ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី១១ តុលា ២០១៥ កន្លងមក បន្ទាប់ពីបុរសរូបនេះជិះម៉ូតូដួលបែកក្បាលហូរឈាម ពេលទៅជួយអន្តរាគមន៍ស្រាប់តែឃើញក្នុងកាបូបមានកាំភ្លើងខ្លី ស្លាកលេខម៉ូតូ និងសម្ភារជាច្រើនទៀត ។ ដោយមានការសង្ស័យសមត្ថកិច្ចក៍ហៅមកសួរនាំក៍បែកធ្លាយរឿងលួចម៉ូតូពីខេត្តបាត់ដំបងតែម្ដង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១០ តុលា ២០១៥ ត្រង់ចំណុចស្ពានថ្ម ភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ។
លោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ខណៈដែលកម្លាំងសមត្ថកិច្ចធ្វើការពង្រឹងកម្លាំងការពារតាមគោលដៅនីមួយៗដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ស្រាប់តែនៅយប់ថ្ងៃទី១០ តុលា នោះ មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត លុះមកដល់ភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ក៏បុកស្ពានថ្មបណ្ដាលឲ្យដួលបែកក្បាលហូរឈាមកក្លាក់ ឃើញដូច្នេះកម្លាំងដែលឈរជើងនៅគោលដៅនោះបានជួយអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកានទាំងយប់ ។
ក្រោយមកសមត្ថកិច្ចពិនិត្យក្នុងកាបូបស្រាប់តែឃើញមានកាំភ្លើងខ្លីមួយដើម និងគ្រាប់៦គ្រាប់ ស្លាកលេខម៉ូតូចំនួន២ (បន្ទាយមានជ័យ1K-4566 និងបាត់ដំបង1Q-2632) តួណឺវីសធំ២ តូច២ សោខ្សៀរ២ សោចិញ្ចៀន២ សោអក្សរT១ ថ្នាំបាញ់មួយកំប៉ុង សោម៉ូតូ២ និងសម្ភារមួយចំនួនទៀត ដោយមានការសង្ស័យសមត្ថកិច្ចក៍ហៅទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រាប់តែបែកធ្លាយរឿងលួចទៅវិញ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនឈ្មោះ សោម ភឿន អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ម៉ូតូនេះខ្លួនបានលួចកាច់សោពីខេត្តបាត់ដំបង បម្រុងយកទៅលក់នៅភ្នំពេញ ប៉ុន្តែទើបតែជិះមកដល់ឃុំស្វាយដូនកែវក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុកស្ពានដួលសន្លប់តែម្ដង ។
ករណីនេះ សមត្ថកិច្ចខេត្តពោធិ៍សាត់បានទាក់ទងទៅខាងសមត្ថកិច្ចខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវបន្ត ចំណែកជនសង្ស័យបានបញ្ជូនទៅសាលាដំបូងកាលពីថ្ងៃទី១២តុលា ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕



ចែករំលែកព័តមាននេះ