រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា នៅប៉ុន្មាននាទីមុននេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ២P១៦៥៤ បុកម៉ូតូមួយគ្រឿងម៉ាកគុបអូសជាង៥០ម៉ែត្រនៅចំណុចមុខសាលាសង្កាត់ព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារបណ្តាលឱ្យបុរសចំណាស់ជាអ្នកបើកម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែង។
សពជនរងគ្រោះឈ្មោះនូ ធួន ភេទប្រុស អាយុ៤៨ឆ្នាំ ជាអាចារ្យវត្តវារិន ហៅវត្តព្រែកលៀប មានទីលំនៅក្បែរកន្លែងកើតហេតុ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកគុបមូលធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់មុខសាលាសង្កាត់ព្រែកលៀបជនរងគ្រោះបម្រុងជិះម៉ូតូបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តសាំងយ៉ុងមកដល់បុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម៉ូតូត្រូវរថយន្តអូសទៅមុខចម្ងាយជាង៥០ម៉ែត្រពីសព។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕







ចែករំលែកព័តមាននេះ