រាជធានីភ្នំពេញ ៖ កម្មករលក់នំអាកោរបស់សិប្បកម្មមួយចំនួន១៥នាក់ ក្នុងនោះមានប្រុសម្នាក់ដែលបានដើរលេងនាពេលរាត្រីក្នុងថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក បានជួបឧបទ្ទវហេតុនៅលើស្ពានពេជ្រដោយការរត់ជាន់គ្នា។ ទោះបីជាបែបណា ពួកគេទាំងអស់គ្នាបានត្រឹមតែទទួលរងរបួសប៉ុណ្ណោះ និងត្រូវបានរថយន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនាងកម្មករម្នាក់បានបង្ហាញថា រូបនាងស្ថិតក្នុងរូបថតរន្ធត់មួយក្នុងព្រឹត្តិការណ៍នេះ។ ជួបជាមួយស្ត្រីឈ្មោះល័ក្ខ អន អាយុ២២ឆ្នាំ ជាកម្មករលក់នំអាកោ ឱ្យសិប្បកម្មមួយដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ ដែលកំពុងសំរាកនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ បានឱ្យដឹងថា នាងបានរងរបួសក្នុងចំណោមកម្មករ១៥នាក់ ដែលបានធ្វើដំណើរទៅដើរលេងនៅកោះពេជ្រ ហើយស្ទះទៅមុខមិនរួចថយក្រោយមិនក៏ផ្អើលរត់ជាន់គ្នា។
ស្ត្រីរងគ្រោះរូបនេះបានឱ្យដឹងទៀតថា នៅវេលារសៀលថ្ងៃទី២២ វិច្ឆិកា នាងរួមទាំងមិត្តភក្តិជាកម្មករលក់នំដូចគ្នាបានធ្វើដំណើរដោយជិះម៉ូតូកង់៣ទៅដើរលេងនៅកោះពេជ្រ។ នៅពេលធ្វើដំណើរឆ្លងស្ពានក្នុងទិសដៅពីណាហ្គាទៅកោះពេជ្រ គឺពួកនាងទាំង១៥នាក់ មានឈ្មោះមុំ, សាអែម, រ័ត្ន, សី, ស្តែង, ជា, សុខា, នួន, កាច, លីហ្សា, រិទ្ធ, អន, ស៊ាងហ, សល និងរូបនាង បានដើរឆ្លងស្ពានដោយតោងស្មាគ្នា ខ្លះតោងចង្កេះដូចពស់ ដោយសារមានការប្រជ្រៀតគ្នា ដែលពេលនោះរូបនាងនៅលំដាប់ទី៤ ។ នៅពេលធ្វើដំណើរដល់ពាក់កណ្តាលស្ពានក៏មានការប្រជ្រៀតគ្នាកាន់តែខ្លាំងឡើងរហូតពួកនាងរបូតគ្នាអស់នៅសល់តែរូបនាង និងមិត្តភក្តិនៅមុខចំនួន៣នាក់ប៉ុណ្ណោះ គឺឈ្មោះមុំ, សុខា និងនួន ដែលបានជាប់ខ្លួននៅក្នុងហ្វូងមនុស្សកំពុងរុញគ្នាទៅវិញទៅមក។ ពេលនោះរូបនាងខំប្រឹងរើបំរះខ្លួនដើម្បីគេចចេញពីទីនោះ តែមិនសំរេចឡើយដោយសារនាងត្រូវគេច្រានដួលហើយមានគេសង្កត់ពីលើដងខ្លួនជាប់នៅសល់តែក្បាលសំរាប់ដកដង្ហើម ដែលស្ទើរតែដាច់ខ្យល់ម្តងៗ បន្ទាប់មកនាងត្រូវបានេគចាប់ទាញចេញយកមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈរួចផុតពីចង្កូមមច្ចុរាជ។ ក្នុងចំណោមកម្មករដែលរួមដំណើរទាំង១៥នាក់ បានរងរបួសទាំងអស់គ្នា។
- ប្រពន្ធ-កូនទាំង៣និងក្មួយ២នាក់ស្លាប់រួមគ្នា
