រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ទី១៧ តុលា កីឡាករជើងខ្លាំង២រូបរបស់កម្ពុជា ដែលសុទ្ធតែជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់រៀងខ្លួន នឹងឡើងប្រកួតអន្តរជាតិជាមួយកីឡាករថៃនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅក្នុងព្រឹត្តិការណ៍ប្រដាល់K.Cement។ ជំនួបប៉ះគ្នារវាងកីឡាករកម្ពុជាឡៅ ចន្ទ្រា និងមាស ច័ន្ទមាន ជាមួយកីឡាករថៃ ត្រូវគេមើលឃើញថាទាក់ទាញអ្នកស្នេហាការប្រដាល់យ៉ាងខ្លាំង ក្នុងពេលដែលអ្នកជឿថា កីឡាករកម្ពុជានឹងឈ្នះ១០០%សម្រាប់ថ្ងៃស្អែកក៏មានមិនតិច ខណៈដែលម្ចាស់ខ្សែក្រវាត់ទាំង២ គឺមិនអាចចាញ់បានទេ ដើម្បីការពារមុខមាត់ ។
កីឡាករឡៅ ចន្ទ្រា មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ ត្រូវជួបប្រកួតជាមួយម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃឈ្មោះSing Phichnoy ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ តាំងពីឆ្លងកាត់ការប្រកួតរាប់មិនអស់នៅលើសង្វៀន កីឡាករវ័យក្មេងរបស់កម្ពុជារូបនេះ មិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តម្ដងណាឡើយ ជាមួយនឹងថ្វីដៃឡើងប្រកួតរបស់គេ ។ បើទោះជាមុននេះបន្តិចគេភ្លាត់ឲ្យកីឡាករថៃឈ្មោះ KaophongChaiphum វាយឲ្យសន្លប់ក្នុងទឹកទី២ម្តង ប៉ុន្តែគេមើលឃើញថា កម្រិតនៃការប្រកួតរបស់កីឡាកររូបនេះ នៅតែធ្វើឲ្យអ្នកទស្សនាទុកចិត្ត បើធៀបនឹងកីឡាករផ្សេង ។ ក្នុងការឡើងរេញបន្ទាប់ពីភ្លាត់ស្នៀតម្ដងនោះ កីឡាករឡៅ ចន្ទ្រា ហាក់ផ្លាស់ប្ដូរឥរិយាបថមិនប្រកួតវាយដោយបង្ខំទៀតទេ ហើយក៏មិនចាំទាល់តែគូបដិបក្ខវាយមុនទើបប្រឹងវាយបកនោះដែរ គឺគេប្រើយុទ្ធសាស្ត្រវាយមុនតែម្ដងដើម្បីងាយស្រួលរក្សាលំនឹងក្នុងការវាយលុក។ ជាក់ស្ដែងលទ្ធផលដែលគេអាចយកឈ្នះជើងខ្លាំងមួយរូបមកពីប្រទេសថៃឈ្មោះPheach Nam Ek កាលពីថ្ងៃទី៤ តុលា កន្លងទៅដោយពិន្ទុ គឺជាភស្ដុតាងស្រាប់ ។
ឡៅ ចន្ទ្រា គឺជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែលមានថ្វីដៃគួរឲ្យស្ងើចសរសើរបើធៀបនឹងកីឡាករជើងខ្លាំងផ្សេងទៀតនៅកម្ពុជា ។ ប្រើរយៈពេលមិនដល់២ឆ្នាំនោះឡើយ កីឡាកររូបនេះអាចសាងកេរ្តិ៍ឈ្មោះឈានដល់ចំណុចល្បីល្បាញ ដោយសារតែបានប្រកួតឈ្នះស្ទើរមិនមានតួលេខចាញ់ក្នុងដំណាក់កាលដំបូង និងមានស្នាដៃវាយផ្ដួលគូប្រកួតឲ្យសន្លប់មុនចប់ទឹកទី៥ភាគច្រើន។ ក្រុមអ្នកស្នេហាការប្រដាល់សុទ្ធតែមានការជឿជាក់ថា ឡៅ ចន្ទ្រា នឹងឈ្នះ១០០% សម្រាប់ការប្រកួតថ្ងៃស្អែក ដោយសារតែផ្អែកលើភាពជាក់ស្ដែង គឺគេខ្លាំងទាំងជើង កែង ជង្គង់ និងទាត់ ។ កីឡាកររូបនេះល្អគ្រប់ផ្នែក ហើយបើនិយាយពីកម្លាំងក្នុងប្រកួត ក៏ពេញខ្លាំង និងនៅរឹងប៉ឹងណាស់ដែរ ដែលអាចឲ្យអ្នកគាំទ្រមានទំនុកចិត្ត។ យ៉ាងណាក៏ដោយកីឡាករ Sing Phichnoy