ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកវាលវែង ត្រូវឃាត់ខ្លួនបញូនទៅសាលាដំបូងខេត្ត ពីបទលាក់ទុកនិងប្រើប្រាស់អាវុធខុសច្បាប់កាលពីថ្ងៃទី១៣ តុលា ២០១៥ នៅភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ។
ជនសង្ស័យទាំង៣នាក់ខាងលើនេះ មាន ១-ឈ្មោះ ម៉ោល ម៉េង ភេទប្រុស អាយុ៤៧ឆ្នាំ (ម្ចាស់អាវុធ) ២-ឈ្មោះ ប៑ន បូ ភេទប្រុស អាយុ៤៨ឆ្នាំ (អ្នកប្រើប្រាស់) និង៣-ឈ្មោះ ជិំ សុជាតិ ភេទប្រុស អាយុ៤៤ឆ្នាំ។ ទាំង៣នាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកអាវុធធុនអាកាស្វាយបត់ មានគ្រាប់២គ្រាប់ និងមានគុណភាព៧០%។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ដោយសារប៉ុន្មានថ្ងៃមុនពួកគេផឹកស៉ីស្រវឹងឈ្លោះប្រកែកនិងគំរាមបាញ់សម្លាប់គ្នា ពេលនោះប្រជាពលរដ្ឋភ័យខ្លាចមករាយការណ៍ប្រាប់សមត្ថកិច្ច លុះពេលសមត្ថកិច្ចចម្រុះមាននគរបាល ប៉េអឹម និងប្រជាការពារ ចុះទៅឆែកឆេរមើលផ្ទះ ឈ្មោះ ប៑ន បូ ឃើញមានកាំភ្លើងម៉ាកអាកាស្វាយបត់មួយដើម ដែលមាន២គ្រាប់ ក៍ចាប់ឃាត់ខ្លួន និងបានស្រាវជ្រាវឃាត់ខ្លួន២នាក់ទៀតបញ្ជូនទៅកាន់សាលាដំបូងខេត្តពីបទលាក់ទុក និងប្រើប្រាស់អាវុធខុសច្បាប់ ៕
ចែករំលែកព័តមាននេះ