្ទាប់ពីភូមាទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៤៨ ។
ដោយសារអំពើហិង្សានៅបន្តក្នុងតំបន់ទាំងនេះ នាំឱ្យគណៈកម្មាធិការបោះឆ្នោតប្រកាសកាលពីសប្តាហ៍មុនលុបចោលការបោះឆ្នោតក្នុងភូមិជាច្រើនរយ មកពីហេតុផលសន្តិសុខ ៕
ចែករំលែកព័តមាននេះ