រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មបានថ្លែងអះអាងថា អង្ករថ្មគោល គឺជាប្រភេទផលិតផលដែលមានសក្តានុពលមួយដែលនឹងត្រូវពិចារណាក្នុងដាក់បញ្ចូលជាផលិតផលសម្គាល់ភូមិសាស្ត្រ(G.I)នាពេលឆាប់ៗខាងមុខនេះ ។
កន្លងមក ខាងផ្នែកនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានសិក្សាបឋមទៅលើផលិតផល៣មុខមាន អង្ករថ្មគោល សូត្រភ្នំស្រុក និងទុរេនកំពត ដែលគ្រោងនឹងដាក់បញ្ចូលទៅក្នុងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ។ តែដោយឡែកអង្ករថ្មគោល ខាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអ្នកជំនាញមកពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នឹងចុះធ្វើការសិក្សាឲ្យលម្អិតបន្ថែមលើផលិតផលនេះ បន្ទាប់ពីម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ បានដាក់ចូលរួចរាល់ ។
លោក ស៊ីម សុខខេង ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កន្លងមក ក្រសួងបានសិក្សាលើផលិតផលសក្តានុពល៣មុខដែលគ្រោងនឹងដាក់បញ្ចូលទៅក្នុងម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រនោះមានដូចជា អង្ករថ្មគោល សូត្រ ភ្នំស្រុក និងទុរេនកំពត ។ តែអង្ករថ្មគោល នៅចុងខែកញ្ញា មានអ្នកជំនាញការមកពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចុះជួយខាងក្រសួងដើម្បីធ្វើការសិក្សាឲ្យលម្អិតក្នុងការបញ្ចូលផលិតផលមួយនេះទៅក្នុងផលិតផលសម្គាល់ភូមិសាស្ត្រ បន្ទាប់ពីម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ។
លោកបន្តថា ៖ « នៅពេលកន្លងមកអង្ករថ្មគោលនេះ យើងបានសិក្សាបានប្រហែល២៥%។ នៅថ្ងៃខាងមុខ យើងរួមនឹងអ្នកជំនាញការ នឹងចុះទៅដល់តំបន់ថ្មគោល និងតំបន់ជុំវិញដើម្បីយើងចងក្រងជាឯកសារព័ត៌មានបន្ថែម ហើយក្នុងនោះ ខាងកសិករត្រូវចងក្រងជាសមាគមរួមគ្នាដើម្បីទទួលបានប្រយោជន៍ផងដែរ » ។
ទាក់ទងនឹងរយៈពេលការសិក្សាទៅលើផលិតផលនីមួយៗដើម្បីបញ្ចូលទៅក្នុងម៉ាកសម្គាល់ភូមិសាស្ត្រដូចជា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ត្រូវចំណាយពេលវេលាជាង៣ឆ្នាំ ប៉ុន្តែសម្រាប់អង្ករថ្មគោលនេះ លោក ស៊ីម សុខខេង មានប្រសាសន៍ថា នៅពេលអង្ករថ្មគោលបានចុះបញ្ជីម៉ាកសម្គាល់ទំនិញភូមិសាស្ត្រ នោះផលប្រយោជន៍ទទួលបានមិនខុសពីផលិតផលម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺនោះឡើយ ហើយលោករំពឹងថា នឹងខិតខំពន្លឿនឲ្យបានឆាប់ៗ ។
អគ្គនាយករោងម៉ាស៊ីនកិនស្រូវដូនអឿនស្រីម៉ៅ លោក លី អេង មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះគម្រោងមួយនេះ ដោយលោកបានអះអាងថា ការណ៍នេះនឹងជួយដល់ការរក្សាបាននូវឈ្មោះល្បីរបស់អង្ករនេះ ។
