រាជធានីភ្នំពេញ ៖ ជនសង្ស័យបែកថ្នាំហែករបងលួសចូលប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនបានសម្រេច២ដង ត្រូវម្ចាស់ផ្ទះចាប់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅអប់រំ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ តុលា នៅភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ផ្ទះឈ្មោះ ធី បូនី ភេទប្រុស អាយុ៣៧ឆ្នាំ ជាជាងសំណង់ រស់នៅកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ អាមាស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយប្រាវ ស្រាប់តែឮសូរសំឡេងឆ្កែព្រូស គាត់ក៏ចេញទៅបើកទ្វារមើល ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងហែករបងលួសលូនចូលក្នុងផ្ទះគាត់លក់គ្រឿងទេសប៉ុនប៉ងលួចទ្រព្យសម្បត្តិ ពេលជនសង្ស័យឃើញគាត់បើកទ្វារចេញមកក៏រត់គេចខ្លួនបាត់ ភ្លាមៗនោះគាត់បានទូរស័ព្ទប្រាប់សាច់ញាតិឲ្យជួយព័ទ្ធចាប់តែចាប់មិនបាន ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានមកពួនក្បែររថយន្តនៅជាប់របង រួចបានហែករបងលួសលូនចូលបានពាក់កណ្តាលខ្លួនទៀត គាត់ក៏បើកទ្វារចេញមកម្តងទៀតឃើញក៏ហើយស្រែកហៅអ្នកជិតខាងឲ្យជួយចាប់បានរួចវាយមួយដៃមួយជើងទ្រមខ្លួនហើយក៏ដឹកយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ តែម្ចាស់ផ្ទះមិនបានដាក់ពាក្យបណ្តឹងទេ គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការអប់រំនិងដោះលែងវិញ ៕
ចែករំលែកព័តមាននេះ