ដែលគេប៉ះជាមួយលើកនេះ ក៏មិនធម្មតានោះដែរ ដោយសារតែធ្លាប់ឈ្នះផាន់ គ្រាន់ ជើងខ្លាំងមកពីក្លិបគជសារកីឡាដោយពិន្ទុ កាលពីពេលថ្មីៗ និងមានការអះអាងថា នៅក្នុងប្រទេសថៃកីឡាករSing Phichnoy ក៏ស្ថិតនៅក្នុងបញ្ជីជើងខ្លាំងមួយរូបដែរ ។ កីឡាករថៃរូបនេះ ធ្លាប់ប្រកួត៨៩លើក ឈ្នះ៧៣លើក ចាញ់១៥លើក នឹងស្មើ១លើក ចំណែកឡៅ ចន្ទ្រា ធ្លាប់ប្រកួត៦៣លើក ឈ្នះ៦០លើក ចាញ់៣លើក និងមិនដែលស្មើ ។ បើទោះជាឡៅ ចន្ទ្រា ធ្លាប់ប្រកួតតិចជាង ក៏ក្រុមអ្នកគាំទ្រនៅតែជឿជាក់ថា ឈ្នះច្រើនជាង ដោយសារការប៉ះប្រកួតជាមួយថៃទាំង១៩លើកកន្លងមក វាយចាញ់តែ៣នាក់ ហើយក៏ជាលទ្ធផលចាញ់ដោយភ្លាត់ស្នៀតទៀត ។
ម្ចាស់ខ្សែក្រវាត់មាស ច័ន្ទមាន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិឯណេះវិញ ក៏ត្រូវឡើងប្រកួតការពារមុខមាត់ជាមួយកីឡាករថៃឈ្មោះ RE DA ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅក្នុងព្រឹត្តិការណ៍នោះដែរ ។ នេះជាលើកទី៧ ដែលម្ចាស់ខ្សែក្រវាត់រូបនេះបានប្រកួតជាមួយថៃ ដោយមានលទ្ធផលឈ្នះច្រើនជាងចាញ់ ។ គេធ្លាប់ឡើងប្រកួត១១២លើក ឈ្នះ៨៩លើក ចាញ់២៣លើក និងមិនដែលស្មើ នឹងបានក្លាយជាម្ចាស់ខ្សែក្រវាត់របស់ក្រុមហ៊ុនK.Cement កាលពីពេលថ្មីៗ ។ ការប្រកួតចុងក្រោយគេឈ្នះកីឡាករថៃ Phath Cham Boeungក្នុងទឹកទី៤ នៅលើសង្វៀនSEA-TV។ ដោយឡែកកីឡាករថៃRE DA វិញ គេធ្លាប់មកស្រុកខ្មែរម្តងហើយដោយវាយឈ្នះសេក គឹមផៃ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ។ គេធ្លាប់ប្រកួត៨៩លើក ឈ្នះ៧៥លើក ចាញ់១៤លើក និងមិនដែលស្មើដូចគ្នា។ ការប្រកួតគូនេះ កីឡាករកម្ពុជាមានគេជឿថាឈ្នះ១០០% បើទោះជាកីឡាករខាងថៃត្រូវបានអ្នកដឹកនាំមកប្រកួតអះអាងថា គឺជាជើងខ្លាំង ហើយលទ្ធភាពដែលគេបានឈ្នះសេក គឹមផៃ គឺជាភស្ដុតាងស្រាប់ ។ ម្យ៉ាងមកពីមាស ច័ន្ទមាន ត្រូវការរក្សាកេរ្តិ៍ឈ្មោះ និងក្រេឌីត ក្នុងនាមជាម្ចាស់ខ្សែក្រវាត់កុំឲ្យបាក់មុខនោះផង ទើបការប្រកួតដែលកើតឡើងថ្ងៃស្អែកគឺពិតជាមានលទ្ធផលវិជ្ជមានច្រើនជាង ។
នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះដែរ ចាប់ពីម៉ោង៨ព្រឹក ក៏មានការប្រកួតកម្រិតជាតិរវាងកីឡាករក្នុងស្រុកដែលសុទ្ធតែជាគូល្អៗផងដែរ ។ ដោយឡែកនៅសង្វៀនប៉ុស្ដិ៍លេខ៥ឯណោះវិញ ចាប់ពីម៉ោង៥ល្ងាចតទៅ ការប្រកួតគឺកាន់តែក្ដៅគគុក ដោយសារតែព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់របស់ក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋបានឈានដល់វគ្គវាយឆ្លងពូល ឆ្ពោះទៅរកតំណែងជើងឯក ។ ការប្រកួតនឹងមានអ្នកតាមដានច្រើនដោយសារតែអ្នកស្នេហាប្រដាល់ភាគច្រើនសុទ្ធតែចង់ដឹងថារវាងកីឡាករ៤រូបចុងក្រោយ គឺកីឡាករថៃ កីឡាករឈាន ហុង កីឡាករថៃ ប៊ុនហាន និងកីឡាករវ៉ាន់ ចាន់វ៉េត អ្នកណាបានឡើងបន្ត ៕


ចែករំលែកព័តមាននេះ