រាជធានីភ្នំពេញ ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការកត់សម្គាល់ថា ពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅទីប្រជុំជន និងក្នុងរាជធានី ហាក់ដូចជាផ្លាស់ប្ដូរបរិបទនៃការរស់នៅច្រើន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់ផលិតផលល្បីៗ ទំនើបៗ និងបរិភោគអាហារដែលមានឈ្មោះល្បីៗ ទទួលសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុនមេនៅក្រៅប្រទេស ដូចជា BB World , KFC និងPizza World ជាដើម ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះក្រុមហ៊ុនដែលមានឈ្មោះល្បីលំដាប់អន្តរជាតិ ក៏បានសម្លឹងឃើញពីកាលានុវត្តភាពរបស់ខ្លួនក្នុងប្រទេសកម្ពុជាផងដែរ ។ ជាក់ស្ដែងដូចជាក្រុមហ៊ុន Cold Stone Creamery ជាក្រុមហ៊ុនការ៉េមធំមួយមានមូលដ្ឋាននៅតំបន់Scottsdale រដ្ឋArizona សហរដ្ឋអាមេរិក បានប្រកាសបើកសាខានៅរាជធានីភ្នំពេញ ជាលើកដំបូង ក្នុងរយៈពេល៦ខែទៀត ។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនការ៉េម Cold Stone Creamery ។
ក្រុមហ៊ុនបានឲ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំមុខទៀត ហាងការ៉េម Cold Stone Creamery នឹងបើកលក់នៅប្រទេសកម្ពុជា ចំនួន១៣កន្លែង និងការសម្ពោធទីតាំងដំបូងនៅរាជធានីភ្នំពេញ ក្នុងរយៈពេលជាង៦ខែទៀត ។
Kahala Brand TM ជាក្រុមហ៊ុនមេ និងជាម្ចាស់គ្រប់គ្រងហាងការ៉េម Cold Stone Creamery បានផ្តល់សិទ្ធិផ្ដាច់មុខឱ្យក្រុមហ៊ុន TH F&B Co. Ltd. (TH Group) ដើម្បីបើកដំណើរការនៅទូទាំងប្រទេសកម្ពុជា ដោយពង្រីកម៉ាកការ៉េម Cold Stone Creamery ចូលទៅក្នុងទីផ្សារប្រទេសកម្ពុជា ខណៈពលរដ្ឋខ្មែរកំពុងចាប់អារម្មណ៍លើផលិតផលដែលមានគុណភាពខ្ពស់ ។
លោក Hav Norm នាយកទីផ្សារប្រចាំក្រុម ហ៊ុន TH F&B Co Ltd. មានប្រសាសន៍ថា ៖ «កំណើន សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ដែលឆ្លុះបញ្ចាំងពីស្តង់ដានៃការរស់នៅមានភាពប្រសើរឡើង ។ ដូច្នេះហើយប្រជាពលរដ្ឋកម្ពុជាកំពុងស្វែងរកការធានារ៉ាប់រង និងម៉ាកមានគុណភាពខ្ពស់ដែលអាចទុកចិត្តបាន ។ Cold Stone Creamery គឺជាហាងការ៉េម ដែលមានការធានារ៉ាប់រងម៉ាកដ៏ទំនើបល្អឥតខ្ចោះនៅក្នុងទីផ្សាររបស់យើង» ។
លោក Eddy Jimenez អនុប្រធានជាន់ខ្ពស់នៃប្រតិបត្ដិការអន្ដរជាតិ និងការអភិវឌ្ឍនៅ Kahala មានប្រសាសន៍ថា ៖ «យើងមានទំនុកចិត្តខ្លាំងណាស់ចំពោះ TH Group ខណៈមានបទពិសោធន៍ជាង២០ឆ្នាំក្នុងប្រទេសកម្ពុជា និងមានការយល់ដឹងយ៉ាងច្បាស់ពីស្ថានភាពទីផ្សារ ។ TH Group យល់ពីតម្រូវការអតិថិជន យល់ពីចំណង់ចំណូលចិត្ត និងទស្សនៈអ្នកដឹកនាំអាជីវកម្មក្នុងប្រទេស ។ យើងរំភើបចិត្តនឹងការនាំយកការ៉េមលំដាប់ថ្នាក់អន្តរជាតិដល់អ្នកចូលចិត្តញ៉ាំការ៉េមនៅប្រទេសកម្ពុជា » ។
លោក Hav Norm មានប្រសាសន៍បន្តថា ៖ « អតិថិជននឹងរំភើបចិត្តជាមួយនឹងបទពិសោធន៍ការ៉េម Cold Stone Creamery ដែលការ៉េមក្នុងហាងនីមួយៗមានរសជាតិឆ្ងាញ់ ស្រស់ៗ និងការកម្សាន្តផ្សេងៗដល់អតិថិជនដែលចង់បានច្រើនជាងនេះ ។ យើងបានបំផុសគំនិតដោយវប្បធម៌ និងបេសកកម្មរបស់ហាងការ៉េម Cold Stone Creamery ដើម្បីធ្វើឱ្យមនុស្សមានសុភមង្គល»។
Cold Stone Creamery បានបន្តយុទ្ធសាស្ត្រពង្រីកវិសាលភាពយ៉ាងខ្លាំងក្លាចូលទៅក្នុងទីផ្សារអន្តរជាតិសំខាន់ៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការរីកលូតលាស់នៃ Cold Stone Creamery ក្នុងទីផ្សារអន្តរជាតិ បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៥ កន្លងមក ខណៈពេលហាងការ៉េម Cold Stone Creamery បានដំណើរការនៅក្រៅប្រទេសជាលើកដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ បច្ចុប្បន្ន ហាងការ៉េម Cold Stone Creamery កំពុងប្រតិបត្តិការនៅឆាកអន្ដរជាតិជាង៣០០កន្លែងក្នុងប្រទេសចំនួន២៦ រួមទាំងប្រទេសហ្វ៊ីលីពីន កូវ៉ែត កាតា ទ្រីនីដាដន នីហ្សេរីយ៉ា អេហ្ស៊ីប និងប្រទេសឥណ្ឌូណេស៊ី ៕


ចែករំលែកព័តមាននេះ