ខេត្តកំពង់ចាម ៖ សពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ មានស្លៀកខោជើងវែងពណ៌ខ្មៅឆ្នូតស ក្រឡាការ៉ូអុជៗ និងពាក់អាវដៃវែង អាយុប្រហែលជាង៥០ឆ្នាំ បានអណ្តែតជាប់មងរបស់អ្នកនេសាទខ្មែរអ៊ិស្លាមនៅកណ្តាលទន្លេមេគង្គ ស្ថិតត្រង់ចំណុចភូមិទី១១ ឃុំកោះសូទិន ស្រុកកោះសូទិន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ តុលា ២០១៥ ។
លោកវរសេនីយ៍ទោ ប្រេង ហ៊ីម អធិការនគរបាលស្រុកកោះសូទិនប្រាប់ឱ្យដឹងថា កាលពីវេលាព្រឹក អ្នកនេសាទខ្មែរអ៊ិស្លាមបានសារមងឡើងលើទូករបស់ខ្លួន ស្រាប់តែតឹងខុសពីធម្មតា លុះពេលទាញមកមើលទើបដឹងថា ជាប់សពស្ត្រីចំណាស់ម្នាក់ ដែលមានសភាពហើមទៅហើយនោះ ។
លោកបន្តថា បន្ទាប់មកអ្នកនេសាទបានអូសយកមកទុកនៅច្រាំងទន្លេមេគង្គ រួចរាយការណ៏ទៅសមត្ថកិច្ចនៅមូលដ្ឋានឱ្យបានដឹងហើយរូបលោកក៏ចាត់ឱ្យអ្នកជំនាញព្រហ្មទណ្ឌស្រុកចុះទៅពិនិត្យសព តែមិនឃើញមានស្លាកស្នាមនៅលើរាងកាយនោះទេ ។ តាមរយៈអ្នកភូមិទី១១ និងអ្នកនៅក្រៅភូមិ ដែលបាននាំគ្នាមកមើល ក៏មិនស្គាល់ពីភិនភាគថា សពស្ត្រីនោះ មានទីលំនៅឯណាដែរ រហូតមដល់វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែលនេះ ។
ដូច្នេះគណៈកម្មការចម្រុះ រួមទាំងអាជ្ញាធរមូលដ្ឋានបានសម្រេចកប់សពស្ត្រីចំណាស់នៅត្រង់ច្រាំងទន្លេ ក្រែងមានសាច់ញាតិនៅឆ្ងាយណាមកសួររក ។ នៅលើខ្លួនប្រាណសព មិនមានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ដែលកត្តានេះធ្វើឱ្យសមត្ថកិច្ចពិបាកនឹងស្រាវជ្រាវរកពីអាសយដ្ឋាន ។ ជាមួយនោះ លោកសូមអំពាវនាវដល់សមាជិកក្រុមគ្រួសារណា ដែលមានបាត់សមាជិកមានភិនភាគដូចខាងលើ ៕



ចែករំលែកព័តមាននេះ