ទីក្រុងប៉េកំាង ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនៅប៉ុន្មាននាទីមុននេះថា បានសរសេរមានខ្លឹមសារទំាងស្រុងថា ”ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានផ្តល់កិត្តិយសជួបសំណេះជាមួយសិស្សនិស្សិតជាច្រើនរយនាក់ នៅសាលប្រជុំសណ្ឋាគារ Raffles នាទីក្រុងប៉េកាំង ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ផងដែរ។
ទន្ទឹមនឹងការចូលរួមគម្រប់ខួបបីឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅព្រឹកម៉ិញនេះ សម្តេចតេជោ ក៏បានរំឭកផងដែរអំពីការខិតខំប្រឹងប្រែងរបស់សម្តេចផ្ទាល់ និងគណបក្សប្រជាជនក្នុងការការពារព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់កម្ពុជា។ ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា-ចិន តាំងពីជំនាន់សម្តេចតា គឺបានធ្វើអោយប្រទេសទាំងពីរ មានភាពជិតស្និទ្ធខ្លាំង។
មហាមិត្តចិនមិនចង់បានអ្វីពីកម្ពុជាទេ គឺចង់ឃើញប្រទេសជាតិយើងរីកចម្រើន។ សម្តេចឪ សម្តេចតា សម្តេចតាទួត និងសម្តេចតេជោ គឺបានពង្រឹងទំនាក់ទំនងល្អជាមួយប្រមុខដឹកនាំចិន ហើយគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយចិនតែមួយ ។ សម្តេចតេជោ បានខិតខំបន្តបង្រឹងនូវវប្បធម៍មិត្តភាពនិងសហប្រតិបត្តិការចិនកម្ពុជាគ្រប់កម្រិតទាំងអស់ ដើម្បីប្រទេសទាំងពីរកាន់តែជិតស្និទ្ធខ្លាំងថែមទៀត។ ប្រទេសចិនមានការពេញចិត្តខ្លាំងណាស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ។ នេះជាដំណឹងល្អសម្រាប់កម្ពុជាទាំងមូល គឺប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ១ពាន់លានយ័ន្ត(ប្រហាក់ប្រហែលនឹង១៥៧លាន៦សែនដុល្លារសហរដ្ឋអាមេរិក)ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដែលនឹងមានពិធីចុះហត្ថលេខានៅពេលដ៏ខ្លីខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់សិស្ស និស្សិត និងយុវជនកម្ពុជាទូទាំងប្រទេស។ សម្តេចបានផ្តាំផ្ញើដល់សិស្ស និស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសចិនទាំងអស់ អោយខិតខំសិក្សា និងគោរពវិន័យសាលាឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងគោរពច្បាប់ប្រទេសចិនឲ្យបានល្អ។ សម្តេចទាំងទ្វេបានឧបត្ថម្ភដល់សិស្សនិស្សិតដែលបានមកចូលរួមថ្ងៃនេះក្នុងម្នាក់ៗចំនួន ៣០០ ដុល្លារ ដើម្បីសម្រួលបន្ថែមដល់ជីរវភាពរស់នៅ និង សិក្សានៅក្នុងប្រទេសចិន “៕








ចែករំលែកព័តមាននេះ