ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​រង​ដឹកនាំ​កម្លាំង​ឆ្មក់​បង្ក្រាប​ផ្ទះ​ស្តុក​ឈើប្រណីត​របស់​ឈ្មួញ​នៅ​មេមត់

10 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ផ្ទះ​ស្តុក​ឈើប្រណីត​មួយ​កន្លែង នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ត្រូវ​បាន​លោកសុខ ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ តុលា ២០១៥ នេះដោយ​រឹបអូស​បាន​ឈើប្រណីតប្រភេទ​ធ្នង់​ជា​ច្រើន​ដុំ ចំណែក​ម្ចាស់ផ្ទះ​វិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល។

នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត លោក​អនុ​សេនី​យ៍​ឯក ទូច សម្បត្តិ ប្រាប់​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​បន្ទាប់ពីមានប្រជាពលរដ្ឋ​ល្អ​​​រាយ​ការ​ណ៍​មកលោក​ឧត្តម​សេនី​យ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ថា ​នៅផ្ទះរបស់​​ឈ្មោះ​លី សុ​ព្រី​ន ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ទីតាំង​នៅ​ត្រង់​ចំណុច​ខាងលើ​មាន​លួច​ស្តុក​ឈើប្រណីត​ដោយ​ខុសច្បាប់​ជា​ច្រើន​កំណាត់ លុះ​ពេល​ណា​ដែល​ប្រមូល​បាន​ច្រើន នឹង​ដឹក​ចេញ​ទៅ​លក់ដោយ​ស្ងាត់​ៗ​នៅ​ព្រំដែន​វៀតណាម ។

​នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត លោក​អនុ​សេនី​យ៍​ឯក ទូច សម្បត្តិ បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល​សមត្ថកិច្ច​ចំរុះបានឲ្យ​កម្មករ​លើក​ឈើទាំងនោះ​ដាក់​គោ​យន្ត​១​គ្រឿងដើម្បី​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ននៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើមេមត់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់  ៕
                                                                                                            ​