ខេត្តព្រះសីហនុ ៖ អក្សរសាស្ត្រខ្មែរ គឺជាដួងព្រលឹងជាតិរបស់ខ្មែរ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ នៅលើស្លាកយីហោមួយចំនួននៃទីក្រុងទេសចរណ៍ខេត្តព្រះសីហនុស្ទើរតែគ្មានអក្សរខ្មែរឡើយ ធ្វើឱ្យមហាជនមួយចំនួនធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើមន្ទីរវប្បធម៌ខេត្តថា ពុំបានយកចិត្តទុកដាក់អំពីអត្តសញ្ញាណជាតិ បណ្តោយឱ្យម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវករមួយចំនួនធ្វើអ្វីតាមទំនើងចិត្ត ពុំបានគោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
អ្នករស់នៅក្រុងព្រះសីហនុក៏ដូចជាភ្ញៀវទេសចរដែលបានមកកំសាន្តនារដូវភ្ជុំបិណ្យនាពេលកន្លងទៅនេះ បានសម្តែងទស្សនៈថា អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ មន្ទីវប្បធម៌ខេត្ត មិនគួរណាមើលរំលងអំពីអត្តសញ្ញាណខ្មែរជុំវិញការតាំងស្លាកយីហោដោយពុំមានអក្សរខ្មែរនោះទេ។
ប្រភពរិះគន់បានបន្តទៀតថា នៅលើស្លាកយីហោនៃទីក្រុងទេសចរណ៍វប្បធម៌ធម្មជាតិជាច្រើននៅតាមដងផ្លូវសំខាន់ៗក្នុងក្រុង គេសង្កេតឃើញថា ពុំមានសរសេរអក្សរខ្មែរសូម្បីតែមួយតួ ដែលជាទង្វើផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញបានកំណត់ឡើងដោយស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងយ៉ាងច្បាស់ថា គ្រប់ស្លាកយីហោរបស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ អង្គការក្រៅរដ្ឋាភិបាលនានាដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាំបាច់ត្រូវតែសរសេរអក្សរជាតិ(អក្សរខ្មែរ) នៅផ្នែកខាងលើនៃស្លាកទាំងនោះជាកំហិត បើពុំនោះទេត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលបានកំណត់។
ក្នុងនាមពួកគាត់ជាកូនខ្មែរសូមអំពាវនាវយ៉ាងទទួចដល់ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសមន្ទីរ និងក្រសួងវប្បធម៌ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល សូមមេត្តាត្រួតពិនិត្យឡើងវិញអំពីអត្តសញ្ញាណខ្មែរ ពាក់ព័ន្ធទៅនឹងស្លាកយីហោរនេះ បើពុំនោះទេអត្តសញ្ញាណអក្សរសាស្ត្រខ្មែរនឹងត្រូវបាត់បង់បន្តិចៗម្តងជាក់ជាពុំខាន។
ជុំវិញការរិះគន់ទាំងនេះ លោក ដេត ណូ ប្រធានមន្ទីវប្បធម៌ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ចំពោះបញ្ហាទាំងនេះខាងមន្ទីរជំនាញរបស់លោកកំពុងតែដុតដៃដុតជើងធ្វើជំរឿន ដោយបានធ្វើការណែនាំពួកគាត់ (ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវករ អង្គការក្រៅរដ្ឋាភិបាល នានា)ឱ្យកែប្រែស្លាកយីហោដែលពុំមានអក្សរសាស្ត្រជាតិឱ្យមកដាក់អក្សរសាស្ត្រជាតិនៅផ្នែកខាងលើវិញ ដោយទុកពេលចាប់ពី១ខែ ទៅ២ខែ បើពុំនោះទេ មន្ត្រីជំនាញនឹងចាត់ការទៅតាមផ្លូវច្បាប់៕





ចែករំលែកព័តមាននេះ