ប្រទេសថៃ ៖ អុីអនដែលជាប្រតិបត្តិករនៃផ្សារទំនើប MaxValu និងមីនីម៉ាត Tanjai បានចាប់ផ្តើមវិនិយោគជាមួយគម្រោងលក់រាយធំមួយ បន្ទាប់ពីព្យួរការពង្រីកអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៧ មក ។
បច្ចុប្បនេះក្រុមហ៊ុនបានបើកផ្សារទំនើបជាលក្ខណៈទ្រង់ទ្រាយតូចៗនៅស្រុក Si Racha ខេត្ត Chonburi ដើម្បីបម្រើតម្រូវការអតិថិជនដែលកំពុងកើនឡើង ពិសេសជនជាតិជប៉ុនដែលធ្វើការនៅទីនោះ ។
ប្រភពពីក្រុមហ៊ុនឱ្យដឹងថា ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជប៉ុន អីុអន គ្រុប (Japanese Aeon Group) ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ជាមួយនឹងការរំពឹងទុកដើម្បីជំរុញការលក់នឹងឈានដល់១៦ប៊ីលានដុល្លារនៅឆ្នាំ២០២០ ។
មុននឹងបើកដំណើរការនៅប្រទេសថៃ ផ្សារទំនើបអុីអន គ្រុប បានបើកហាងលក់រាយជាច្រើននៅក្នុងទីផ្សារអាស៊ាន រួមទាំងប្រទេសឥណ្ឌូណេស៊ី វៀតណាម និងកម្ពុជាផងដែរ ។
ក្រុមហ៊ុននេះបានចំណាយប្រាក់ប្រហែល ៣០០លានបាតដើម្បីអភិវឌ្ឍផ្សារទំនើបអីុអន Sriracha នៅក្បែរមហាវិទ្យាល័យ Assumption College Sriracha ។
មជ្ឈមណ្ឌលផ្សារទំនើបនេះ មានកម្ពស់៣ជាន់ ស្ថិតនៅលើទំហំដី១១.០០០ម៉ែត្រការ៉េ ដែលនឹងបម្រើអតិថិជនជប៉ុន ថៃ និងជនជាតិផ្សេងទៀតដែលធ្វើការ និងរស់នៅក្បែរនោះ ។
ប្រភពនិយាយថា «អតិថិជនចម្បង គឺជាស្ត្រីមេផ្ទះជប៉ុន ដែលពួកគេមានពេលទំនេរក្នុងការដើរទិញអីវ៉ាន់ក្នុងហាង និងទទួលទានអាហារក្នុងផ្សារទំនើបរបស់យើង ។ ពួកគេចូលចិត្តដើរផ្សារនៅក្នុងបរិយាកាសបែបជប៉ុន» ។ អុីអន Sriracha ត្រូវបានហ៊ុមព័ទ្ធដោយផ្ទះគ្រួសារជនជាតិថៃ និងជប៉ុនចំនួន១.៣០០គ្រួសារ ជាមួយនឹងការចំណាយខ្ពស់ ព្រមទាំងអាចចតរថយន្តបាន២២០គ្រឿង ។
មានហាងចំនួន២១កន្លែងនៅក្នុងមជ្ឈមណ្ឌលនេះដែលផ្តល់សេវាតាមបែបជប៉ុន ។ ផ្សារទំនើប MaxValu ផ្តល់សេវាកម្មពេញ២៤ម៉ោង ខណៈក្រុមហ៊ុនដទៃទៀតដូចជា Ringer Hut Nagasaki Champon ជាភោជនីយដ្ឋានអាហារស្រាប់របស់ប្រទេសជប៉ុនមួយមានសាខាជាង៦០០នៅទូទាំងពិភពលោក និង Tackle Berry ជាក្រុមហ៊ុនលក់ដងសន្ទូចធំជាងគេរបស់ជប៉ុនផងដែរ ។ ចំណែកស្រុក Si Racha ក៏មានផ្សារក្នុងសហគមន៍របស់ជប៉ុនដែរ គឺ J-Park Sriracha ។
នេះជាលើកដំបូងក្នុងរយៈពេល១៨ឆ្នាំដែលអុីអន (ប្រទេសថៃ) បានវិនិយោគក្នុងគម្រោងការលក់រាយធំមួយនៅក្នុងប្រទេសថៃ បន្ទាប់ពីមានការផ្អាកផែនការពង្រីកខ្លួនដោយសារវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ១៩៩៧ ។
អីុអន គ្រុប មានវត្តមាននៅក្នុងប្រទេសថៃអស់រយៈពេលជាង៣០ឆ្នាំមកហើយ ។ បច្ចុប្បន្ននេះ អីុអន (ប្រទេសថៃ) មានហាងចំនួន៧៨ សម្រាប់លក់រាយ ដោយមាន៤៨មីនីម៉ាត Tanjai និងផ្សារទំនើប MaxValu ចំនួន៣០ ។
ក្រៅពីការអភិវឌ្ឍរូបរាងថ្មីរបស់ខ្លួននៅស្រុក Si Racha ក្រុមហ៊ុននេះនឹងជួយពង្រឹងម្ហូបអាហារ និងបច្ចេកវិទ្យារបស់ខ្លួនដើម្បីគាំទ្រការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២០ ។
អីុអន គ្រុបមានផែនការពង្រីកអាជីវកម្មលក់រាយនៅក្រៅទីក្រុងបាងកក ជាពិសេសនៅតាមបណ្តាខេត្តភាគឦសានដូចជា ខេត្ត Ubon Ratchathani និងខេត្ត Udon Thani នៅក្នុងការដេញថ្លៃមួយដើម្បីទាញយកប្រយោជន៍ពីឱកាសពាណិជ្ជកម្មតាមព្រំដែនរីកចម្រើន ក្រោយពីការចាប់ផ្តើមនៃសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំនេះ ។
កាលពីមុន អីុអន (ប្រទេសថៃ)បានប្រកាសពីគម្រោងបើកហាង MaxValu ចំនួន៤០កន្លែង នៅឆ្នាំក្រោយ ហើយនឹងបន្ថែមចំនួន១០០កន្លែង ជារៀងរាល់ឆ្នាំក្នុងរយៈពេល៤ឆ្នាំ រហូតដល់ឆ្នាំ២០២០ និងមានចំនួនសរុប៥០០សាខា ។
ក្នុងចំណោមហាងចំនួន៥០០កន្លែង មាន៤០០កន្លែងជាប្រភេទមីនីម៉ាត Tanjai និង ១០០កន្លែងទៀតស្ថិតក្រោមម៉ាកផ្សារទំនើប MaxValu ។ ការលក់ក្នុងផ្សារទំនើប MaxValu ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់៦,៦ប៊ីលានបាតក្នុងឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