បណ្តាអ្នកទទួលខុសត្រូវអាមេរិកគូសបញ្ជាក់ថា សហរដ្ឋអាេមរិកនឹងបញ្ជូនទាហាន៣០០នាក់ ព្រមទាំងយន្តហោះគ្មានមនុស្សបើកស៊ើបការណ៍មកកាន់ប្រទេសកាមីរូន ដើម្បីជួយទ្រទ្រង់ដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងអន្តរាគមន៍អាហ្វ្រិក ដែលកំពុងតស៊ូប្រឆាំងពួកអ៊ិស្លាមនិយមក្រុមបូកូហារ៉ាម ។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី១៤ តុលា បានជម្រាបជូនសភាពីការសម្រេចចិត្តរបស់លោក ហើយបញ្ជាក់ថា បុគ្គលិកយោធា៩០នាក់ត្រូវបានបញ្ជូននាថ្ងៃទី១២ តុលា ទៅកាន់កាមីរូនតាមរយៈកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលប្រទេសនេះ ។ ទាហានទាំងនេះនឹងធ្វើប្រតិបត្តិការក្នុងការប្រមូលព័ត៌មានស៊ើបការណ៍ពីលើអាកាស ព្រមទាំងធ្វើការត្រួតពិនិត្យ ។ ពួកគេនឹងបំពាក់ដោយគ្រឿងសព្វាវុធសម្រាប់ការពារខ្លួន រួចនឹងស្ថិតនៅក្នុងប្រទេសកាមីរូន ដរាបណាការជួយទ្រទ្រង់របស់ពួកគេត្រូវការចាំបាច់ ។
កងទាហានអាមេរិកដែលបញ្ជូនទៅកាន់ប្រទេសកាមីរូនមានបេសកកម្មផ្តល់ព័ត៌មានស៊ើបការណ៍ដល់កងកម្លាំងយោធាប្រមូលផ្តុំដោយប្រទេសនីហ្សេរីយ៉ា នីហ្សេ កាមីរូន ឆាដ និងបេណាំង ដើម្បីប្រយុទ្ធប្រឆាំងពួកបូកូហារ៉ាម ។ កងទាហានអាមេរិកក្នុងគ្រាដំបូងនឹងដាក់ពង្រាយនៅទីក្រុងហ្គារូអា នាភាគខាងជើងកាមីរូន ក្បែរព្រំដែននីហ្សេរីយ៉ា ។ កងទាហានទាំងនេះនឹងមានបណ្តាយន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ប្រភេទ PREDATOR ។
សេតវិមានអះអាងថា ការសម្រេចចិត្តនេះរបស់លោកអូបាម៉ា ពុំមែនមកពីហេតុផលនៃការផ្លាស់ប្តូរក្នុងការវាយតម្លៃការគំរាមកំហែងរបស់ពួកអ៊ិស្លាមនិយមក្នុងតំបន់ឡើយ ។ សហរដ្ឋអាមេរិកពុំមានកងទ័ពប្រយុទ្ធនៅអាហ្វ្រិកឡើយ ក៏ប៉ុន្តែជួយផ្តល់ការទ្រទ្រង់កាន់តែខ្លាំងដល់បណ្តាសម្ព័ន្ធមិត្តក្នុងការតស៊ូប្រឆាំងពួកបូកូហារ៉ាម ៕
ចែករំលែកព័តមាននេះ