ឧបទ្ទវហេតុនៅលើស្ពានពេជ្រកាលពីពេលថ្មីៗកន្លងមកនេះ ពិតជាមានរឿងរ៉ាវពណ៌នាមិនអស់ទេ ព្រោះតែព្រឹត្តិការណ៍ធ្វើឱ្យមានភាពញាប់ញ័ររន្ធត់ដក់ជាប់ក្នុងចិត្តពីគ្រប់មជ្ឈដ្ឋានទូទៅមិនអាចបំភ្លេចបាន។ អ្វីដែលរឹតតែគួរឱ្យសង្វេគថែមទៀត ក្រោយឧបទ្ទវហេតុនោះកើតឡើងគេសង្កេតឃើញគ្រួសារខ្លះសមាជិកស្លាប់ស្ទើរតែអស់នៅសល់តែអ្នកចាំផ្ទះម្នាក់ប៉ុណ្ណោះ។ ជាក់ស្តែងមានក្រុមគ្រួសារមួយស្ថិតក្នុងចំណោមជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង៣៤៧នាក់នោះ មានសមាជិក៥នាក់ ហើយបានស្លាប់អស់៤នាក់ គឺប្រពន្ធនិងកូនប្រុសស្រី៣នាក់ មិនតែប៉ុណ្ណោះក្មួយៗរបស់លោក២នាក់ទៀតដែលទៅដើរលេងជាមួយក៏បានស្លាប់ដែរ ព្រោះពេលនោះជនរងគ្រោះទាំង៦នាក់បានកាន់ដៃគ្នាដើរខ្លាចវង្វេងបាត់គ្នា។
សពក្រុមគ្រួសារនោះបានតំកល់ធ្វើបុណ្យនៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញសពភ្លាមៗនោះ។ បន្ទាប់មកប្រមូលយកអដ្ឋិធាតុទៅតំកល់ទុកក្នុងផ្ទះល្វែងមួយស្ថិតក្នុងភូមិព្រៃព្រីង ខាងជើង សង្កាត់ចោមចៅ ដើម្បីត្រៀមធ្វើបុណ្យគំរប់៧ថ្ងៃ និង១០០ថ្ងៃនាពេលខាងមុខ។ អ្នកស្លាប់ទាំងនោះ ១-ឈ្មោះឈឹម ទូច អាយុ៣៥ឆ្នាំ ២-ឈ្មោះយស់ សោមស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ ៣-យស់ សោមលីណា ភេទប្រុស អាយុ១៥ឆ្នាំ ៤-ឈ្មោះយស់ សោមចាន់តារា ភេទប្រុស អាយុ១៤ឆ្នាំ ដែលជនរងគ្រោះទាំង៤នាក់នោះត្រូវជាម្តាយ និងកូនបង្កើត និងត្រូវជាប្រពន្ធ និងកូនរបស់បុរសឈ្មោះយស់ ចាន់សេរី អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធានៅអគ្គស្នងការបច្ចេកទេសក្រសួងការពារជាតិ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកឯក្មួយៗរបស់លោក២នាក់ទៀតដែលស្លាប់ជាមួយគ្នានោះដែរ ម្នាក់ឈ្មោះកែវ ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះកែវ ម៉ាណែត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌដង្កោ ឪពុកឈ្មោះកែវ សុវណ្ណ អាយុ៤៤ឆ្នាំ ជាយោធានៅអង្គភាពខាងលើ និងម្តាយឈ្មោះឈឹម ណា អាយុ៤៤ឆ្នាំ។
ក្នុងទឹកមុខក្រៀមក្រំ និងសោកសង្រេងក្រុមគ្រួសារសពបាននិយាយទាំងក្តុកក្តួលថា ជនរងគ្រោះធ្វើដំណើរមកពីខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះបុរសឈ្មោះកែវ សុវណ្ណ នៅភូមិព្រៃព្រីង ខាងជើង។ នៅថ្ងៃបុណ្យអុំទូកទី៣ ដែលជាថ្ងៃបញ្ចប់ពួកគេរួមជាមួយកូនម្ចាស់ផ្ទះសរុបមានគ្នា៦នាក់ នាំគ្នាទៅដើរលេងនៅកោះពេជ្រ ហើយបានជួបឧបទ្ទវហេតុស្លាប់ទាំងអស់គ្នា។ សពត្រូវបានធ្វើបុណ្យរួមគ្នា នៅក្នុងវត្តជម្ពូវ័នសង្កាត់ចោមចៅ បន្ទាប់ មកយកអដ្ឋិធាតុតំកល់នៅក្នុងផ្ទះល្វែងភូមិព្រៃព្រីងខាងជើងជុំគ្នាទាំង៦នាក់ ដើម្បីត្រៀមធ្វើបុណ្យគំរប់ខួប៧ថ្ងៃ និង១០០ថ្ងៃក្នុងពេលខាងមុខ។ ក្រុមគ្រួសារសពបាននិយាយថា ពួកគាត់ឮក្មេងប្រុសម្នាក់ដែលដើរលេងជាមួយគ្នា ហើយបានរងរបួសនិយាយថា ពេលមានការភ្ញាក់ផ្អើលនោះ ជនរងគ្រោះទាំង៦នាក់នាំគ្នាសំរុករត់ចេញពីស្ពានត្រឡប់ក្រោយវិញ ប៉ុន្តែត្រូវអ្នកយាមស្ពានពេជ្រមិនឱ្យត្រឡប់ក្រោយ គឺឱ្យរត់ទៅមុខ។ មិនតែប៉ុណ្ណោះអ្នកយាមស្ពាននោះបានយករបាំងបិទច្រកមិនឱ្យចេញទើបពេលជនរងគ្រោះដួលហើយត្រូវគេជាន់ស្លាប់ទាំងអស់។ ដោយឡែកប្រភពព័ត៌មានខ្លះទៀតនិយាយថា ពេលមានការភ្ញាក់ផ្អើលកើតឡើងមនុស្សនៅលើស្ពានព្យាយាមរត់ចេញ ហើយបានទាក់ច្រវាក់ដែលគេដាក់កាត់ទទឹងស្ពានមិនឱ្យម៉ូតូចូលបណ្តាលឱ្យដួលជាបន្តបន្ទាប់ រួចជាន់គ្នាស្លាប់តែម្តង។
- សោកនាដកម្មរាត្រីថ្ងៃ២២វិច្ឆិកា បន្សល់ទុកភាពខ្លោចផ្សាធំធេងដល់គ្រួសារមួយ
ខេត្តកំពង់ឆ្នាំង ៖ ពិតណាស់ថា សោកនាដកម្មដ៏រន្ធត់កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា ដែលពលរដ្ឋខ្មែរបានស្លាប់យ៉ាងអាណោចអាធ័មលើស្ពានពេជ្រជាង៣០០នាក់ មកដល់ពេលនេះក្តីរន្ធត់ខ្លោចផ្សានេះបានដក់ជាប់លើប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់។ ពិតមែនតែក្តីសោកសង្រេងនេះបានកើតឡើងលើគ្រួសារជនរងគ្រោះជាច្រើនក៏ពិតមែន ប៉ុន្តែក្តីសោកសង្រេងរបស់គ្រួសារមួយដែលមានប្រពន្ធ និងកូន៣នាក់ ស្លាប់ ពិតជាអាណោចអាធ័មពេកណាស់ សំរាប់បុរសជាប្តីដែលនៅរស់ម្នាក់ឯង។ គ្រួសារមួយនេះរស់នៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ពេលនេះនៅសល់តែឪពុកម្នាក់ប៉ុណ្ណោះ ដែលនៅរស់ ចំណែកកូន៣នាក់ និងប្រពន្ធបានស្លាប់យ៉ាងខ្លោចផ្សា ក្នុងសោកនាដកម្មនារាត្រីថ្ងៃទី២២ វិច្ឆិកា លើស្ពានពេជ្រ។ បុរសជាឪពុកបានផ្តល់សំភាសន៍តាមទូរស័ព្ទថា រូបគាត់ឈ្មោះយស ចាន់សេរី ជាអង្គរក្ស មានប្រពន្ធឈ្មោះឈឹម ទូច អាយុ៣៥ឆ្នាំ កូនស្រីច្បងឈ្មោះយស សោមស្រីនាង អាយុ១៧ឆ្នាំ កូនទី២ ឈ្មោះយស សោមឌីណា អាយុ១៤ឆ្នាំ និងកូនប្រុសពៅ ឈ្មោះយស សោមចាន់ដារ៉ា អាយុ១២ឆ្នាំ។ ប្រពន្ធ និងកូនទាំង៣នាក់រស់នៅក្នុងភូមិឧកញ៉ាប៉ាង ចំណែករូបគាត់ធ្វើជាអង្គរក្សស្នាក់នៅភ្នំពេញ។ បុរសរូបនេះបានបន្តថា ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះប្រពន្ធគាត់ និងកូនៗទាំងអស់ បានមកស្នាក់នៅផ្ទះម្តាយបង្កើតឈ្មោះសុខ សោម