ខេត្តសៀមរាប ៖ សណ្ឋាគារ The Luxury Concept ត្រូវអគ្គិភ័យលេបត្របាក់អស់មួយបន្ទប់ជាន់ក្រោមទាំងព្រឹកព្រលឹម បណ្តាលឱ្យភ្ញៀវបរទេសភ័យនាំគ្នារត់ចេញក្រៅបន្ទប់ និងបានអ្នកជិតខាង និងក្រុមគ្រួសារ ភ្ញាក់ផ្អើលនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួន១០បំពង់តូចធ្វើឱ្យភ្លើងរលត់ដោយជោគជ័យ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ តុលា នេះ ស្ថិតនៅចំណុចជាប់របងអតីតមន្ទីរអប់រំយុវជន និងកីឡាខេត្ត ទល់មុខផ្ទះសំណាក់ យីហោឡេ ឌីបាក់ ក្នុងក្រុមទី១៤ ភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមសម្តីពីម្ចាស់សណ្ឋាគារបានប្រាប់ថា មុនកើតហេតុលោកមិនបានដឹងថា មានភ្លើងឆេះចេញពីបន្ទប់នោះទេ ព្រោះបន្ទប់ដែលឆេះនេះគ្មានភ្ញៀវស្នាក់នៅទេ ហើយម្ចាស់បានដោតកង្ហារទុកនៅក្នុងបន្ទប់នោះចោល ស្រាប់តែហុយផ្សែងចេញពីក្នុងបន្ទប់ជាន់ក្រោមនោះ ម្ចាស់សណ្ឋាគារបានសន្និដ្ឋានថា មកពីទុស្សេខ្សែកង្ហារនោះ ទើបបានទូរស័ព្ទទៅប្រាប់មេប៉ុស្តិ៍ស្វាយដង្គំឱ្យមកជួយអន្តរាគមន៍ដើម្បីហៅឡានទឹក ប៉ុន្តែមួយសន្ទុះហើយនៅមិនឃើញឡានទឹករបស់នគរបាល រហូតដល់ឆេះហុយខ្លាំងទៅៗគ្មាននរណាចូលពន្លត់បានឡើយ មានតែប្រើបំពង់បាញ់ពន្លត់អស់ចំនួន១០បំពង់ហើយ ទើបឃើញឡានទឹករបស់កងរាជអាវុធហត្ថខេត្តមកដល់ជួយបាញ់ពន្លត់រលត់ទាំងស្រុង៕
















ចែករំលែកព័តមាននេះ