លោកបានមានប្រសាសន៍ថា ៖ « បើយើងមើលតាមផ្លូវច្បាប់វាគឺរឿងល្អ ព្រោះគ្មានអ្នកណាអាចក្លែងបន្លំនូវម៉ាកអង្ករយើងបានថា អង្ករថ្មគោលជារបស់ខ្មែរ ។ ប៉ុន្តែបើនិយាយការប្រើប្រាស់ក្នុងផ្នែកពាណិជ្ជកម្ម វាពាក់ព័ន្ធនឹងតម្លៃ ដោយអត្ថប្រយោជន៍គ្រាន់តែជាការការពារនូវការក្លែងបន្លំទេ ប៉ុន្តែកម្លាំងចូលទីផ្សារ ពាក់ព័ន្ធនឹងតម្លៃប្រកួតប្រជែងជាមួយវៀតណាម និងថៃ តើគុណភាពអង្ករយើងមានតម្លៃសមរម្យក្នុងការចូលទៅក្នុងទីផ្សារអន្តរជាតិឬនៅ ? » ។
ទោះបីយ៉ាងណា លោកបន្តថា បច្ចុប្បន្នក្រសួងគួរតែដោះស្រាយបញ្ហាលំបាករបស់កសិករដូចជា ពូជថ្លៃ ជីថ្លៃ ប្រព័ន្ធធារាសាស្ត្រមិនទាន់គ្រប់គ្រាន់ រួមនឹងបច្ចេកទេសដាំដុះជាដើម ។ ដោយឡែករឿងម៉ាកសម្គាល់ភូមិសាស្ត្រហាក់ដូចមិនទាន់មានភាពចាំបាច់នៅឡើយទេ ។
គួររំឭកផងដែរថា កន្លងមក ក្រសួងពាណិជ្ជ កម្មមានផែនការបញ្ចូលផលិតផលសក្តានុពលចំនួន២២ប្រភេទជាផលិតផលសម្គាល់ភូមិសាស្ត្រ មានដូចជា ម្រេចគិរីវង់ កាហ្វេរតនគិរី សាច់ក្រកសៀមរាប ប្រហុកត្រីកំភ្លាញសៀមរាប ផាមួងកោះដាច់ សូត្រភ្នំស្រុក ក្រូចថ្លុងស្ទឹងត្រែង ម្នាស់ទឹកឃ្មុំស្ទឹងត្រែង ទុរេន កំពត ទឹកត្រីកំពត ក្រូចពោធិ៍សាត់បាត់ដំបង អង្ករបាត់ដំបង ណែមបាត់ដំបង អង្ករនាងអំ ក្រូចថ្លុងកោះទ្រង់ ក្រឡានក្រចេះ ហូលព្រែកចង្ក្រាន បង្កងតាកែវ ពងទា/ពងទាកូនស្រែននោង អង្ករស្វាយក្រហមស្វាយរៀង ក្រវាញ ពោធិ៍សាត់ និងអំបិល/អំបិលក្រួសកំពត ដែលសុទ្ធសឹងតែជាផលិតផលសក្តានុពល ត្រូវបានបញ្ចូលក្នុងបញ្ជីសម្រាប់ដាក់ចូលជា G.I ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកផងដែរថា ម៉ាកសម្គាល់ភូមិសាស្ត្រសំដៅដល់ឈ្មោះឬសញ្ញាសម្គាល់ផ្សេងៗដែលប្រើប្រាស់លើផលិតផលដើម្បីកំណត់អត្តសញ្ញាណទំនិញដែលមានប្រភពដើមចេញពីភូមិសាស្ត្រជាក់លាក់ណាមួយ ។
លោកបានបន្ថែមថា វិញ្ញាបនបត្របញ្ជាក់ម៉ាកG.Iនេះ នឹងជួយឲ្យប្រជាកសិករ និងអ្នកផលិតមានជីវភាពប្រសើរឡើងតាមរយៈការបង្កើនផលិតកម្ម និងតម្លៃនៃមុខទំនិញ ។
ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ គឺជាផលិតផលកម្ពុជាដំបូងគេដែលទទួលបានការទទួលស្គាល់ដោយអង្គការពាណិជ្ជកម្មពិភពលោក ជាទំនិញសម្គាល់ភូមិសាស្ត្រកាលពីឆ្នាំ២០១០ ។
ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ កំពុងតែត្រូវបាននាំចេញទៅកាន់ប្រទេសនៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េ ចិន ជប៉ុន បារាំង និងអង់គ្លេស ជាដើម ក្នុងតម្លៃខ្ពស់ ៕
ចែករំលែកព័តមាននេះ