ខេត្តមណ្ឌលគិរី ៖ ក្នុងឱកាសថ្ងៃឈប់សម្រាកក្រោយបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្រាប់ខេត្តមណ្ឌលគិរីភ្ញៀវទេសចរនៅតែសម្រុកមកលេងកម្សាន្តដូចរៀងរាល់ឆ្នាំ ហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៧ពាន់នាក់ឲ្យមកលេងកម្សាន្ត ប៉ុន្តែតួលេខនេះបើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវជាតិមានការថយចុះតិចតួច ។
លោក ងិន សុវិមាន ប្រធានមន្ទីទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរដែលមកម្សាន្តនៅខេត្តមណ្ឌលគិរី សម្រាប់ភ្ញៀវជាតិបានថយចុះតិចតួច ប៉ុន្តែសម្រាប់ភ្ញៀវអន្តរជាតិវិញមានការកើនឡើង ហើយកត្តាដែលធ្វើឲ្យភ្ញៀវជាតិមានការថយចុះតិចតួចក្នុងឆ្នាំនេះ លោកសន្និដ្ឋានថា ដោយសារតែប្រទេសកម្ពុជាបាននិងកំពុងបង្កើត និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាច្រើនកន្លែងផ្សេងគ្នា ព្រមទាំងផ្លូវថ្នល់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេស ដូច្នេះពួកគាត់តែងសម្រុកទៅលេងតំបន់ទេសចរណ៍ដែលទើបល្បីឈ្មោះ នៅតាមបណ្ដាខេត្តផ្សេងៗ ធ្វើឲ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីមានថយចុះតិចតួច ។
លោក ងិន សុវិមាន បានបន្តថា ទោះបីជាយ៉ាងណាក្តី មន្ទីរទេសចរណ៍នឹងរៀបចំកែលម្អតំបន់ទេសចរណ៍នានាក្នុងខេត្តឲ្យបានល្អប្រសើរជាងនេះថែមទៀត ដើម្បីផ្ដល់សេវាកម្សាន្តដល់ភ្ញៀវ ។ អ្វីដែលធ្វើឲ្យអ្នកទេសចរចាប់អារម្មណ៍ដល់វិស័យទេសចរណ៍នៅក្នុងតំបន់នេះ គឺអ្នកទេសចរចង់ឃើញទេសភាព និងរបស់វិសាលភាពព្រៃ-ភ្នំ តំបន់រមណីយដ្ឋានធម្មជាតិ ទឹកជ្រោះតូច-ធំ សត្វព្រៃជិះដំរីចូលកម្សាន្តក្នុងព្រៃ នាំគ្នាបួងសួងសុំសេចក្តីសុខនៅភ្នំដោះក្រមុំ ទស្សនាសមុទ្រឈើ មើលភូមិជនជាតិភាគតិចរស់នៅ និងនាំគ្នាទៅកម្សាន្តសិប្បកម្មត្បាញរវៃដោយដៃរបស់ជនជាតិ ជាពិសេសនោះ ពួកគាត់ចូលចិត្តធាតុអាកាសត្រជាក់ក្នុងខេត្តនេះតែម្ដង ។
លោកប្រធានមន្ទីទេសចរណ៍ខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនៃឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានភ្ញៀវទេសចរមកកម្សាន្តចំនួន៧.០៤៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៦.៨៩២នាក់ ភ្ញៀវអន្តរជាតិមានចំនួន១៥២នាក់ ហើយតួលេខនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ កន្លងទៅ សម្រាប់ភ្ញៀវទេសចរសរុបមានការថយចុះចំនួន១២.៣៦% ក្នុងនោះភ្ញៀវជាតិថយចុះ១៣.៧២% ភ្ញៀវអន្តរជាតិកើនឡើង១៨០.៣៥% ៕







ចែករំលែកព័តមាននេះ