ប្រទេសជប៉ុន អ៊ុយក្រែន និងអេហ្ស៊ីប នាថ្ងៃទី១៥ តុលា ត្រូវជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប សម្រាប់រយៈពេល២ឆ្នាំ ខណៈសភាពការណ៍អន្តរជាតិមានភាពតានតឹងខ្លាំង ពិសេសនៅតំបន់មជ្ឈិមបូព៌ា ។
ប្រទេសសេណេហ្គាល់ និងអ៊ុយរូហ្គា ក៏នឹងស្ថិតក្នុងចំណោមសមាជិកមិនអចិន្ត្រៃយ៍ថ្មី៥របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែរ ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកប៉ាវឡូ គ្លីមគីន បានព្រមានថា ប្រទេសរបស់លោកពិតណាស់នឹងមិនស្រុះស្រួលជាមួយរុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខឡើយ ។
ជាលើកទី១១ ចូលជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ប្រទេសជប៉ុនក៏នឹងមិនស្រុះស្រួលជាមួយចិន សមាជិកអចិន្ត្រៃយ៍មួយទៀត ដោយសារជម្លោះដែនដីនិងរឿងអតីតកាលដែរ ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប មានសមាជិក១៥ប្រទេស ក្នុងនោះ៥ជាសមាជិកអចិន្ត្រៃយ៍ (អាេមរិក បារាំង រុស្ស៊ី ចិន អង់គ្លេស) ដែលមានសិទ្ធិវេតូ ។ សមាជិកមិនអចិន្ត្រៃយ៍ថ្មី៥ត្រូវជ្រើសរើសរៀងរាល់ឆ្នាំ ដោយមហាសន្និបាត អ.ស.ប ។ សមាជិកថ្មីទាំងនេះនឹងចូលកាន់កៅអីចាប់ពីថ្ងៃទី១ មករា ទៅ សម្រាប់អាណត្តិ២ឆ្នាំ ។
ការជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍ផ្អែកលើតំបន់ហើយឆ្នាំនេះ សមាជិកថ្មី៥គឺជប៉ុន អេហ្ស៊ីប សេណេហ្គាល់ អ៊ុយក្រែន អ៊ុយរូហ្គាយ ហាក់ដូចជាត្រូវជាប់ឆ្នោតដោយស្វ័យប្រវត្តិ ព្រោះពុំមានគូប្រជែងក្នុងតំបន់ពួកគេ ។ សមាជិកមិនអចិន្ត្រៃយ៍ថ្មីទាំងនេះនឹងជំនួសប្រទេសហ្សកដានី ឆាដ នីហ្សេរីយ៉ា លីទុយអានី និងស៊ីលី ។ សមាជិកមិនអចិន្ត្រៃយ៍ដទៃៗទៀត គឺអង់ហ្គោឡា ម៉ាឡេស៊ី នូវែលហ្សេឡង់ អេស្ប៉ាញ និងវេណេស៊ុយអេឡា ៕
ចែករំលែកព័តមាននេះ