ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី១២ តុលា ២០១៥ វេលាម៉ោង១ និង២០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច មានរថយន្តម៉ាកTOYOTA COROLLA(កូរ៉ូឡា)ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2N0219 បោលចុះពីលើថ្នល់ជាតិលេខ១ចូលទៅក្នុងទឹកស្រះហាវថ្នល់លិចមួយកំណាត់ខាងមុខ និងកិនជើងក្មេងប្រុសអាយុ៧ឆ្នាំរងរបួសស្រាល។
មូលហេតុនៃគ្រោះថ្នាក់នេះកើតឡើងដោយសារអ្នកបើកបរវយ័៥៥ឆ្នាំម្នាក់ឈប់រថយន្តឲ្យប្រពន្ធកូនរួមដំណើរជាមួយចុះបន្ទោបង់ ហើយអ្នកបើកបរចុះចោលដៃចង្កូតដែរដោយមិនបានពន្លត់ម៉ាស៊ីនរថយន្ត និងមិនបានដោះលេខ គ្រាន់តែចុះពីលើរថយន្តរួចបិទទ្វារធ្វើឱ្យថយន្តនោះរអិលទៅមុខតិចៗ ។
ខណៈនោះអ្នកបើកបរឈរស្រឡាំងកាំងមើលរថយន្តទៅមុខ រីឯស្ត្រីជាប្រពន្ធក្រឡេកមើលទៅឃើញចៅប្រុសម្នាក់នៅក្នុងរថយន្តក៏រត់តាមពីក្រោយរថយន្តដើម្បីទាញយកចៅចុះពីលើរថយន្ត ពេលនោះរថយន្តបានរេចង្កូតចុះពីលើថ្នល់ជាតិកម្ពស់ប្រមាណមួយម៉ែត្រកន្លះដាំដូងចុះទៅក្រោម រីឯស្ត្រីជាជីដូនបានតស៊ូរត់ទាញយកចៅចេញពីក្នុងរថយន្តតាំងពីលើថ្នល់ចុះដល់ក្រោមទើបទាញចេញបានក៏ដួលទាំងយាយ និងចៅដេកទៅលើដីត្រូវរថយន្តកិនចំពីលើស្មងជើងចៅប្រុស តែសំណាងល្អដីទន់មិនបណ្តាលឲ្យរងរបួសធ្ងន់ឡើយ ។
នេះជាសំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់ដែលរថយន្តមិនក្រឡាប់ ប្រសិនបើក្រឡាប់ប្រាកដជាសង្កត់ពីលើយាយ និងចៅស្លាប់មិនខាន ហើយរថយន្តក៏បន្តល្បឿនចុះទៅក្នុងទឹកស្រះហាវថ្នល់លិចពាក់កណ្តាលរថយន្តរលត់ម៉ាស៊ីនទៅមុខលែងរួចបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកស្រុកនាំគ្នាមកចងខ្សែជួយអូសឡើងគោកវិញ និងជួយដឹកកុមារារងគ្រោះ និងយាយយកទៅគ្លីនិកឯកជននៅផ្សារល្វាដើម្បីពិនិត្យ និងសង្គ្រោះ។
គ្រូពេទ្យប្រាប់ថា មិនបាក់ឆ្អឹងទេគ្រាន់តែជាំសាច់ប៉ុណ្ណោះនេះពិតជាសំណាងមែន។ ក្រុមគ្រួសារជនរងគ្រោះប្រាប់ឲ្យដឹងថា ពួកគាត់បានមកពីរាជធានីភ្នំពេញទៅស្រុកកំណើតនៅខេត្តស្វាយរៀង ហើយបានទៅចូលរួមបុណ្យឆ្លងពិធីបុណ្យភ្ជុំបិណ្ឌក្រោយពីវេចង្ហាន់បិណ្ឌបាត្រ និងទេយ្យទានប្រគេនព្រះសង្ឃរួចក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ លុះពេលមកដល់ចំណុចកើតហេតុកូនៗឈឺបត់ជើងតូចក៏ឲ្យឪពុកអ្នកបើកបរឈប់អែបខាងដើម្បីចុះបត់ជើង ដឹងអីប្តីគាត់ចុះចោលដៃចង្កូតមិនបានពន្លត់ម៉ាស៊ីនរថយន្ត និងភ្លេចដោះលេខទើបរថយន្តទៅមុខរេចង្កូតធ្លាក់ពីលើថ្នល់ជាតិ សំណាងហើយសំយ៉ាបថ្នល់ ក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបថ្ម និងរែងសំណាញ់ការពារបាក់ច្រោះដោយមានជម្រាលបន្តិចផងខ្ពស់មែន តែមិនក្រឡាប់ដោយរថយន្តទៅមុខយឺតៗ ហើយអ្នកជិះក្នុងរថយន្តទាំងចាស់ក្មេងមាន៦នាក់៕




ចែករំលែកព័តមាននេះ