សមាគមបាល់ទាត់អង់គ្លេស (FA) បានដាក់បម្រាមដល់លោកចូសេ មូរីនញ៉ូ គ្រូបង្វឹកក្លិបតោខៀវChelsea មិនឱ្យចូលទីលានប្រកួត១លើក រួមទាំងពិន័យ៥ម៉ឺនផោនស្មើនឹង៧ម៉ឺនដុល្លារ ពីបទរិះគន់អាជ្ញាកណ្ដាល ក្នុងអំឡុងពេលក្លិបChelseaប្រកួតចាញ់ក្លិប Southampton 3-1 ។
គ្រូបង្វឹកក្លិប Chelsea បានបង្ហាញអាកប្បកិរិយាមិនសមរម្យក្រោយពេលចប់ការប្រកួតជាមួយក្លិបSouthampton កាលពីថ្ងៃទី៣ តុលា ២០១៥ ដោយចោទប្រកាន់អាជ្ញាកណ្ដាលថាមានការលំអៀងបង្កការអាប់អោនដល់ការប្រកួតត្រូវបាន FA ដាក់បម្រាមមិនឱ្យចូលទីលានប្រកួតចំនួន១លើក និងពិន័យ៧ម៉ឺនដុល្លារ ។
FA បានបញ្ជាក់កាលពីថ្ងៃទី១៤ តុលា ថា អតីតគ្រូបង្វឹក Inter Milan និង Real Madrid រូបនេះយល់ព្រមទទួលកំហុស និងទទួលការក្រើនរំលឹកថា នឹងមានការដាក់ទោសជាថ្មី ប្រសិនបើនៅមិនទាន់នឹកឃើញពីកំហុសក្នុងរយៈពេល១២ខែ ។ ក្លិបតាខៀវChelsea ចាប់ផ្ដើមរដូវកាល២០១៥-២០១៦ ដំបូងមានលក្ខណៈយ៉ាប់យ៉ឺនស្ថិតនៅចំណាត់ថ្នាក់ទី១៦នៃតារាងមាន៨ពិន្ទុ និងកំពុងត្រៀមបើកទ្វារទទួលភ្ញៀវក្លិប Aston Villa នៅថ្ងៃទី១៧ តុលា ខាងមុខ ៕
ចែករំលែកព័តមាននេះ