ខេត្តកំពង់ស្ពឺ ៖ មនុស្ស៣នាក់ត្រូវបាននគរបាលស្រុកឱរ៉ាល់សហការជាមួយនគរបាលខេត្តឃាត់ខ្លួន ដោយជាប់សង្ស័យក្នុងករណីឃាតកម្មកាប់សម្លាប់បុរសចំណាស់ម្នាក់ក្នុងរឿងគំនុំ និងប្លន់យកទ្រព្យសម្បត្តិ។
ការឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី១៤ តុលា ២០១៥ នៅចំណុចភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ។
ជនរងគ្រោះមានឈ្មោះលី សេងលីម ភេទប្រុស អាយុ៦៣ឆ្នាំ រីឯក្រុមជនសង្ស័យ ១-ឈ្មោះស្វាយ ជា ភេទប្រុស អាយុ៥៦ឆ្នាំ ២-ឈ្មោះសក ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ៣-ឈ្មោះតៀង ចិត ភេទប្រុស អាយុ៣០ឆ្នាំ ទាំងជនរងគ្រោះ និងជនសង្ស័យរស់នៅកន្លែងឃាត់ខ្លួនខាងលើ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនមានការឃាត់ខ្លួននេះ នៅយប់ថ្ងៃទី១៣ តុលា ២០១៥ នៅផ្ទះជនរងគ្រោះកន្លែងកើតហេតុមានការជួបជុំគ្នាផឹកស៊ីតាំងពីក្បាលព្រលប់ លុះយប់ជ្រៅអ្នកខ្លះក៏ត្រឡប់ទៅផ្ទះវិញអស់ទៅ នៅសល់តែមនុស្ស៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះនៅផឹកជាមូយជនរងគ្រោះ។
ប្រភពបន្តថា លុះព្រឹកឡើងថ្ងៃទី១៤ តុលា ២០១៥ មានការភ្ញាក់ផ្ងើលថា តាលីមត្រូវគេកាប់ស្លាប់បាត់ទៅហើយ ពេលនោះម្នាក់ៗបានរាយការណ៍ទៅលោកមេភូមិ និងសមត្ថកិច្ចឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុតែម្តង។
លោកវរសេនីយ៍ត្រីប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ តុលា ២០១៥នេះថា ក្រោយពេលកើតហេតុសមត្ថកិច្ចរបស់លោកសហការជាមួយការិយាល័យជំនាញបានចុះទៅកន្លែងកើតហេតុបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យបាន៣នាក់។
លោកអធិការបន្តថា ជនសង្ស័យទាំង៣នាក់ ក្នុងនោះមានម្នាក់ជាគូជម្លោះជាមួយជនរងគ្រោះ ហើយ២នាក់ទៀត គឺជាកម្មករដែលនៅផឹកស៊ីជាមួយជនរងគ្រោះក្រោយគេ ក្នុងនោះជនឈ្មោះស្វាយ ជា សមត្ថកិច្ចរបស់លោកតាមចាប់បាននៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ដែលជននេះរត់ទៅលាក់ខ្លួននៅទីនោះ ចំណែកជន២នាក់ទៀតឃាត់ខ្លួននៅភូមិកើតហេតុ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ករណីនេះផ្តើមចេញពីរឿងគំនុំទើបឈានដល់ការកាប់សម្លាប់បែបនេះណាមួយអាចជាករណីប្លន់ផងដែរ ព្រោះជនរងគ្រោះគឺជាអ្នកមានទ្រព្យសម្បត្តិ(ថៅកែល្ង)។ លោកអធិការបន្តទៀតថា តាមការពិនិត្យជនរងគ្រោះត្រូវក្រុមជនដៃដល់ចាប់អារ.ក(បំពង់ខ្យល់) និងមានស្នាមកាប់កញ្ចឹងកពីក្រោយច្រើនកាំបិតផងដែរ៕


ចែករំលែកព័តមាននេះ