ខេត្តបាត់ដំបង ៖ វិស័យធានារ៉ាប់រងបច្ចុប្បន្នកាន់តែមានភាពទូលំទូលាយ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាម្ចាស់សហគ្រាសយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណធានារ៉ាប់រងដើម្បីការពារទ្រព្យសម្បត្តិ អាយុជីវិត និងមុខជំនួញ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិមួយចំនួនបាននិងកំពុងវិនិយោគ និងពង្រីកវិសាលភាពរបស់ខ្លួននៅកម្ពុជាផងដែរ ។ ជាក់ស្ដែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ ក៏បានពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយបង្កើតការិយាល័យថ្មីមួយទៀតនៅខេត្តបាត់ដំបង ដែលជាខេត្តមួយមានសក្ដានុពលសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិត ។ ការិយាល័យសាខាថ្មីនេះ ជាការិយាល័យសាខាទី៣ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ បន្ទាប់ពីការិយាល័យសាខានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធជាផ្លូវការនូវការិយាល័យសាខាថ្មីនៅខេត្តបាត់ដំបង កាលពីថ្ងៃទី៩ តុលា ថា ៖ «ខេត្តបាត់ដំបង ជាខេត្តមួយមានប្រជាពលរដ្ឋច្រើនរហូតដល់១៤ម៉ឺននាក់ ។ ជាទីក្រុងធំលំដាប់ទី២ របស់ប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតជាងគេនៅកម្ពុជាក្នុងឆ្នាំ២០១៥ ផងដែរ ។ ការបើកការិយាល័យសាខាថ្មីមួយទៀតរបស់មេនូឡាយហ្វ៍នៅខេត្តបាត់ដំបងនេះ គឺដើម្បីផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ដើម្បីជួយការពារហិរញ្ញវត្ថុ និងកញ្ចប់ថវិកាសម្រាប់ការសិក្សារបស់បុត្រធីតារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងផងដែរ» ។
លោកបន្តថា ៖ «មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបរទេសដំបូងគេបំផុតដែលបានមកធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដើម្បីការពារហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា។ កាលពីដើមឡើយ មានប្រជាពលរដ្ឋកម្ពុជាតិចតួចបំផុត ដែលបានស្គាល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ បុ៉ន្តែពេលនេះមានប្រជាពលរដ្ឋប្រមាណជា៩០% នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបបានស្គាល់ក្រុមហ៊ុនមេនូឡាយហ្វ៍» ។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ៖ «បច្ចុប្បន្ន យើងកត់សម្គាល់ឃើញថា ប្រតិបត្តិករធានារ៉ាប់រងអាយុជីវិតបាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការពង្រីកវិសាលភាពរបស់ខ្លួនលើទីផ្សារធានារ៉ាប់រងនៅកម្ពុជា។ ដោយផ្ដើមបង្កើតឱ្យមានទីកន្លែងសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សលើមុខជំនាញធានារ៉ាប់រង ការបើកឱ្យមានការិយាល័យសាខានៅតាមបណ្ដាខេត្តសក្ដានុពល និងការអភិវឌ្ឍផលិតផលថ្មីៗស្របទៅតាមតម្រូវការជាក់ស្ដែងនៅកម្ពុជា ជាដើម» ។
លោកជំទាវបន្តថា ៖ «ចំណុចទាំងអស់នេះ សរឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងដោយប្រយោលរបស់ប្រតិបត្តិករធានារ៉ាប់រងក្នុងបុព្វហេតុសេដ្ឋកិច្ច និងសង្គម ។ ឧទាហរណ៍ ដើមទុនរបស់មេនូឡាយហ្វ៍ កាលពីទទួលបានអាជ្ញាប័ណ្ណដំបូងមានចំនួនតែ៧លានដុល្លារអាមេរិក ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ២០១៥ ដើមទុនរបស់ក្រុមហ៊ុនបានកើនឡើងរហូតដល់២៨,៥លានដុល្លារអាមេរិក» ។
លោក សុខ គង់ អភិបាលរងខេត្ត មានប្រសាសន៍ថា ៖ «សកម្មភាពការងាររបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាកម្មលើការធានារ៉ាប់រងលើសុខភាព ធានារ៉ាប់រងលើយានយន្ត និងធានារ៉ាប់រងការសាងសង់ជាដើម ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត រដ្ឋបាលគ្រប់ថ្នាក់ និងអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ទីរ-ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក៏បានខិតខំជំរុញ និងអភិវឌ្ឍលើវិស័យឯកជននេះដើម្បីទាក់ទាញវិនិយោគទុនពីបណ្ដាវិស័យឯកជន ជាពិសេសផ្នែកកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃ វេចខ្ចប់ និងការជំរុញវិស័យវិនិយោគឯកជនដូចជា ផ្នែកផលិតកម្ម សេវាកម្ម សេដ្ឋកិច្ច ធនាគារ ហិរញ្ញវត្ថុ ដែលកំពុងធ្វើសកម្មភាពដោយខិតខំអនុវត្តសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋជាច្រើនផងដែរ» ។
បើយោងតាមប្រធានសមាគមធានារ៉ាប់រងកម្ពុជា ប្រាក់ចំណូលនៅក្នុងឧស្សាហកម្មធានារ៉ាប់ រងទូទៅនៅកម្ពុជា បានកើនឡើង២០ភាគរយ ដែលមានចំនួន៣២,២លានដុល្លារក្នុងរយៈពេល ៦ខែដំបូងឆ្នាំ២០១៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន២៦,៨ លានដុល្លារ ។
ប្រាក់ចំណូលភាគច្រើនបានមកពីសេវាធានារ៉ាប់រងលើអគ្គិភ័យដែលមានចំនួន៣៨,៧ភាគរយ សំណង់វិស្វកកម្មមាន៦,៦ភាគរយ សុខភាពមានចំនួន១៦,៣ភាគរយ គ្រោះថ្នាក់បុគ្គល ៧,៥ភាគរយ និងចំណូលបានមកពីការធានារ៉ាប់រងយានយន្តមានចំនួន១៥,៨ភាគរយ។
បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងប្រមាណ១១ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងចំនួន៦ ផ្តោតលើសេវាធានារ៉ាប់រងទូទៅ ៣ក្រុមហ៊ុនផ្តោតលើការធានារ៉ាប់រងអាយុជីវិត និង២ក្រុមហ៊ុនផ្តោតលើសេវាធានារ៉ាប់រងខ្នាតតូច ៕
ចែករំលែកព័តមាននេះ