ខេត្តបន្ទាយមានជ័យ ៖ ក្រុមចោរប្លន់ស្លៀកឯកសណ្ឋានប៉ារ៉ាប្រដាប់ដោយអាវុធAK មួយដើមបានចូលប្លន់ម្ចាស់ផ្ទះជាទាហានដែលប្រកបមុខរបរសត្វឃាតជាប់ជាយដែនយកប្រាក់អស់១២.២០០ដុល្លារ និង២២ម៉ឺនបាត កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ តុលា ២០១៥ ស្ថិតនៅភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ម្ចាស់ផ្ទះដែលត្រូវចោប្លន់មានឈ្មោះ វេន សាមឿន ភេទស្រី អាយុ៣២ឆ្នាំ ប្តីជាទាហានការពារព្រំដែន មានបុខរបរបើកទីសត្វឃាតជ្រូក រស់នៅភូមិកើតហេតុខាងលើ។
តាមសំដីម្ចាស់ផ្ទះឈ្មោះ វេន សាមឿន បានឱ្យដឹងថា នៅពេលចោរប្លន់ប្រដាប់អាវុធចូលធ្វើសកម្មភាពប្លន់នោះ ប្តីរបស់គាត់បានចេញទៅធ្វើការយាមនៅព្រំដែនហើយ ។
ម្ចាស់ផ្ទះបន្តថា នៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ តុលា ២០១៥ មានមនុស្ស២នាក់ ម្នាក់ឯកសណ្ឋានស៊ីវិល និងម្នាក់ទៀតឯកសណ្ឋានប៉ារ៉ាមានប្រដាប់អាវុធអាកា១ដើមបានសម្រុកចូលមកក្នុងផ្ទះរបស់គាត់ មុនដំបូងគាត់ស្មានថា ប្តី ពេលបើកទ្វារផ្ទះស្រាប់តែក្រុមចោប្លន់ចូលមកវាយគាត់គំរាមយកប្រាក់។
ពេលចូលដល់ក្នុងផ្ទះពួកគេបានរុករើ ហើយវាយគំរាមយកលុយអស់ចំនួន១២.២០០ដុលា្លរ និងប្រាក់ថៃចំនួន២២ម៉ឺនបាត ។ ក្រោយពេលយកបានលុយហើយក្រុមចោរបានចេញទៅបាត់អស់ គាត់បានទូរស័ព្ទប្រាប់ប្តី។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបានប្រាប់ថា ក្រោយពេលចោរធ្វើសកម្មភាពប្លន់ហើយកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ហើយពេលនេះកំពុងស្រាវ់ជ្រាវរកមុខសញ្ញា៕




ចែករំលែកព័តមាននេះ