រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៥ បានបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី១៥ តុលា កន្លងទៅនេះ នៅទីលានកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិ ។
លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា សម្រាប់ការប្រកួតឆ្នាំនេះមានក្លិបមកពីខេត្ត-រាជធានីចុះឈ្មោះចូលរួមប្រកួតច្រើនជាងឆ្នាំមុន ។ កាលឆ្នាំមុនមានតែ៩ក្លិបប៉ុណ្ណោះ ឯឆ្នាំនេះមានរហូតដល់ទៅ១១ក្លិបគឺក្លិបខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកោះកុង ក្លិបត្រពាំងផ្លុង ក្លិបមុនីឋាបនា ក្លិបខេនរៈ ក្លិបព្រះខ័នរាជ ក្លិបពហុកីឡដ្ឋានជាតិ និងក្លិបទីបញ្ជាការបច្ចេកទេសអគ្គបញ្ជាការ។ សរុបអត្តពលិកចូលរួមប្រកួតមានចំនួន១៨៣នាក់ក្នុងនោះកីឡាករ១២៩នាក់ កីឡាការិនី១៧នាក់ និងប្រតិភូកីឡា៣៧នាក់ ។ ការប្រកួតចាប់ផ្ដើមធ្វើពីថ្ងៃទី១៥ដល់ថ្ងៃទី២០តុលា ដោយបែងចែកជា២ក្របខ័ណ្ឌ គឺក្របខ័ណ្ឌបុរស ក១ និងក២ ។ ក្របខ័ណ្ឌក១មិនគិតពីអាយុលើវិញ្ញាសាវាយជាក្រុម វាយគូបុរស និងវាយទោល ។ ចំណែកក្របខ័ណ្ឌ ក២ វិញមានវិញ្ញាសាវាយគូ និងវាយទោលបុរសអាយុ១៩ឆ្នាំឡើង អាយុ១៩ឆ្នាំចុះ អាយុ១៦ឆ្នាំ វាយគូបុរសអាយុ១៣ឆ្នាំ និងវិញ្ញាសាវាយគូ និងវាយទោលនារី មិនគិតពីអាយុ ។
លោក ជាម សុភា បានឱ្យដឹងទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំចំនួនកីឡាករ និងក្លិបចូលរួមប្រកួតមានការកើនឡើងជាលំដាប់ ។ កំណើននេះដោយសារតែការខិតខំប្រឹងប្រែងដឹកនាំរបស់ប្រធានសហព័ន្ធក្នុងការស្វែងរកកីឡាករល្អៗមានសមត្ថភាពពិតប្រាកដដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។ ជាងនេះទៀត សហព័ន្ធតែងយកចិត្តទុកដាក់បណ្ដុះបណ្ដាលកីឡាករក្មេងៗសម្រាប់បន្តវេនកីឡាករចាស់ៗបានមួយចំនួនផងដែរ ។ លោកឱ្យដឹងទៀតថា ឆ្លងកាត់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីនាពេលកន្លងមក ថ្វីត្បិតតែយើងមិនទទួលបានមេដាយមែន ប៉ុន្តែកម្រិតនៃការលេងរបស់កីឡាករយើងមានការកើនឡើងគួរឱ្យកត់សម្គាល់ ទើបលោកសង្ឃឹមថា ទម្រាំដល់ថ្ងៃកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាករយើងនឹងមានសមត្ថភាពអាចរកមេដាយមកជូនជាតិមិនខាន៕


ចែករំលែកព័តមាននេះ