អាយុ៦២ឆ្នាំ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីដើរលេងកំសាន្តថ្ងៃបុណ្យ។ ប្រពន្ធ និងកូនរួមទាំងក្មួយៗរបស់គាត់២-៣នាក់ទៀតក៏បានដើរកំសាន្តចាប់តាំងពីថ្ងៃទី១ និងទី២ នៃពិធីបុណ្យជាធម្មតា។ នៅថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ (ថ្ងៃទី២២ វិច្ឆិកា) រូបគាត់បានជួយដឹកប្រពន្ធ និងកូនៗមកដាក់នៅផ្សារសូរិយា ហើយក៏ត្រឡប់ទៅកន្លែងធ្វើការ ដោយផ្តាំផ្ញើប្រពន្ធថា ឱ្យប្រញាប់ត្រឡប់ទៅផ្ទះវិញ។
បុរសរូបនេះបានបញ្ជាក់ថា នៅវេលាម៉ោងប្រហែលជាង៩យប់ ស្រាប់តែក្មួយប្រុសគាត់បានទូរស័ព្ទមកសួរថា តើប្រពន្ធកូនគាត់ត្រឡប់ទៅផ្ទះវិញហើយឬនៅ? ព្រោះនៅលើស្ពានពេជ្រឮថា បានបាក់ស្លាប់មនុស្សច្រើនណាស់។ភ្លាមនោះ គាត់បានទូរស័ព្ទចូលទៅលេខប្រពន្ធគាត់ ហើយឮសំលេងមនុស្សស្រីទទួល តែស្តាប់មិនច្បាស់ រួចទូរស័ព្ទជាលើកទី២ ស្រាប់តែគ្មានមនុស្សលើកទូរស័ព្ទ ដោយយល់សភាពការណ៍មិនស្រួលក៏ទៅរកប្រពន្ធនៅឯកោះពេជ្រ តែរកមិនឃើញ។ លុះព្រឹកឡើងគាត់បានរកសពកូនស្រី នៅមន្ទីរពេទ្យព្រះកុសុមៈ ដែលនាងជាកូនស្រីច្បងឈ្មោះយស សោមស្រីនាង អាយុ១៧ឆ្នាំ។ បន្ទាប់មក គាត់បានរកឃើញសពកូនទី៣ ឈ្មោះយស សោមចាន់ដារ៉ា អាយុ១២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត រីឯប្រពន្ធ និងកូនទី២ ឈ្មោះយស សោមឌីណា បានរកឃើញនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រោយពីរកឃើញសពប្រពន្ធ និងកូនទាំង៣នាក់ហើយ គាត់បានដឹកយកទៅធ្វើបុណ្យនៅផ្ទះបងស្រីគាត់ឯចោមចៅ ដោយបានបូជានៅវត្តជម្ពូវ័ន។ គាត់បានបញ្ជាក់ថា មូលហេតុដែលយកទៅធ្វើបុណ្យនៅផ្ទះបងស្រីគាត់ ព្រោះកូនរបស់បងស្រីគាត់២នាក់ក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរ ម៉្លោះហើយធ្វើបុណ្យរួមគ្នានៅទីនោះ ដែលមានសព៦នាក់។
នេះជាក្តីសោកសង្រេងហួសពីការស្មាន ដែលបុរសរូបនេះបានស្លាប់ប្រពន្ធ និងកូន៣នាក់ បន្សល់ទុកនៅតែម្នាក់ឯងប៉ុណ្ណោះ។ បុរសរូបនេះនិយាយថា ក្រោយពីធ្វើបុណ្យនៅវត្តជម្ពូវ័នហើយ នៅថ្ងៃសុក្រ ទី២៦ វិច្ឆិកា បន្តនៅធ្វើបុណ្យនៅផ្ទះម្តាយក្មេកទៀត ហើយនៅថ្ងៃអាទិត្យ ទី២៨ វិច្ឆិកា នឹងមកធ្វើបុណ្យនៅផ្ទះឯភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ដែលជាកន្លែងរស់នៅតែម្តង។ អ្នកស្រុកជិតខាងនិយាយថា តើបុរសជាប្តី និងជាឪពុករូបនេះ ខ្លោចផ្សាយ៉ាងណានៅពេលមកដល់ផ្ទះទទេ ដែលគ្រួសារមួយនេះធ្លាប់មានសេចក្តីសុខរៀងដរាបមក៕
ចោមចៅ+ជលធា+ឫទ្ធិសែន
ចែករំលែកព័តមាននេះ